ទីលានហ្វឹកហាត់កម្រិតស្តង់ដារថ្មីចំនួន២ របស់ក្លឹបបឹងកេតគ្រោងបើកដំណើរការឱ្យហ្វឹកហាត់ នៅដើមឆ្នាំ២០២១

AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០

ក្លិបកីឡាបាល់ទាត់បឹងកេតបានសាសង់ទីលានហ្វឹកហាត់ស្តង់ដារចំនួន២ ដើម្បីអភិវឌ្ឍន៍​សមត្ថភាពក្រុមបាល់ឈុតធំ យុវជន និងបាល់ទាត់នារី ដែលគ្រោងនឹងបញ្ចប់រួចរាល់ នៅដើម​ឆ្នាំ២០២១ខាងមុខ។ នេះជាការបញ្ជាក់របស់លោក បែ មករា អ្នកចាត់ការទូទៅ ក្លឹបបាល់​ទាត់បឹងកេត។

អ្នកចាត់ការទូទៅក្លឹបបាល់ទាត់បឹងកេតរូបនេះបានឱ្យដឹងថា ក្លឹបកំពុងតែសាង​សង់​ទីលានសម្រាប់ហ្វឹកហាត់កម្រិតស្តង់ដារចំនួន២ នៅក្នុងសង្កាត់ព្រែកឯង តាមបណ្តោយ​ផ្លូវ​ជាតិលេខ១ រាជធានីភ្នំពេញ ដែលចាប់ផ្តើមសាងសង់ប្រមាណជា៣សប្តាហ៍មកហើយ។ លោកអះអាងទៀតថា ទីលានហ្វឹកហាត់ថ្មីនេះ សាងសង់នៅលើផ្ទៃដីទំហំប្រមាណជា​ជិត២ហិកតា មាន៣ទីលាន ២ទីលានប្រើប្រាស់ស្មៅធម្មជាតិ គឺមួយទីលានទៀត គឺទីលាន​ហ្វូតសាល ប្រើប្រាស់ស្មៅសិ​​ប្បនិមិត្តចំនួន១ ក្រៅពីនោះក៏មានអាគារស្នាក់នៅ​សម្រាប់​កីឡា​ករ កីឡាការិនី អំឡុងពេលប្រមូលផ្តុំហ្វឹកហាត់ផងដែរ។ អ្នកចាត់ការរូបនេះពន្យល់ទៀតថា មូលហេតុដែលក្លឹបបង្កើតទីលានផ្ទាល់ខ្លួនថ្មីកម្រិតស្តង់ដារនេះ ព្រោះក្លឹបមានចក្ខុវិស័យចង់​អភិវឌ្ឍន៍សមត្ថភាពកីឡាករ កីឡាការិនី របស់ក្លឹបឱ្យមានសក្តានុពល ដើម្បីប្រជែងដណ្តើម​ពាន​រង្វាន់ជូនក្លិបសម្រាប់ពេលខាងមុខ។ ជាមួយគ្នានេះ គោលបំណងធំមួយទៀតក្លឹបចង់ចូល​រួមចំណែកអភិវឌ្ឍន៍ផលិតធនធានថ្នាលបាល់ទាត់យុវជនឱ្យបានច្រើនជូនព្រះរាជាណាចក្រ កម្ពុជា សម្រាប់ត្រៀមការប្រកួតនានា ទាំងកម្រិតជាតិ និងអន្តរជាតិ ជាពិសេសសម្រាប់ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

គួររម្លឹកថា ក្លឹបបឹងកេត មានទីលានរបស់ក្លឹបមួយ ឈ្មោះថា Cambodia Air Way ដែល​បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សម្រាប់ការប្រកួតលីគកំពូលកម្ពុជា និងពានផ្សេងៗ។ រីឯការ​ប្រកួតលីគកំពូលវិញ ឆ្លងកាត់១៦ប្រកួត ក្លឹបបឹងកេត មិនទាន់ស្គាល់ពាក្យថាចាញ់​នៅ​ឡើយទេ គឺឈ្នះ១២ ស្មើ៤ មាន ៤០ពិន្ទុ ត្រូវការតែមួយពិន្ទុទៀតប៉ុណ្ណោះ ដើម្បីលើកពានលីគ កំពូលកម្ពុជា រដូវកាល ២០២០ ក្នុងជំនួបជាមួយក្លឹបភ្នំពេញក្រោន នៅកីឡដ្ឋាន RSN ។

បើតាមការបញ្ជាក់ពី លោក បែ មករា អ្នកចាត់ទូទៅក្លឹបបឹងកេតបានឱ្យដឹងថា ទីលាន​ហ្វឹកហាត់​ស្តង់ដារចំនួន២ ដែលប្រើប្រាស់ស្មៅធម្មជាតិនេះ អាចនឹងសម្រេចរួចរាល់ នៅដើម​ឆ្នាំ២០២១ខាងមុខនេះ សម្រាប់បម្រើការហ្វឹកហាត់ និងការប្រកួតនានា៕

ដោយ ហេង ណាលីន