ឯកឧត្តម គួច ចំរើន ទទួលអំណោយមនុស្សធម៌ពីសប្បុរសជន និងក្រុមហ៊ុន ខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០– ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុនៅព្រឹកថ្ងៃព្រហស្បតិ៍១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានទទួលអំណោយសប្បុរសធម៌ពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកស្រី និងក្រុមហ៊ុន Cambodia Energy Limited មានមី និងថវិកា ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើម្បីធ្វើការចែក ជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះថ្នាក់ផ្សេងៗ ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកស្រី និងក្រុមហ៊ុន Cambodia Energy Limited ដែលបានចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធាន បទ «ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិ មានដូចជា ខ្យល់កន្ទ្រាក់ ទឹកជំនន់ និងប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់នឹងជំងឺកូវីដ១៩ ក្នុងខេត្តព្រះ សីហនុ ព្រមទាំងថ្លែងអំណរគុណដល់លោកឧកញ៉ា និងប្រជាពលរដ្ឋដែលបានចូលរួមបរិច្ចាគដី សម្រាប់ធ្វើការបើកពង្រីកផ្លូវក្នុងក្រុងព្រះ សីហនុ ដើម្បីជួយសម្រួលការកក ស្ទះចរាចរណ៍ក្នុងក្រុងព្រះសីហនុកន្លងមក ហើយសកម្មភាពនឹងទឹកចិត្ត និងកាយវិការដ៏ល្អប្រពៃរបស់ បងប្អូនសប្បុរសជន និងប្រជាពល រដ្ឋបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសង្គម និងអភិវឌ្ឍន៍ខេត្តព្រះសីហនុមានការរីកចម្រើននាពេលបច្ចុប្បន្ន និងទៅអនាគត ។

ឯកឧត្តម គួច ចំរើន សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជននឹងបន្តសកម្មភាពមនុស្សធម៌ជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏ដូចជាអាជ្ញាធរខេត្ត ក្នុងការជួយ សង្គ្រោះជនរងគ្រោះ និងចូលរួមអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀតនៅពេលខាងមុខ ៕

ដោយ ងូ សុមុនី