អាជ្ញាធរខេត្តសៀមរាបគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់ខួប៨ព្រះវស្សា

AKP សៀមរាប ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០–ថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២០ដែលជាថ្ងៃគម្រប់ខួប៨ព្រះវស្សារបស់ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានយាងចូលទិវង្គតដែលធ្វើឱ្យយើងជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គ មានក្តីសោកស្តាយ អាឡោះអាល័យរកទីបំផុតគ្មាន ព្រមទាំងឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជានុរាស្ត្ររបស់ព្រះអង្គ នឹកឃើញនូវព្រះគុណូបការៈដ៏ថ្លៃថ្លា និងវិសេសវិសាលដ៏ឧត្តុង្គឧត្តម នូវស្នាព្រះហស្តរបស់ព្រះករុណា ដែលបានបន្សល់ទុកនៅសមិទ្ធផលជាច្រើន សម្រាប់ជាតិ មាតុភូមិ ។

ក្នុងមួយព្រះជន្មរបស់ព្រះអង្គ ព្រះអង្គបានលះបង់ទាំងព្រះកាយពល និង ព្រះបញ្ញាញាណ ដើមី្បបុព្វហេតុជាតិ ក្នុងការទាមទានូវឯករាជ្យជាតិ ពីអាណានិគមបារាំងសេស និង ខេត្តមួយចំនួនពីប្រទេសសៀម ព្រមទាំងប្រាសាទព្រះវិហារ ក្នុងបូរណភាពទឹកដី ការបង្រួបបង្រួមជាតិ សាសនា សេរីភាព សមភាព សមធម៌ យុត្តិធម៌ មនុស្សធម៌ និង ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម ។ ជាងនេះទៅទៀត ព្រះវីរៈសកម្មភាពរបស់ព្រះអង្គ ដែលបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិ អព្យាក្រឹត្យភាព និង កិត្យានុភាពដ៏ល្បីល្បាញនៅលើសកលលោកទៀតផង ។

ក្នុងការតបស្នងចំពោះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តម ចំពោះព្រះបរមរតនកោដ្ឋ ដែលបានបូជាព្រះកាយគ្រប់បែបយ៉ាង ជូនមាតុភូមិ និង ប្រជាជាតិជាទីស្រឡាញ់របស់ព្រះអង្គនោះ នាព្រឹកថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០២០នេះដែរ នៅមុខព្រះរាជដំណាក់ក្រុងសៀមរាប ក៏មានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះរបរមរតនកោដ្ឋ ក្នុងការរំលឹកនូវគុណូបការៈ របស់ព្រះអង្គ ដែលធ្វើឱ្យប្រជានុរាស្រ្ត ទាំងព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាការ កងកម្លាំងប្រដាប់អាវុធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្សានុសិស្ស និសិ្សត ប្រជាពលរដ្ឋ និង បងប្អូនជនជាតិខ្មែរឥសាម នៅខេត្តសៀមរាប មិនអាចបំភ្លេចបាននូវព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តម របស់សម្តេចព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលមួយជីវិតរបស់ ព្រះអង្គទ្រង់បានបំពេញព្រះរាជបូជនីយកិច្ច ដើមី្បឯករាជ្យ បូរណ ភាពទឹកដី និង ឯកភាពជាតិខ្មែរ ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា គ្រប់កាលៈទេសៈ ។ នៅក្នុងពិធីនោះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ស្នងការនគរបាល មេបញ្ជាការ បញ្ជាការង កងកម្លាំងប្រដាប់អាវុធ និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ពាណិជ្ជករ និង ប្រជាពលរដ្ឋផងដែរ ដែលបានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះបរមរតនកោដ្ឋ នាឱកាសនោះផងដែរ ។

បន្ទាប់ពីការបូជាទៀន ធូប ថ្វាយនៅចំពោះមុខព្រះឆាយាលក្ខណ៍របស់ព្រះបរមរតនកោដ្ឋ និង ការគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះបរមរតនកោដ្ឋ ដោយបានធ្វើការស្មឹងស្មាត ដើមី្បឧទ្ទិសព្រះវិញ្ញាណក្ខន្ធរបស់ ព្រះអង្គទ្រង់ បានយាងទៅកាន់ព្រះបរមសុគតិភពឱ្យបានគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ផងដែរថា នៅទូទាំងខេត្តសៀមរាប អាជ្ញាធរខេត្ត បានធ្វើការណែនាំដល់បណ្តាគ្រប់ទីវត្តអារាម និង គ្រប់ក្រុង ស្រុក ឃុំ សង្កាត់ ក៏បានរៀបចំធ្វើពិធីគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះបរមរតនកោដ្ឋផងដែរ ៕

ឃុត សៅ