លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រជាពលរដ្ឋជាង៦០០គ្រួសារនៅខណ្ឌដង្កោកំពុងរងការគំរាមកំហែង ដោយគ្រោះទឹកជំនន់បានទទួលអំណោយមនុស្សធម៌

AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០–លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បានជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ជាង៦០០គ្រួសារ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នៅរសៀល ថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ។

ក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសម្តេចទាំងទ្វេបានគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដោយក្តីនឹករឭក។

ការចុះជួបសំណេះសំណាលនេះ គឺអនុវត្តតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា «ស្គាល់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងទុក្ខលំបាក» និងបានជួបជាមួយប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងដោយផ្ទាល់ ក្រោមកិច្ចសហការពីអាជ្ញាធររដ្ឋបាលសាលារាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នៅក្នុងខណ្ឌដង្កោ ។

លោកជំទាវក៏បានផ្តាំផ្ញើដល់អង្គពិធីមានដូចតទៅ៖ ១. ប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាអនាម័យ និងការរស់នៅឱ្យបានល្អជៀសវាងនូវជំងឺដង្កាត់ផ្សេងៗ ជាពិសេស ត្រូវចេះការពារនូវបញ្ហាជំងឺកូវីដ ១៩ ដែលពិភពលោកកំពុងប្រឈមមុខនឹងការឆ្លងរីករាលដាលយ៉ាងខ្លាំង ។ ២. អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងរដ្ឋបាលខណ្ឌង្កោត្រូវយកចិត្តទុក្ខដាក់ក្នុងការជន្លៀសប្រជាពលរដ្ឋមក ទីទួលសុវត្ថិភាពក្នុងពេលដែលតំបន់នេះកំពុងគំរាមកំហែងដោយទឹកជំនន់ ។ ក្នុងមួយគ្រួសារ ទទួលបាន នុំប៉័ង១ដើម អង្ករ ១៥គីឡីក្រាម ទឹកដោះគោ ៥កំប៉ុង ត្រីខ ១យួរ ទឹកសុទ្ធ ១កេស មី ១កេស និងថវិកា ១៥ម៉ឺនរៀល ៕ ដោយ៖សំរិត