ក្រសួងផែនការ​បើក​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​ការផ្សព្វផ្សាយ យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​អភិវឌ្ឍន៍​ស្ថិតិ ឆ្នាំ​២០១៩-២០២៣

AKP ភ្នំពេញ ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០
​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួងផែនការ​បានរៀបចំ​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​អភិវឌ្ឍន៍​ស្ថិតិ ឆ្នាំ​២០១៩-២០២៣ ដើម្បី​អនុវត្ដ​ន៍​គោលដៅ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ស្ថិតិ ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ ផែនការ​សកម្មភាព រួមទាំង​ការប៉ាន់ស្មាន​ចំណាយ​សម្រាប់​ក្របខ័ណ្ឌ​ការងារ​រយៈពេល​០៥​ឆ្នាំ​តាម​ក្រសួង ស្ថាប័ន​។ នេះ​បើ​យោងតាម​ក្រសួងផែនការ​។​

​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា នា​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​បាន​មានប្រសាសន៍ថា យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​អភិវឌ្ឍន៍​ស្ថិតិ ឆ្នាំ​២០១៩-២០២៣ គឺជា​ផែនការអភិវឌ្ឍន៍​ស្ថិតិ​រយៈពេល​វែង មាន​វិសាលភាព​គ្របដណ្តប់​ទូទាំង​ប្រព័ន្ធ​ស្ថិតិ​ជាតិ ដែល​រួមមាន​វិទ្យាស្ថាន​ជាតិ​ស្ថិតិ និង​អង្គភាព​ស្ថិតិ នៃ​ក្រសួង​-​ស្ថាប័ន របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ឯកឧត្ដម​បានបញ្ជាក់​ថា ឯកសារ​យុទ្ធសាស្ត្រ​នេះ​ត្រូវបាន​រៀបចំឡើង ដោយ​ផ្អែកលើ​លទ្ធផល​នៃ​ការអនុវត្ត​ផែនការមេ​ស្ថិតិ ឆ្នាំ​២០០៨-២០១៥ និង​ការវាយតម្លៃ​ស្ថិតិ តាម​វិស័យ​, ការកំណត់​ចក្ខុវិស័យ​, បេសកកម្ម និង​គោលដៅ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ស្ថិតិ​, ប្រព័ន្ធ​តាមដាន​និង​វាយតម្លៃ​, ផែនការ​សកម្មភាព រួមទាំង​ការប៉ាន់ស្មាន​ចំណាយ​សម្រាប់​ក្របខ័ណ្ឌ​ការងារ​រយៈពេល​០៥​ឆ្នាំ ដោយមាន​ការចូលរួម​ពិគ្រោះ និង​ផ្តល់យោបល់​ពី​សំណាក់​ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ​យ៉ាង​ទូលំទូលាយ​។​


​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​លើកឡើងថា “​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​អភិវឌ្ឍន៍​ស្ថិតិ ឆ្នាំ​២០១៩-២០២៣” ត្រូវបាន​រៀបចំឡើង​ស្របពេល​ជាមួយនឹង ”​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០១៩-២០២៣” និង​បានធ្វើ​សមាហរណកម្ម​យ៉ាង​ពេញលេញ ទៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​នេះ ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការគាំទ្រ​ទិន្នន័យ សម្រាប់​ការតាមដាន និង​វាយតម្លៃ​វឌ្ឍនភាព នៃ​ការសម្រេចបាន​គោលដៅ​ជា​អាទិភាព​នានា ដែល​បានកំណត់​នៅក្នុង ”​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០១៩-២០២៣” នេះ ក៏ដូចជា​ការសម្រេចបាន​នូវ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា ២០១៦-២០៣០ ព្រមទាំង​គោលនយោបាយ និង​ទិសដៅ​នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា ដែលជា​របៀបវារៈ​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ជាមួយគ្នានេះ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រសួង​ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​លេខាធិការដ្ឋាន PARIS 21​និង​ធនាគារពិភពលោក ដែល​បាន​ជួយ​គាំទ្រ​ក្នុងការ​រៀបចំ​នូវ​ឯក​សារ​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​អភិវឌ្ឍន៍​ស្ថិតិ ឆ្នាំ​២០១៩-២០២៣​។ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ក៏បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ ដែល​បាន​ខិតខំ​បំពេញការងារ​នេះ ទទួលបាន​នូវ​លទ្ធផល​ល្អប្រសើរ​នាពេលនេះ​៕​ដោយ​៖ ឡុង ស៊ី​វ៉ាន់