រដ្ឋបាលខេត្ត​ព្រះវិហារ រៀបចំ​វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន​ឆ្នាំ​២០២០ វគ្គ​ផ្តាច់​ព្រ័ត​

AKP ព្រះវិហារ ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០
​លោកជុំទាវ ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក ស៊ូ សិរី អភិបាលរង​ខេត្ត ព្រះវិហារ អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន​ឆ្នាំ​២០២០​វគ្គ​ផ្តាច់​ព្រ័ត ដែល​មកពី រាជធានី​ភ្នំពេញ ខេត្តព្រះវិហារ ខេត្តកំពង់ធំ និង​ខេត្តស្ទឹងត្រែង​។​

​ពិធី​នេះ​មានការ​ចូលរួម​ពី​អនុរដ្ឋលេខាធិការ តំណាង​ប្រធាន​គម្រោង​ព្រៃ​ឡង់​បៃតង់ លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត យុវ​សិស្ស​មកពី​បណ្តា រាជធានី ខេត្ត​សាមី​ជាច្រើនរូប ដែល​នឹងត្រូវ​ប្រកួតប្រជែង​ពិភាក្សា​អំពី​បរិស្ថាន​លើ​ប្រធានបទ ចំនួន​ពីរ​គឺ​៖ ១-​ការប្រែប្រួល​អាកាសធាតុ​ធ្វើឱ្យប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ជីវភាព​ប្រជា​សហគមន៍​មូលដ្ឋាន និង​២-​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវតែ​បន្ត​ថែរក្សា​ព្រៃឈើ​សម្រាប់​អភិរក្ស កាលពី​ថ្ងៃ​អង្គារ ១១​រោច ខែអស្សុជ ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះវិហារ​។​

​លោក ស៊ូ សិរី មានប្រសាសន៍ សម្តែង​នូវ​សេចក្តី​សោម​ន្ស​រីករាយ ដែល​ក្រសួងបរិស្ថាន​សម្រេចយក​ខេត្តព្រះវិហារ សម្រាប់​រៀបចំ​វេទិកា​យុវជន​ពិភាក្សា​អំពី​បរិស្ថាន​ឆ្នាំ​២០២០ សម្រាប់​វគ្គ​ផ្តាច់​ព្រ័ត​នាពេលនេះ​។ លោក​បានលើកឡើង​ពី​សារៈសំខាន់ នៃ​ការរៀបចំ​វេទិកា​គឺ​ពិតជា​ផ្តល់ឱកាស​ដល់​យុវ​សិស្ស​អាច​បញ្ចេញ​នូវ​សមត្ថភាព និង​សេចក្តីក្លាហាន​របស់ខ្លួន​ចូលរួម​ផ្តល់យោបល់​ជាមួយ​រាជរដ្ឋាភិបាល និង​សាធារណជន ដើម្បីឱ្យ​ពួកគេ​អាច​ឈ្វេងយល់​អំពី​បរិស្ថាន​ដែល​កំពុង​ប្រឈម និង​រក​ដំណោះស្រាយ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ដោយ​ផ្អែកលើ​ភស្តុតាង​វិទ្យាសាស្ត្រ ទិដ្ឋភាព​ជាក់ស្តែង និង​គំនិត​ច្នៃប្រឌិត​ថ្មីៗ​របស់​សិស្សានុសិស្ស​។ ជាពិសេស​សំដៅ​រួមចំណែក​ក្នុង​កិច្ច​គាំពារ​បរិស្ថាន និង​អភិរក្ស​ធនធានធម្មជាតិ ប្រែក្លាយ​បញ្ហា​ប្រឈម​នានា​ទៅជា​កាលានុវត្តភាព​សម្រាប់​អនុវត្តន៍​គោលនយោបាយ និង​ប្រតិបត្តិ​ការល្អ​ប្រកបដោយ​ប្រសិទ្ធភាព​។

​លោកជំទាវ ម៉ុម ថា​នី បាន​លើកឡើងថា ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍ​សហ​វត្ស​របស់​រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន​បានដាក់​ចេញ​នូវ​ចក្ខុវិស័យ​ពីរ​គឺ​៖ ទី​១-​ធានា​ឱ្យបាន​នូវ​គុណភាព និង​និរន្តរភាព​បរិស្ថាន និង​ទី​២-​ការពារ​ធនធានធម្មជាតិ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​។ ដើម្បី​សម្រេច​នូវ​ចក្ខុវិស័យ ក្រសួងបរិស្ថាន​បានដាក់​ចេញ​នូវ​បេសកកម្ម​រួមមាន ការគ្រប់គ្រង​ឱ្យបាន​ល្អប្រសើរ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ​បរិស្ថាន ការពារ​ធនធានធម្មជាតិ និង​ការអភិរក្ស​ជីវៈចម្រុះ​ប្រកបដោយ​ចីរភាព និង​ការលើកកម្ពស់​ការរស់នៅ​ប្រកបដោយ​និរន្តរភាព​។ ជាក់ស្តែង​ពេលនេះ យើ​បានរៀបចំ​វេទិកា​យុវជន​ជជែក​អំពី​បរិស្ថាន​នេះ​ឡើង​គឺ​ដើម្បី​បណ្តុះ​ថ្នាល​យុវជន​ឱ្យចូល​រួម​កិច្ចការពារបរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព ជាពិសេស​សម្រេច​ឱ្យបាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​ឆ្នាំ (២០១៩-២០២៣) ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​។ លោកជំទាវ ស្នើសុំ​ឱ្យ​យុវ​សិស្ស​ដែល​ត្រូវ​ចូលរួម​ប្រកួតប្រជែង​យក​ជ័យលាភី​នាពេលនេះ ត្រូវខិតខំ​អស់ពី​សមត្ថភាព​ដើ​ម្ប​ទទួលបាន​ជោគជ័យ​។​

​ជាមួយគ្នា​នោះ វគ្គ​ផ្តាច់​ព្រ័ត​ការប្រកួតប្រជែង​យក​ជ័យលាភី បាន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន​ពី​សំណាក់​ក្រុម​មកពី​រាជធានី ខេត្ត​ចំនួន​៤ រួមមាន​៖ រាជធានី​ភ្នំពេញ ខេត្តព្រះវិហារ ខេត្តកំពង់ធំ និង​ខេត្តស្ទឹងត្រែង ហើយ​មាន​វិទ្យាល័យ​ចំនួន​៨ ចូលរួម​ប្រកួត​ក្នុងនោះ​មាន​៤​វិទ្យាល័យ មកពី​រាជធានី​ភ្នំពេញ​គឺ វិទ្យាល័យ ប៊ុនរ៉ានី​ហ៊ុនសែន​វត្តភ្នំ វិទ្យាល័យ​ច្បារអំពៅ វិទ្យាល័យ ហ៊ុនសែន​បុរី​១០០​ខ្នង វិទ្យាល័យ ជាស៊ីម​សាមគ្គី និង​មាន​៤​វិទ្យាល័យ​ទៀត​មកពី វិទ្យាល័យ​កំពង់ធំ ខេត្តកំពង់ធំ វិទ្យាល័យ​ហ៊ុនសែន​ស​ម្ភៈ​បុ​រៈ ខេត្តក្រចេះ វិទ្យាល័យ​ហ៊ុនសែន​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង និង​វិទ្យាល័យ​ត្បែងមានជ័យ ខេត្តព្រះវិហារ​។ ការប្រកួត​វគ្គ​ផ្តាច់​ព្រ័ត​យក​ជ័យលាភី​ប្រចាំឆ្នាំ​២០២០ បាន​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ​ពីរ​គឺ​៖ ទី​១-​ការប្រែប្រួល​អាកាសធាតុ​ធ្វើឱ្យប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ជីវភាព​ប្រជា​សហគមន៍​មូលដ្ឋាន​, ទី​២-​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវតែ​បន្ត​ថែរក្សា​ព្រៃឈើ​សម្រាប់​អភិរក្ស ដើម្បី​ធ្វើការ​ជម្រុះ​យក​៤​ក្រុម សម្រាប់​ជ័យលាភី​លេខ​១​បាន​ទៅ​វិទ្យាល័យ​ជាស៊ីម​ត្បែងមានជ័យ​ខេត្ដ​ព្រះវិហារ លេខ​២ វិទ្យាល័យ ប៊ុនរ៉ានី​ហ៊ុនសែន​វត្តភ្នំ លេខ​៣ វិទ្យាល័យ​ច្បារអំពៅ និង​វិទ្យាល័យ ជាស៊ីម​សាមគ្គី​។​

​លោក ស៊ូ សិរី អភិបាលរង​ខេត្តព្រះវិហារ​បាន​សម្តែង​នូវ​សេចក្តី​សោម​ន្ស​រីករាយ​ដែល​យុវ​សិស្ស​ខេត្តព្រះវិហារ​ទទួលបាន​ជ័យលាភី នេះ​បង្ហាញ​ពី​សមត្ថភាព​យុវ​សិស្ស​ខេត្តព្រះវិហារ យល់ច្បាស់​ពី​សារៈសំខាន់ និង​តួនាទី​បរិស្ថាន និង​ធនធានធម្មជាតិ និង​សូម​យុវជន​ទាំងអស់​ចូលរួម ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ណោះ​ស្រាយ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ចីរភាព​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ធ្វើការ​អភិវឌ្ឍ​ប្រទេស​ឱ្យ​កាន់តែ​រីកចម្រើន​ឡើង​៕ ដោយ​៖ ទិ​ត ស្រ៊​