កម្មករ​ក្រុមហ៊ុន ស៊ីន​ទ្រី ព្រម​ចូលធ្វើការ​វិញ​ហើយ​

AKP ភ្នំពេញ ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០
​កម្មករ​ក្រុមហ៊ុន ស៊ីន​ទ្រី ព្រម​ចូលធ្វើការ​វិញ​ទាំងអស់គ្នា ចាប់ពី​រសៀល​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ ដោយ​ទទួលយក​នូវ​អ្វីដែល​ជាការ​ព្រមព្រៀងគ្នា​។ ការយល់ព្រម ចូលធ្វើការ​វិញ​នេះ បន្ទាប់ពី​មានការ​សម្របសម្រួល និង​ស្វែងរក​ដំណោះស្រាយ​យ៉ាង​យកចិត្ត ទុកដាក់​ពី​សំណាក់​ក្រសួងមហាផ្ទៃ​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀតផង​ដែរ​។​
​ ​
​មន្ដ្រីជាន់ខ្ពស់​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​បន្ទាប់ពី​ព្រម ព្រៀង​គ្នា​ជា​លើក​ទី​២ នៅ​រសៀល​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ កម្មករនិយោជិត​រប​ស់​ក្រុមហ៊ុន ស៊ីន​ទ្រី ដែល​ធ្វើ​កូដកម្ម​ទាំងអស់នោះ បាន​យល់ព្រម​ចូលធ្វើការ​វិញ តាម​តួនាទី​របស់ ពួកគេ​រៀងៗ​ខ្លួន​ហើយ​» ក្រោយ​ធ្វើ​កូដកម្ម​មិន​ប្រមូល​សំរាម​ជិត​កន្លះ​ខែ​មកនេះ​។​
​ ​
​សូម​រម្លឹកថា ក្នុង​អង្គប្រជុំ​រក​ដំណោះស្រាយ​កាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០ គ្រប់ភាគី​ទាំងអស់ ពិសេស​កម្មករ​ក្រុមហ៊ុន ស៊ីន​ទ្រី បាន​ព្រមព្រៀង​ម្តង​រួចមកហើយ ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់ មិនទាន់​ចូលធ្វើការ ទើប​ពេលនេះ បាន​ព្រមព្រៀង​ចូលធ្វើការ វិញ​ហើយ​ចាប់ពី​រសៀល​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ​៕ ដោយ​៖ សួស សំរិត​