រដ្ឋបាលខេត្តព្រះវិហារ សូមជូនដំណឹងដល់ប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នគ្រោះទឹកជំនន់ ពិសេសរស់នៅតាមមាត់ស្ទឹងសែន និងមាត់ទន្លេមេគង្គ

AKP ព្រះវិហារ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ថា ​សូមប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នគ្រោះទឹកជំនន់ ពិសេសរស់នៅតាមមាត់ស្ទឹងសែន និងមាត់ទន្លេមេគង្គ និងតំបន់ងាយរងគ្រោះដោយសារទឹកជំនន់មេត្តាជ្រាបថា ព្យុះទី១៥ ឈ្មោះលីនហ្វា បាននិងកំពុងមានឥទ្ធិពលមកលើតំបន់ប៉ាកសេ ប្រទេសឡាវ ដែលធ្វើឱ្យមាភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ហើយស្ថានភាពនេះនឹងធ្វើទឹកទន្លេតតាមបណ្តាខេត្តមួយចំនួនហក់ឡើង ដោយឡែកទឹកស្ទឹងសែនបន្តហក់ឡើងជាបន្តបន្ទាប់ផងដែរ។

ដើម្បីធានាសុវត្ថិភាព និងបង្ការគ្រោះមហន្តរាយជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មេត្តាប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលសុវត្ថិភាពដែលនៅជិត និងសូមរាយការណ៍ឱ្យបានឆាប់មកអាជ្ញាធរភូមិ ឃុំ សង្កាត់ ស្រុក ខេត្ត ជាបន្ទាន់ ក្នុងករណីជួបនឹងគ្រោះទឹកជំនន់នេះ ដើម្បីអាជ្ញាធរមានលទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះបានទាន់ពេលវេលា៕

ដោយ ទិត ស្រ៊