កម្ពុជាស្នើសភាពាណិជ្ជកម្មអឺរ៉ុបជួយជំរុញដល់អ្នកវិនិយោគឱ្យមកកម្ពុជាបន្ថែមទៀត ដើម្បីចូល​រួមស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​បានស្នើ​ដល់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EUROCHAM) ឱ្យជួយទាក់ទាញ​កៀរគរអ្នកវិនិយោគ​ដែលជាសមាជិករបស់ខ្លួន មកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីចូលរួមជួយ​ស្ដារសេដ្ឋ​កិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។ ការស្នើនេះ ត្រូវបានធ្វើឡើង​ក្នុង​ជំនួបជាមួយលោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ទើបទទួល​តំណែងថ្មី នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីក្រសួងការងារ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានលើកឡើងពីវឌ្ឍនភាពការងារ​ដែលកម្ពុជា​សម្រេចបានក្រោមកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំ​កម្ពុជា នាពេល​កន្លងមក ទាំងលើវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសលើ​វិស័យវិនិយោគ។ ឯកឧត្តមបានបន្តថា ដោយសារវិបត្តិជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជា​បានរងផលប៉ះពាល់​យ៉ាងខ្លាំង ពិសេសលើវិស័យការងារទេសចរណ៍ ការនាំចេញផលិត​ផល និងវិស័យនានា​មួយចំនួនទៀត ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំដោះ​ស្រាយ​បញ្ហាទាំងនេះផងដែរ ដោយបានធ្វើពិពិធកម្មសេដ្ឋកិច្ចឡើងវិញ។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់សភាពាណិជ្ជ​កម្ម​អឺរ៉ុបប្រចាំកម្ពុជា ធ្វើយ៉ាងណាផ្ដល់កិច្ចសហ​ប្រតិ​បត្តិការជាមួយក្រសួងការងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ ដើម្បីចូលរួមក្នុងការអនុវត្ត​គោល​នយោបាយជាតិនានារបស់កម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង ក៏បានស្នើដល់សភាពាណិជ្ជ​កម្មអឺរ៉ុប​ប្រចាំកម្ពុជាជួយទាក់ទាញអ្នកវិនិយោគដែលជាដៃគូរបស់ខ្លួន ឱ្យមកវិនិយោគនៅប្រទេស​កម្ពុជាបន្ថែមទៀត ហើយកម្ពុជានៅតែស្វាគមន៍ជានិច្ចចំពោះការវិនិយោគរបស់សមាជិក​សភាពាណិជ្ជកម្មអឺរ៉ុប។ ម្យ៉ាងវិញទៀត ដោយសហគមន៍អឺរ៉ុបមានកិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរីជាមួយប្រទេសវៀតណាម ដូច្នេះម្ចាស់រោងចក្រ សហគ្រាសអឺរ៉ុបដែលនៅវៀត​ណាម​ ក៏អាចមកបើកសាខានៅប្រទេសកម្ពុជាបានដែរ ដើម្បីបង្កើតឱកាសការងារថ្មីៗ បង្កើនផលិតភាពសម្រាប់ការនាំចេញទៅអឺរ៉ុប។

ជាការឆ្លើយតបលោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានឯកភាពយល់ព្រម និង​បានបញ្ជាក់ថា លោកនឹងប្រកាសកៀរគរអ្នកវិនិយោគដែល​ជា​សមាជិករបស់សភាពាណិជ្ជ​កម្មអឺរ៉ុបទាំងឡាយ ពិសេសនៅប្រទេសជិតខាង មាន​ប្រទេស​ថៃ វៀតណាមជាដើម ឱ្យចាប់អារម្មណ៍ងាកមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈ​បរិយាកាសវិនិយោគ​នៅ​កម្ពុជាគឺពិតជាមានភាពល្អប្រសើរ។ លោកប្រធានសភា​ពាណិជ្ជ​កម្មអឺរ៉ុបបានលើកឡើងថា នឹងខិតខំធ្វើ​ឱ្យផលិតផលដែលផលិតបាននៅកម្ពុជា មានលក្ខ​ខណ្ឌការងារ និងបរិយាកាសនៅកន្លែង​ធ្វើការល្អប្រសើរជាងមុន ដើម្បីធានាថាផលិតផល​ដែលនាំចេញទៅកាន់សហភាពអឺរ៉ុប សហ​រដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួន​ទៀត​កាន់តែមានស្ដង់ដារខ្ពស់។ ចំណែកផែន​ការយុទ្ធសាស្រ្តរយៈពេល២ឆ្នាំខាងមុខទៀត​របស់​សភាពាណិជ្ជកម្មអឺរ៉ុប គឺធ្វើយ៉ាង​ណា​ខិតខំជំរុញ និងទាក់ទាញវិនិយោគិនរបស់អឺរ៉ុបមក​កាន់​កម្ពុជាកាន់តែច្រើនបន្ថែមទៀត ព្រោះកម្ពុជាជាគោលដៅវិនិយោគប្រកបដោយសក្តានុ​ពលមួយនៅក្នុងតំបន់។

ជាមួយគ្នានេះ ភាគីទាំងពីរបានឯកភាពគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យ បានជិតស្និទ្ធបន្ថែមទៀត ដើម្បីសម្រេចបាននូវការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជាឱ្យកាន់ តែល្អប្រសើរ ទោះបីមានបញ្ហា EBA ឬបញ្ហាជំងឺកូវីដ-១៩ ក៏ភាគីទាំងពីរនៅតែប្រកៀក​ស្មា​គ្នាជម្នះ​ឧបសគ្គឱ្យបាន។

គួរជម្រាបជូនផងដែរថា សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ត្រូវបានបង្កើតឡើងក្នុង​ឆ្នាំ២០១១ ដោយមានសមាគមពាណិជ្ជកម្មបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។ មក​ទល់បច្ចុប្បន្នមានសមាជិកជាង ៣៥០ និង ៦ សាខាទូទាំងប្រទេសកម្ពុជា ដែលក្នុងនោះ​មាន ១១ ប្រទេសពីសហភាពអឺរ៉ុប។ សកម្មភាពចម្បងរបស់សភាពាណិជ្ជកម្ម គឺផ្សព្វផ្សាយ គាំទ្រ និងតំណាងសមាជិករបស់ខ្លួន ក្នុងការសន្ទនាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី​សម្រួលបរិយាកាសពាណិជ្ជកម្ម និងឱកាសវិនិយោគនៅកម្ពុជា៕

ដោយ ប៊ុនរិទ្ធ