ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យការស្ថាបនាឡើងវិញ លូបង្ហូរទឹកចេញពីក្រុងកំពង់ចាមដែលបាក់ស្រុតដីនៅចំណុចសួនច្បារមាត់ទន្លេក្រុងកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០

នៅព្រឹកថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំក្រុងកំពង់ចាម រួមនឹងមន្ត្រីជំនាញមន្ត្រីពាក់ព័ន្ធចុះទៅពិនិត្យការស្ថាបនា ឡើងវិញ  លូបង្ហូរទឹកចេញពីក្រុងកំពង់ចាមដែលបាក់ស្រុតនៅចំណុចសួនច្បារមាត់ទន្លេ ក្រុងកំពង់ចាមត្រង់ចំណុចលូបង្ហូរទឹកចេញពីក្រុងកំពង់ចាមជិតគល់ស្ពានគីហ្សូណា ។

លោក សុខ ស្រ៊ុ​ន ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​បាន​ឱ្យ​ដឹង​ថា នៅយប់ថ្ងៃ១២ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ មានករណីបាក់ស្រុតដីនៅចំណុច សួនច្បារមាត់ទន្លេក្រុងកំពង់ចាម ត្រង់ប្រព័ន្ធលូបង្ហូរទឹកចេញពីក្រុងកំពង់ចាម។ ការបាក់ស្រុត សួនច្បារជាប់មាត់ទន្ល ទំនងបណ្តាលមកពីប្រព័ន្ធលូបង្ហូរទឹកចេញពីក្រុងកំពង់ចាមចូលក្នុង ទន្លេមានសភាពចាស់ទ្រុឌទ្រោម គឺជាប្រព័ន្ធលូ សាងសង់តាំងពីសង្គមចាស់។

លោក សុខ ស្រ៊ុន បានបញ្ជាក់ថា ក្រោយពីប្រព័ន្ធ​លូរងការខូចខាត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានឱ្យមន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​ខេត្តធ្វើការសាងសង់ លូសម្រាប់​បង្ហូរទឹក​សម្អុយ ចេញពី​តាម​បណ្ដា​លូ​ជា​ច្រើន​ខ្សែ ដោយ​បាន​ហូរ​កាត់​លូ​នេះ​ចូល​ទៅ​ក្នុង​ទន្លេមេគង្គឡើងវិញ។ ការសាងសង់នេះគឺដាក់លូដែលមានមុខកាត់ ០,៨០ម៉ែត្រ ចំនួន៤ តម្រៀបគ្នាជាទទឹង និងមានបណ្តោយប្រវែងជិត១០០ម៉ែត្រ ដែលមកដល់ ពេលនេះគឺ សម្រេចបានប្រមាណជាង២០ភាគរយហើយ និងជំរុញឱ្យរួចរាល់ ក្នុងពេលខ្លីខាងមុខនេះ។

ក្នុងឱកាសចុះទៅពិនិត្យការស្ថាបនានៃការសាងសង់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីជំនាញរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តដែលជាម្ចាស់សាងសង់ប្រព័ន្ធបង្ហូរទឹកថ្មី ត្រូវធ្វើយ៉ាងណាឱ្យបានឆាប់រហ័ស ទៅតាមបទដ្ឋានបច្ចេកទេសនៃសំណង់មានគុណភាពយូរអង្វែង ធានាការឆ្លើយតបបានការ រំដោះទឹកចេញពីក្រុងមិនមានការលិចលង់ទោះបីភ្លៀងតិចឬច្រើនក៏ដោយ៕

ដោយ ឆាយ ម៉ុត