ឯកឧត្តម ខៀវ កាញារីទ្ធ  ក្រើនរម្លឹកមន្ត្រីមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ​ បន្ត​ពង្រឹងសាមគ្គីសហការគ្នាបំពេញការងារឱ្យកាន់តែល្អថែមទៀត

AKP បន្ទាយមានជ័យ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០

រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងក្រើនរម្លឹកដល់ មន្ត្រីមន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យ បន្តពង្រឹងរួមសាមគ្គីសហការគ្នាបំពេញការងារ ដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែល្អថែមទៀតនោះ។

ការថ្លែងក្រើនរម្លឹកយ៉ាងដូច្នេះក្នុងឱកាសឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជួបសំណេះ សំណាលជាមួយមន្ត្រីរាជការ និងត្រួតពិនិត្យការងារប្រព័ន្ធផ្សព្វផ្សាយ របស់មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន  បានថ្លែងកោតសរសើរដល់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារទៅ តាមតួនាទីជំនាញដែលរាជរដ្ឋាភិបាលក៏ដូចក្រសួង និងអាជ្ញាធរខេត្តបានប្រគល់ ឱ្យក្នុងការបម្រើផលប្រយោជន៍សង្គមជាតិនិងបម្រើប្រជាពលរដ្ឋជាសំខាន់នោះ។

ឯកឧត្តមបានគូសបញ្ជាក់ថា ការងារព័ត៌មានពិតជាមានសារៈសំខាន់ ដូច្នេះមន្ត្រីព័ត៌មានទាំងអស់គប្បីត្រូវបង្កើនការយល់ដឹងថែមទៀតក្នុងការសរសេរផ្សព្វផ្សាយព័ត៌មានប្រកបដោយ​ភាពត្រឹមត្រូវពិតប្រាកដច្បាស់លាស់។ ត្រូវបង្កើនការយក ចិត្តទុកដាក់ការសរសេរផ្សព្វផ្សាយពីគោលជំហររបស់រាជរដ្ឋាភិបាលក៏ដូចអាជ្ញាធរខេត្តស្រុកក្រុងទៅកាន់ប្រជាពលរដ្ឋ។ ជាមួយនោះត្រូវពង្រឹងការសហការសន្ទនា ឆ្លើយឆ្លងរវាងមន្រ្ដីព័ត៌មាន និងមន្ទីរវិស័យជំនាញជុំវិញរដ្ឋបាលខេត្ត ដើម្បីផ្ដល់ការយល់ដឹង ដល់សាធារណជននិងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដោយប្រសិទ្ធភាព ។

យោងតាមសេចក្តីរាយការណ៍របស់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២០នេះ ខេត្តបន្ទាយមានជ័យ មានស្ថានីយទូរទូស្សន៍ និងវិទ្យុចំនួន១៩​ស្ថានីយ ដែលកំពុងដំណើរការផ្សព្វផ្សាយ ព័ត៌មានរាល់ថ្ងៃ៕

ដោយឈុនសារ៉ាត