ពិធីជួបសំណេះសំណាលជាមួយ បេក្ខជនជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី និងនូវែលសេឡង់ ឆ្នាំ២០២០

AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០–

កាលពីថ្ងៃ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ជូនបេក្ខជនជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី និងនូវែលសេឡង់ ឆ្នាំ២០២០ ចំនួន២៧រូប ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ជំនួបសំណេះសំណាលនេះធ្វើឡើងដើម្បីផ្ដល់អនុសាសន៍ណែនាំ ក៏ដូចជាបង្ហាញពីវឌ្ឍនភាពវិស័យសាធារណការ និងដឹកជញ្ជូន ជូនបេក្ខជនជ័យលាភីឱ្យបានជ្រាបច្បាស់ពីការរីកចម្រើនខាងវិស័យនេះ មុននឹងចេញដំណើរទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ អំពីការកែទម្រង់វិស័យដឹកជញ្ជូនដោយប្រើយន្តការព័ត៌មានវិទ្យា ជាវេទិកាក្នុងការបម្រើសេវាសាធារណៈ ការបង្ខិតសេវាសាធារណៈឱ្យកៀកប្រជាពលរដ្ឋតាមរយៈការបង្កើតមណ្ឌលផ្ដល់សេវាសាធារណៈ នៅតាមបណ្ដាផ្សារទំនើប អ៊ីអនម៉ល១ អ៊ីអនម៉ល២ និងផ្សារទំនើបជីបម៉ុងណូរ៉ូម៉លជាដើម ព្រមទាំងយុទ្ធនាការនានាក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋលេខាធិការបានគូសបញ្ជាក់អំពីគោលនយោបាយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមដំណាក់កាលរបស់រាជរដ្ឋាភិបាល ការធ្វើសមាហរណកម្មហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក និងក្នុងតំបន់ គម្រោងធ្វើទំនើបកម្ម គម្រោងសាងសង់ផ្លូវ ស្ពាន និងកំពង់ផែ ស្របតាមការរីកចម្រើនសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០។

ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋលេខាធិការបានផ្តាំផ្ញើឱ្យបេក្ខជនជ័យលាភីយកចិត្តទុក ដាក់ខ្ពស់ក្នុងការថែទាំសុខភាព ខិតខំរៀនសូត្រ ប្រកាន់ខ្ជាប់នូវអាកប្បកិរិយាថ្លៃថ្នូរ ប្រព្រឹត្តអំពើល្អ និងត្រូវចង់ចាំថា បេក្ខជនម្នាក់គឺជាអ្នកនាំពាក្យ ឬជាអគ្គរាជទូតសុឆន្ទៈម្នាក់ក្នុងការផ្សព្វផ្សាយពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដល់បណ្ដាមិត្តមកពីប្រទេសផ្សេងៗ ឱ្យគេយល់ច្បាស់ពីស្ថានភាពអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសឆ្លៀតឱកាសឈ្វេងយល់វប្បធម៌ អរិយធម៌ និងការរីកចម្រើនរបស់ប្រទេសដទៃ ដើម្បីទទួលបានបទពិសោធន៍ល្អៗសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)