ធនាគារពិភពលោកអនុម័តថវិកាចំនួន ១២ ពាន់លានដុល្លារសម្រាប់វ៉ាក់សាំងការពារវីរុសកូវីដ១៩ក្នុងប្រទេសកំពុងអភិវឌ្ឍន៍

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៤.១០.២០)

ធនាគារពិភពលោកបាននិយាយថាក្រុមប្រឹក្សាភិបាលរបស់ខ្លួនបានអនុម័តកាលពីថ្ងៃអង្គារ ទី១៣ ខែតុលានូវ​ថវិកាចំនួន ១២ ពាន់លានដុល្លារអាមេរិកដល់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីផ្តល់ជាហិរញ្ញប្បទានដល់ការ​ទិញនិង​ចែកចាយវ៉ាក់សាំងការពារ  ព្រមទាំងការព្យាបាលកូវីដ១៩ សម្រាប់ពលរដ្ឋរបស់ខ្លួន ។

ផែនការហិរញ្ញប្បទាននេះគឺជាផ្នែកមួយនៃទឹកប្រាក់ចំនួន ១៦០ ពាន់លានដុល្លារអាមេរិកនៅក្នុង​ធនធានសរុបដែល​ជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនេះ បានសន្យាផ្តល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍រហូតដល់​ខែមិថុនាឆ្នាំ ២០២១ ខាងមុខដើម្បីជួយប្រទេសទាំងនោះក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាត។

ធនាគារពិភពលោកបាននិយាយថាហិរញ្ញប្បទាននេះនឹងរួមបញ្ចូលទាំងការគាំទ្រផ្នែកបច្ចេកទេសដល់ប្រទេសទទួលជំនួយផងដែរដូច្នេះពួកគេអាចរៀបចំសម្រាប់ការចាក់វ៉ាក់សាំងនេះ ។