រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត

AKP កណ្តាល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០–
នៅថ្ងៃ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស សមាសភាពក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត និងផ្សព្វផ្សាយផែន ការអនុវត្តន៍គណនេយ្យភាពសង្គម ដំណាក់កាលទី២ សម្រាប់រដ្ឋបាលខេត្តកណ្ដាល នៅសាលប្រជុំសាលាខត្តកណ្តាល ដោយមានមន្ត្រីពាក់ពាក់ព័ន្ធចូលរួមជាង ១០០នាក់ ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា ការប្រកាសក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត និងការផ្សព្វផ្សាយផែនការអនុវត្តន៍ការងារគណនេយ្យភាពសង្គមដំណាក់កាលទី២ ឆ្នាំ២០១៩-២០២៣នេះ គឺបង្ហាញអំពីការតាំងចិត្តខ្ពស់ក្នុងឆន្ទៈនយោបាយ និងចក្ខុវិស័យរយៈពេលវែង ចំពោះការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ពិសេសគឺផ្ដោតសំខាន់ទៅលើការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយរាប់បញ្ចូលទាំងស្ត្រី កុមារ ជនជាតិដើមភាគតិច ជនងាយរងគ្រោះ និងជនមានពិការភាពជាដើម។

ក្នុងពិធីនេះដែរ ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការគ្រប់គ្រង ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមថ្នាក់ជាតិ បានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រស្តីពីការងារគណនេយ្យភាពសង្គមនេះ គឺមានចក្ខុវិស័យផ្ដោតទៅលើការពង្រឹងភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្ដល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅអនុវត្តន៍កិច្ចដំណើរការកំណែទម្រង់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធ ភាព ៕ ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តកណ្តាល)