ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ចើញបិទសិក្ខាសាលាស្ដីពី “ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន”

AKP បាត់ដំបង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០–
សិក្ខាសាលាស្ដីពី “ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន” ត្រូវបានបិទបញ្ចប់នៅថ្ងៃ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង។

សិក្ខាសាលារយៈពេល ២ថ្ងៃនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ល្អប្រសើរ ដោយមានការចូលរួមយ៉ាងសកម្ម និងយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងការសួរឆ្លើយឆ្លង ជជែកដេញដោលយ៉ាងផុលផុសពីសំណាក់សិក្ខាកាមជិត៣០០នាក់ ជាមន្រ្ដីអ្នកនាំពាក្យរដ្ឋបាល ខេត្ត(អភិបាលរងខេត្ត) មន្រ្ដីព័ត៌មាន (មន្ទីរព័ត៌មាន) ក៏ដូចជាមន្ទីរវិស័យជំនាញជុំវិញរដ្ឋបាលខេត្តចំនួន៧ រួមមាន៖ ខេត្តបាត់ដំបង, កំពង់ធំ, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ប៉ៃលិន, សៀមរាប, និងខេត្តពោធិ៍សាត់ ។

សិក្ខាសាលានេះមានគ្រូឧទ្ទេសនាមដែលរួមមាន៖ ទី១. ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្ដីប្រ​តិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើបទឧទ្ទេសនាមស្ដីពី ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន នៅថ្នាក់មូលដ្ឋាន។ ទី២. ឯកឧត្តម នេត្រ ភក្រ្ដា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ធ្វើបទឧទ្ទេសនាមស្ដីពី កិច្ចការនាំពាក្យប្រកបដោយប្រសិទ្ធភាព។ ទី៣. ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិ ការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ធ្វើបទឧទ្ទេសនាមស្ដីពី សេចក្ដីព្រៀងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន៕ ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តបាត់ដំបង)