ឯកឧត្តម ម៉ៅ ហាវ​ណ្ណា​ល់ អញ្ជើញ​ចូលរួម​ក្នុង​ពិធីសូត្រមន្ត​ប្រោះព្រំ​បញ្ចប់​ការងារ​ពង្រីក និង​ជួសជុល​ផ្លូវ​រត់ (RUNWAY)

AKP ព្រះសីហនុ ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០
​នា​ព្រឹក​ថ្ងៃ​អង្គារ ១១​រោច ខែអស្សុជ ឆ្នាំជូត ទោស័ក​ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម​បណ្ឌិត​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការ​អាកាស​ចរណ៍​ស៊ីវិល និង​ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​ព្រះសីហនុ អញ្ជើញ​ចូលរួម​ក្នុង​ពិធីសូត្រមន្ត​ប្រោះព្រំ​បញ្ចប់ ការងារ​ពង្រីក និង​ជួសជុល ផ្លូវ​រត់ (RUNWAY) នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ មាន​ទីតាំងនៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​នេះ​ជា​សក្ខីភាព​នូវ​សមិទ្ធផល​នៃ​ការអភិវឌ្ឍ​ដ៏​សំខាន់​មួយ​សម្រាប់​ខេត្ត​ព្រះសីហនុ​។ ការបញ្ចប់​គម្រោង​ពង្រីក និង​ជួសជុល​ផ្លូវ​រត់ (RUNWAY) ពី ២,៥០០​ម៉ែត្រ ឱ្យដល់ ៣,៣០០​ម៉ែត្រ បន្ថែម​ពីលើ​ការពង្រីក​ផ្លូវ​យន្តហោះ​ឡើង​ចុះ (Airstrip) បច្ចុប្បន្ន​។ ការ​ពន្លូត ផ្លូវ​រត់​ក្រោម​កម្មវិធី​វិនិយោគ​ដែលមាន​ទឹកប្រាក់​ចំនួន ៥៨​លាន​ដុល្លារ​អាម៉េរិក ត្រូវបាន​ដាក់ឱ្យ ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ត្រីមាស​ចុងក្រោយ​ឆ្នាំ​២០២០​ខាងមុខ ដោយ​បើក​ដំណើរការ កាលពី​ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ គម្រោង​ពង្រីក​ផ្លូវ​រត់​នេះ​បាន​ធ្វើឡើង​ឆ្លើយតប​ទៅ នឹង​សន្ទុះ​កំណើន​អ្នកដំណើរ​យ៉ាងខ្លាំង​ក្លា និង​គោលបំណង​ទទួល​ការ​ចុះចត របស់ យន្តហោះ​ធំៗ (​កូដ​E) ដូចជា​យន្តហោះ B-777-300ER ឬ​យន្តហោះ A-350-1000 ដែល​ធ្វើ​ប្រតិបត្តិ​ការហោះហើរ ត្រង់​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅមក​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​។​

​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយនេះ ខេត្ត​ព្រះសីហនុ​បានក្លាយ​ជា​ទិស ដៅ​ទាក់ទាញ​ភ្ញៀវ ទេសចរ​តាមរយៈ​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ ដែល​ស្ថិតនៅ ក្រោម​ដំណើរការ​អភិវឌ្ឍ និង​ឆ្នេរសមុទ្រ​ធម្មជាតិ​យ៉ាង​ស្រស់ស្អាត បាន​ទាក់ទាញ​វិនិយោគ​គិ​ន ធុរកិច្ច និង​ភ្ញៀវទេសចរ​ជាច្រើន​ផងដែរ​។ ដើម្បី​ប្រើប្រាស់​ទិសដៅ ដ៏​មាន​សក្តានុពល​នៃ​ខេត្ត​ព្រះសីហនុ រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​អាទិភាព​ទៅលើ​ការ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការអភិវឌ្ឍន៍​បណ្ដាញ​ត​ភ្ជាប់​ផ្លូវអាកាស​។ ដើម្បី​ឆ្លើយតប​ទៅ នឹង​បញ្ហា​ប្រឈម​ផ្នែក ភូ​គ​ព្ព​សាស្ត្រ ក្រុមការងារ​បច្ចេក ទេស​នៃ​ក្រុមហ៊ុន អាកាសយានដ្ឋាន​កម្ពុជា បានជ្រើសរើស​ក្រុមហ៊ុន Menard ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ របស់​ក្រុមហ៊ុន VINCI Group ជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅក្នុង​ពិភពលោក ផ្នែក​ជំនាញ​វិជ្ជាជីវៈ​កែលម្អ​ដី​ឱ្យ​ចូលរួម​ជា​ផ្នែក​មួយ​នៃ​គម្រោង​នេះ​។ អាកាសយានដ្ឋាន នៅ​បើក​ដំណើរការ​ដូច​ធម្មតា​ក្នុងខណៈពេល​គម្រោង​បំពេញការងារ​ពង្រីក និង​កែលម្អ​ផ្លូវ​រត់ នេះ ដោយមាន​កិច្ចសម្របសម្រួល​រវាង​ក្រុមហ៊ុន​ផ្សេងគ្នា​រួមមាន ទីភ្នាក់ងារ​អាកាសចរ​ណ៍​ស៊ីវិល ប្រតិបត្តិការ​អាកាសយា​ន​ដ្ឋា​ន ក្រុមហ៊ុន​អាកាសចរណ៍ ក្រុមហ៊ុន​ម៉ៅការ អ្នកត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវអាកាស គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​នៅ ពេល​អនុវត្តន៍​ការងារ​នៅ​ទីតាំង​មិន​ទំនេរ​។
​អាកាសយានដ្ឋាន​ពង្រីក​ការអនុវត្ត​បទ​ប្បញ្ញត្តិ​នៃ​សុវត្ថិភាព និង​សន្តិសុខ តឹងរ៉ឹង​បំផុត​ជាង​វិស័យ​នានា ការរៀបចំ​ការងារ​ដែ​ល​មានការ​ឆ្លើយតប​យ៉ាង​រហ័ស និង​មាន​កិច្ចសហការ​ល្អ គឺ​ត្រូវ​កំណត់​ដើម្បី​ធានាថា ប្រតិបត្តិការ​អាកាស យានដ្ឋាន​អាច​ដំណើរការ​ទៅដោយ​រលូន ពិសេស​ការទទួល​ជើងហោះហើរ​។ ប្រតិបត្តិការ​មានការ​រីកចម្រើន​ជាមួយនឹង​បទពិសោធន៍ និង​ដំណើរការ​មួយចំនួន ដែល​បាន​ដាក់ចេញ​នៅក្នុង​រយៈពេល​នៃ​គម្រោង​នេះ​មាន​សកម្មភាព​ធម្មតា​ពួកគាត់​បាន​បង្កើត​វិធីសាស្ត្រ​ថ្មីៗ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រតិបត្តិការ​ជំ នា​ញ​រៀបចំ និង​ជំនាញ​បច្ចេកទេស ផងដែរ សុវត្ថិភាព ប្រតិបត្តិ​ការទទួលបាន​ផល​និង​អត្ថប្រយោជន៍ ពី​កិច្ចសហការ​ជាមួយនឹង​ក្រុម និង​ការងារ​សំណង់​។

​ឯកឧត្តម​បណ្ឌិត​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខា ធិ​ការ​អាកាសចរណ៍​ស៊ីវិល​មានប្រសាសន៍ថា ការ​ពន្លូត ការជួសជុល​ផ្លូវ​រត់​ថ្មី យើង​មាន​ចក្ខុវិស័យ​ច្បាស់លាស់​មួយ​ដោយមាន​ការណែនាំ​ពី សម្ដេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បីឱ្យ​ក្រុមហ៊ុន អាកាសចរណ៍​របស់​រុស្ស៊ី ហោះ​មក​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​នាយករដ្ឋមន្ត្រី រុស្ស៊ី ឆ្លើយតប​ថា ប្រជាជន​រុស្ស៊ី​មិន​ចូលចិត្ត​ដើរលេង​ក្រៅពី​តំបន់​មាត់សមុទ្រ​។ ពីមុន​ផ្លូវ​រត់ ចុះចត​របស់​យើង​មាន​ចម្ងាយ ២,៥០០​ម៉ែត្រ យន្តហោះ​រុស្ស៊ី​ហោះ​ផ្លូវ​ឆ្ងាយ​មិនអាច​ចុះចត​បាន គឺ​តម្រូវការ​ផ្លូវ​រត់ ចាប់ពី ៣,០០០​ម៉ែត្រ​ឡើងទៅ ទើប​យើង​មាន​គោលការណ៍​ពីស​ម្ដេច​តេ​ជោ ធ្វើការ​វិនិយោគ​ព្រលានយន្តហោះ ដោយ​ធ្វើការ​ពន្លាត ការជួសជុល​រហូតមក​ដល់​សព្វថ្ងៃ នេះ​រួចរាល់​ជា​ស្ថាពរ​។ ថ្ងៃនេះ​មិនមែនជា​កម្មវិធី​សម្ពោធ​ផ្លូវការ​នោះទេ គឺ​មកសុំ​ការ​ប្រោះព្រំ សេចក្តីសុខ​តែប៉ុណ្ណោះ​។ ការចាប់ផ្ដើម​សម្ពោធ​ប្រើប្រាស់​ជា​ផ្លូវការ គឺមាន​វត្តមាន​សម្តេច​តេ​ជោ អញ្ជើញ​មក​សម្ពោធ​នៅពេល​វេលា​សមរម្យ​ណាមួយ ក្រោយពី​គម្រោង​បញ្ចប់​ការ​សាង សង់​ស្ថានីយ​អ្នកដំណើរ​ថ្មី​នៅ​ខែតុលា ឆ្នាំ​២០២២​ខាងមុខ ។
​ ​
​ឯកឧត្តម​បាន​បន្តថា កម្ពុ​ជាមាន​ព្រលានយន្តហោះ​អន្តរជាតិ​ចំនួន​៣ ក្នុងនោះ​មាន ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ មាន​ផ្លូវ​រត់​វែង​ជាងគេ ៣,៣០០​ម៉ែត្រ ភ្នំពេញ​មាន​ផ្លូវ​រត់ ៣,០០០​ម៉ែត្រ និង​ខេត្តសៀមរាប​មាន​ផ្លូវ​រត់ ២,៥៥០​ម៉ែត្រ ដែល​ប្រើប្រាស់​ជា​លក្ខណៈ​ព្រលាន​អន្តរជាតិ ។
​ ​
​ឯកឧត្តម​បន្តទៀតថា យើង​រៀបចំ​ស្ថានីយ​អ្នកដំណើរ​ចេញ​-​ចូល​ឱ្យបាន​សមស្រប​ទៅ​និង​ផ្លូវ​រត់ RUNWAY សព្វថ្ងៃ​ស្ថានីយ​រង់ចាំ​របស់​យើង​តូចចង្អៀត ត្រូវ​ធ្វើការ សាងសង់​ស្ថានីយ​អ្នកដំណើរ​ថ្មី ទោះបី​មាន​ផល​លំបាក​នៅ​ដើមឆ្នាំ ២០២០ ដោយសារតែ​ជំងឺ Covid ក៏ប៉ុន្តែ​ក្រុមហ៊ុន​បាន​ជម្នះ​នឹង​បញ្ចប់​តាម​ការគ្រោងទុក​នៅ​ខែ​១០ ឆ្នាំ​២០២២ យើង​មាន​ស្ថានីយ​ទំនើប​មួយ​មាន​ការចត​យន្តហោះ​ដែលមាន​ស្ពាន ប្រ​ម៉ោ​យ​យន្ត​ហោះចូល​ចត​បាន ៨​គ្រឿង អាច​ទទួល​អ្នកដំណើរ​ជាង ៣​លាន​នាក់​ក្នុង​មួយឆ្នាំ តម្រូវការ​ចាំបាច់​មិនមែន​តែ ដឹក​អ្នកដំណើរ​នោះទេ គឺ​យើង​មាន​ស្ថានីយ​ដឹក​សម្ភារ​បរិក្ខារ​មួយ ចំនួន​ទៀតផង​ដែរ ៕ ដោយ​៖ ងូ សុ​មុនី​