លោក កើត ឆែ​៖ នៅ​ដើមឆ្នាំ​២០២១ ខាងមុខ ក្រុមហ៊ុន​ដែលមាន​ស្តង់ដារ​ចំនួន​៣ នឹង​ចេញ​ប្រតិបត្តិការ​លើ​ការប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​

AKP ភ្នំពេញ ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០
​ក្រុមហ៊ុន​ដឹក​សំរាម​ចំនួន​០៣ ដែលជា​ក្រុមហ៊ុន​មាន​លក្ខណៈ​ស្តង់ដារ នឹង​ចេញ ប្រតិបត្តិការ​លើ​ការប្រមូល​និង​ដឹកជញ្ជូន​សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ នៅ​ដើមឆ្នាំ​២០២១ ខាងមុខនេះ ក្រោយពី​ក្រុមហ៊ុន​ទាំងបី​នេះ​បានសម្រេច​ជ្រើសរើស​រួច​។

​នេះ​បើតាម​ការបញ្ជាក់​ពី​លោក កើត ឆែ អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅក្នុង​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​៣ នា​ព្រឹក​ថ្ងៃទី​១៣ ខែតុលា​នេះ ក្រោម​អធិបតីភាព ឯកឧត្តម ប៉ា​សុជាតិ​វង្ស ប្រធាន ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង​។​
​ ​
​លោក កើត ឆែ បាន​លើកឡើងថា មកដល់ពេលនេះ​មាន​ក្រុមហ៊ុន​៦ ដែល​យើង បានជ្រើសរើស​រួចហើយ ហើយ​នៅក្នុង​ខែតុលា​នេះ​ក្រុមហ៊ុន​ទាំង​៦ នេះ​យើង​នឹងត្រូវ​ជ្រើស រើសយក​ក្រុមហ៊ុន​តែ​ចំនួន​៣​ប៉ុណ្ណោះ ដើម្បី​ចេញ​ប្រតិបត្តិការ​លើ​ការប្រមូល​សំរាម​នៅ ក្នុង​រាជធានី​ភ្នំពេញ ហើយ​ក្រុមហ៊ុន​ទាំង​៣​នេះ ជា​ប្រភេទ​ក្រុមហ៊ុន​មាន​លក្ខណៈ​ស្តង់ដារ ក្នុងការ​ប្រមូល​សំរាម ដោយ​ត្រូវ​បែង​ចែកជា​៣​តំបន់ និង​ស្ថិតក្រោម​ការប្រកួតប្រជែង​គ្នា​។​
​លោក​បាន​បន្តថា ក្រោយពី​សម្រេច​ជ្រើសរើស​ក្រុមហ៊ុន​បី​នេះហើយ យើង និង​ទុក​រយៈពេល​បី​ខែ​សម្រាប់​ឱ្យ​ក្រុមហ៊ុន​នីមួយៗ​រៀបចំ​ក្រុមហ៊ុន​របស់ខ្លួន ពោលគឺ​នៅ ដើមខែ​កុម្ភៈ​ឆ្នាំ​២០២១ ក្រុមហ៊ុន​ទាំង​៣​នេះ នឹង​ចាប់ផ្ដើម​ប្រតិបត្តិ​ការប្រមូល​សំរាម​ជា​ផ្លូវការ ។ នេះ​ជាការ​កែទម្រង់​ថ្មី​មួយទៀត ទៅតាម​ការអភិវឌ្ឍ​រាជធានី​ភ្នំពេញ​។​

​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ការធ្វើ​កូដកម្ម​មិន​ព្រម​ចូលធ្វើការ​របស់​កម្មក​រ​ក្រុមហ៊ុន ស៊ីន​ទ្រី គឺជា​ការធ្វើ​កូដកម្ម​ដែលមាន​ចេតនា​មិន​ព្រម​ចូលធ្វើការ​វិញ និង​មាន​អ្នក​នៅ​ពី​ក្រោយខ្នង​នៃ​ការធ្វើ​កូដកម្ម​នេះ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​រដ្ឋបាល រាជធានី​ភ្នំពេញ​នៅតែ​កំពង់​មមាញឹក​ទាំងថ្ងៃទាំងយប់ ដើម្បី​ធ្វើការ ប្រមូល​សំរាម​ឱ្យ​អស់ពី​រាជធានី​ភ្នំពេញ បើទោះបី​យើង​ប្រមូល​មិនបាន ១០០​ភាគរយ​ក៏ដោយ​។​
​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ឯកឧត្តម ប៉ា សុជាតិ​វង្ស បានបញ្ជាក់​ផងដែរ​ថា បញ្ហា​សំរាម​ជា​បញ្ហា​ធំ​មួយ​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​។ កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី ធ្វើ​កូដកម្ម​មិន​ព្រម​ប្រមូល​សំរាម គឺ​ពិតជា​ធ្វើឱ្យ​យើង​លំបាក​ហើយ​។ មន្ត្រី​និង អាជ្ញាធរ​ដែនដី ក្រៅពី​ការងារ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ហើយ​នោះ ត្រូវ​ចុះ​ប្រមូល និង​ដឹកជញ្ជូន​សំរាម មិន​ថា​ពេល​ថ្ងៃ​ឬ​យប់​នោះទេ​។ នេះ​ជាការ​ខិតខំ​ប្រឹងប្រែងរ​បស់​មន្ត្រី​យើង​។​
​ ​
​ឯកឧត្តម​បញ្ជាក់​ផងដែរ​ថា ក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​ខាងលើនេះ ប្រជាពលរដ្ឋ​បានលើកឡើង​ជា​សំណើ​ផ្ទាល់មាត់​ចំនួន​១៨​នាក់ និង​សំណើ​សំណូមពរ ជា​លាយលក្ខណ៍អក្សរ​ចំនួន ១៧​ច្បាប់ ដើម្បីឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជួយ ដោះស្រាយ ជូន​ពួកគាត់ ហើយ​អ្វី​ដែលជា​ការលើក ឡើងជា​សំណើ និង​សំណូមពរ​នោះ ភាគច្រើន​គឺ​ពួកគាត់​ជំរុញឱ្យមាន​ការកសាង នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅក្នុង​មូលដ្ឋាន ពិសេស ការស្ថាបនា ការជួសជុល​ផ្លូវ លូ ការបំពាក់​ភ្លើង​បំភ្លឺ​សាធារណៈ​ជា មួយ​នឹង​ការជំរុញ​ការដឹកជញ្ជូន​សំរាម​ផងដែរ​៕ ដោយ​៖ សួស សំរិត​