ពន្ធនាគារខេត្តបន្ទាយមានជ័យ រងការវាយប្រហារដោយទឹកជំនន់ ហើយត្រូវបង្ខំចិត្តជម្លៀសអ្នកជាប់ឃុំទៅកន្លែងមានសុវត្ថិភាព

​AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែតុលា​ ឆ្នាំ២០២០

ពន្ធនាគារខេត្តបន្ទាយមានជ័យ រងការវាយប្រហារដោយទឹកជំនន់ ហើយគណៈគ្រប់ គ្រងនៅទីនោះ ត្រូវបង្ខំចិត្តជម្លៀសអ្នកជាប់ឃុំទាំងអស់ ទៅពន្ធនាគារខេត្តផ្សេងៗ ដែលនៅ ក្បែរ។ របាយការណ៍បានឱ្យដឹងថា ចំនួនជនជាប់ឃុំក្នុងពន្ធនាគារនេះ មាន១៦០០នាក់ ក្នុងនោះស្រី១០០នាក់។

​នៅពេលកំពុងចុះពិនិត្យស្ថានភាពជន់លិចក្នុងមូលដ្ឋាននៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ដោយ សារតែស្ថានភាពលិចលង់ខ្លាំងគណៈគ្រប់គ្រងពន្ធនាគារខេត្ត បានសម្រេចជម្លៀស អ្នកជាប់ឃុំចេញទៅពន្ធនាគារខេត្តផ្សេងដែលនៅក្បែរ ដើម្បីកុំឱ្យមានហានិភ័យ អ្វីកើតឡើង។

បើតាមអភិបាលខេត្តបន្ទាយមានជ័យឱ្យដឹងថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានជួយ រថយន្តក្រុងចំនួន១០គ្រឿង ដើម្បីដឹកអ្នកទោសទៅកាន់កន្លែងមានសុវត្ថិភាពផងដែរ។

លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ក៏បានឱ្យដឹងដែរថា ជនជាប់ឃុំក្នុងពន្ធនាគារនេះមានចំនួន១,៦០០នាក់ក្នុងនោះស្រី១០០នាក់។ ដោយសារតែ ទឹកបានហូរចូលមកក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យយ៉ាងគំហុក ធ្វើឱ្យមានការលិច អាគាររដ្ឋបាល និងបន្តហូរចូលទៅក្នុងអាគារស្នាក់នៅរបស់ជនជាប់ឃុំ។

លោកបានឱ្យដឹងទៀតថា ដើម្បីបញ្ចៀសផលប៉ះពាល់ផ្សេងៗថ្នាក់ដឹកនាំ ពន្ធនាគារបានសម្រេចជម្លៀសចេញបន្ទាន់ជនជាប់ឃុំទៅកាន់ពន្ធនាគារនៃខេត្តមួយចំនួន ជាបណ្តោះអាសន្ន។ ជំហានដំបូងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ជនជាប់ឃុំ ចំនួន៨១១នាក់ ស្រី៨៥នាក់ ត្រូវបញ្ជូនចេញទៅកាន់ពន្ធនាគារខេត្តសៀមរាម តាមរថយន្តក្រុង។

គួរជម្រាបថា រហូតមកដល់ពេលនេះទឹកជំនន់បានវាយប្រហារយ៉ាងខ្លាំងដល់ ខេត្តបន្ទាយមានជ័យ។ របាយការណ៍បញ្ជាក់ថា ទឹកជន់លិចនៅស្រុកចំនួន៨ និងឃុំ៣៣ ប៉ះពាល់ប្រជាលរដ្ឋជិត៣ពាន់គ្រួសារ ស្លាប់៥នាក់ និងប៉ះពាល់សន្ទូង និងផលដំណាំផ្សេងៗ ជិត៦ពាន់ហិកតា។ ស្ថានភាពលំបាកនេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ក្រោមការបញ្ជាផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានចុះតាមដាន និងពិនិត្យជាប់ជា ប្រចាំផងដែរ នៅខេត្តកំពុងរងនូវការវាយប្រហារដោយទឹកជំនន់នេះ៕

ដោយ ឈុនសារ៉ាត