សម្តេចក្រឡាហោម ស ខេង៖ ខ្ញុំចង់ឃើញការអនុវត្តច្បាប់នៅកម្ពុជា ​ធ្វើតាមច្បាប់មិនមែនធ្វើតាមមាត់បុគ្គលឡើយ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ ថា សម្តេច​ចង់​ឃើញការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវមិនចង់ឃើញការអនុវត្តច្បាប់​តាមតែ​មាត់បុគ្គលនោះទេ។ ការគូសបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង នេះ ធ្វើឡើងក្នុង​ឱកាសអនុញ្ញាតឱ្យប្រតិភូគណៈមេធាវីនៃព្រះរាជាណាចកម្ពុជាដឹកនាំដោយលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចកម្ពុជា ចូលជួបសម្ដែង​ការគួរសម នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម​ ស ខេង បានលើកឡើងថា ក្រសួងមហាផ្ទៃ គឺជាក្រសួងដែល​ធ្វើ​កិច្ច​ការពាក់ព័ន្ធនឹងច្បាប់​ច្រើន ទាំងការកសាងច្បាប់ និងការអនុវត្តច្បាប់ ដែលទាមទារ​ឱ្យមានការប្រុងប្រយ័ត្នដើម្បីអនុវត្តន៍ឱ្យបានត្រឹមត្រូវ ហើយក្រសួងមហាផ្ទៃក៏មានឯកឧត្តម ប៊ុន ហុន អតីតប្រធានគណៈមេធាវី ដែលបានមកជួយការងារច្បាប់​នៅក្រសួងក្នុងឋានៈ​ជារដ្ឋលេខាធិការផងដែរ។ សម្ដេចក្រឡាហោមបានថ្លែងថា “ដូច្នេះក្រសួងក៏ទាមទារឱ្យ​មាន​អ្នកច្បាប់មកចូលរួមជួយច្រើន ក្នុងនោះក្រសួងក៏មានក្រុមប្រឹក្សានីតិកម្ម ដើម្បីធានា​ថាគ្រប់កិច្ចការគឺត្រូវតែអនុវត្ត​ន៍តាម​ច្បាប់ មិនមែនទៅតាមមាត់បុគ្គលនោះទេ”។

លោក សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបាន រាយ​ការណ៍ជូនសម្ដេចក្រឡាហោមថា គិតមកដល់ពេលនេះ គណៈមេធាវីមានសមាជិក​ចំនួន ​១ ៧៥៦ ជាសមាជិក​ពេញសិទ្ធិ និងមេធាវីកម្មសិក្សាចំនួន៣៤៩នាក់ ដោយក្នុងអាណត្តិ​ចុងក្រោយនេះ ចំនួន​មេធាវីមានការកើនឡើងដោយសារសេដ្ឋកិច្ចមានការរីកចម្រើន តម្រូវ​ការផ្លូវច្បាប់មានច្រើន ហើយគណៈមេធាវី ក៏បានពង្រាយមេធាវីទៅកាន់ខេត្តដាច់​ស្រយាល។ លោកបានបន្តថា ចំនួនមេធាវីនៅកម្ពុជា ប្រសិនបើប្រៀបធៀបនឹងចំនួន​ប្រជា​ពលរដ្ឋ គឺមេធាវីម្នាក់មានទំហំនៃ​ការផ្ដល់សេវាកម្មច្បាប់ជូនប្រជាពលរដ្ឋ​ដល់ទៅ ១ ៥០០ នាក់។ លោកក៏បានលើកឡើងអំពីការងារកំណែទម្រង់ការងាររដ្ឋ​បាលនៅគណៈមេធាវី​ដើម្បី​ឱ្យមានតម្លាភាព តាម​រយៈការបង្កើតគោលនយោបាយហិរញ្ញវត្ថុ គ្រប់គ្រងបុគ្គលិក សុខុមាលភាពមេធាវី និង​ប្រព័ន្ធគ្រប់គ្រងទិន្នន័យឯកសារ។

លោកប្រធានគណៈមេធាវីក៏បានបន្ដទៀតថា នៅក្នុងអាណត្តិនេះ គណៈមេធាវីបាន​ទទួលអគាររដ្ឋបាលបន្ថែមពីសាលាក្ដីខ្មែរក្រហម ដោយបានរៀបចំជាបន្ទប់រៀន​ចំនួន២​បន្ទប់ បន្ទប់បណ្ណាល័យ បន្ទប់ក្រុមប្រឹក្សាវិន័យ និងបន្ទប់ផ្សេងៗទៀតទៅតាមតម្រូវ​ការចាំបាច់របស់គណៈមេធាវី ខណៈការបណ្ដុះបណ្ដាលមេធាវីក៏ត្រូវបានកែទម្រង់ ដោយ​មានការបន្ថែមម៉ោងបង្រៀនផងដែរ។ ទន្ទឹមនេះ គណៈមេធាវីក៏បានសម្រេច​បានបង្កើត​ក្រុមប្រឹក្សាវិន័យតូចនៅក្រោមក្រុមប្រឹក្សាវិន័យធំ ដោយរៀបចំឱ្យមានការជំនុំជម្រះដូច​សវនា​ការនៅតុលាការ ដើម្បីឱ្យមេធាវីដែលមានរឿងអាចដាក់ភស្តុតាង ឬពលរដ្ឋដែល​ប្ដឹងមេធាវីអាចដាក់ភស្តុតាង និងមានសវនាការត្រឹមត្រូវស្របពេលដែលការងារសង្គម​ក៏ត្រូវបានគណៈមេធាវីខិតខំបំពេញយ៉ាងសកម្ម ជាពិសេសការផ្ដល់សេវាមេធាវីឥតគិត​កម្រៃ​ជូនប្រជាពលរដ្ឋក្រីក្រ។ លោកបានលើកឡើងទៀតថា ក្នុងរយៈពេល៤ឆ្នាំកន្លង​ទៅ​នេះ គណៈមេធាវីបានទទួលរឿងក្ដី ជួយជនក្រីក្រចំនួន ១៥ ៣៧៣ ករណី និងពីកូនក្ដីទូ ទៅចំនួន ២៣ ៤២៩ ករណី ក្នុងនោះ មានស្ត្រី ១ ៧០៥ នាក់ និងកុមារ ៥ ៩០៣ នាក់ ដោយ​​ការងារនេះ គណៈ​​មេធាវីបានទទួលការជួយគាំទ្រពីរាជរដ្ឋាភិបាល។

លោកប្រធានគណៈមេធាវីបានបន្ថែមថា កន្លងមកនេះមេធាវីមានឱកាសធ្វើការងារ​ផ្នែកសង្គមនេះបានច្រើន បន្ទាប់ពីមានការរៀបចំបន្ទប់មេធាវីនៅតាមពន្ធនាគារ ដែលនេះ​គឺជាសមិទ្ធផលមួយដ៏ធំធេងរបស់សម្ដេចក្រឡាហោម ស ខេង ក្នុងការផ្ដល់ឱកាស​ឱ្យ​គណៈ​មេធាវី​បាន​​រៀបចំសាងសង់បន្ទប់នៅតាមបណ្ដាពន្ធាគារ ដើម្បីបង្កើន និងពង្រឹង​សេវា​ប្រឹក្សាផ្នែកច្បាប់ក្នុងពន្ធនាគារ និងបានជួបកូនក្ដីនៅកន្លែងនគរបាល។

ជាមួយគ្នានេះ ដើម្បីជាការតបស្នងចំពោះគុណូប្បការៈរបស់សម្ដេចក្រឡាហោម គណៈមេធាវីបានសម្រេចគោរពជូនសម្ដេច​ក្រឡាហោម ស ខេង នូវអាវកិត្តិយស​ថ្នាក់​លេខ២ ដើម្បីជាអនុស្សាវរីយ៍ និងការដឹងគុណចំពោះសម្ដេចក្រឡាហោមដែលបានជួយ​គណៈមេធាវី​ក្នុងការងារពង្រឹងសេវាកម្មផ្នែកច្បាប់ និងយុត្តិធម៌សង្គម។ លោកប្រធាន​គណៈ​មេធាវីក៏បានស្នើសុំ​សម្ដេចក្រឡាហោម​​បន្តជួយគណៈមេធាវីដើម្បីឱ្យវិជ្ជាជីវៈកាន់តែ​រឹងមាំ ក្នុងនោះក៏មានការជំរុញឱ្យមេធាវី​អាចចូលជួបកូនក្ដីនៅកន្លែងនគរបាលបានច្រើន ជាងមុន ដោយសារកន្លែងខ្លះនៅមិនទាន់​មានកិច្ចសហការពេញលេញនៅឡើយ។ ក្រៅ​ពី​នេះ លោកប្រធានក៏បានស្នើសុំសម្ដេចក្រឡាហោមពិនិត្យលទ្ធភាពឱ្យ​មេធាវីបាននៅ​ប្រចាំ​ការនៅការិយាល័យនគរបាលនីមួយៗដើម្បីអាចផ្ដល់មតិយោបល់ផ្នែកច្បាប់ចៀសវាងមានបញ្ហាពេលបញ្ជូនរឿងក្ដីទៅតុលាការ។

សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរចំ ពោះគណៈមេធាវីនៃ​ព្រះរាជា​ណាចក្រកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចទទួលបានលទ្ធផលវិជ្ជមាន​ជាច្រើន​ផងដែរ៕

ដោយ ប៊ុនរិទ្ធ