ជប៉ុន​បានផ្ដល់​ជំនួយឥតសំណង​ជា​គ្រឿងចក្រ​ចំនួន​១៥​គ្រឿង ក្នុងតម្លៃ​ទឹកប្រាក់​ប្រមាណ ៤,៥ លាន​ដុល្លារ​អាម៉េរិក​

AKP ភ្នំពេញ ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០
រាជរដ្ឋាភិបាល​ជប៉ុន​បានផ្ដល់​ជំនួយឥតសំណង​ដល់​កម្ពុជា​តាមរយៈ​កម្ម​វិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​គ្រឿងចក្រ Marubini Protechs ក្នុងតម្លៃ​ទឹកប្រាក់​៥០០​លាន​យ៉េន​ជប៉ុន ស្មើនឹង​ប្រមាណ​៤,៥ លាន​ដុល្លារ​អាម៉េរិក ដែល​រួមមាន គ្រឿងចក្រ​ចំនួន​១៥ គ្រឿង ដើម្បី​ចូលរួម​ជួយ​ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅក្នុង​ប្រទេស​កម្ពុជា​។ ការផ្ដល់​ជំនួយឥតសំណង​នេះ ធ្វើឡើង​ក្នុង​ពិធី​ប្រគល់​-​ទទួល​គ្រឿងចក្រ​សាងសង់ ដែលជា​ជំនួយឥតសំណង​របស់​ប្រទេស​ជប៉ុន តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម នា​ព្រឹក​ថ្ងៃ​ចន្ទ ១០​រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​ជប៉ុន​ដែល​បានផ្ដល់​ជំនួយឥតសំណង ព្រមទាំង​ហិរញ្ញប្បទាន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​សម្រាប់​ការស្ដារ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ និង​មាន​សក្ដានុពល​ជាច្រើន ក្នុងទិសដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​អភិវឌ្ឍន៍​កម្ពុជា​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សម្ដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ តាមរយៈ​ឯកឧត្តម​ឯកអគ្គរាជទូត MIKAMI Masahiro ជូន​ចំពោះ​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល​ជប៉ុន ដែលជា​និច្ចកាល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី បច្ចេកទេស ឥណទាន​កម្ចីសម្បទាន និង​ជំនួយឥតសំណង​ជា​បន្តបន្ទាប់​សម្រាប់​សាងសង់ ស្ដារ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​-​ស្ពាន និង​កំពង់ផែ​អន្តរជាតិ សម្រាប់​ជួយ​សម្រួល​ដល់​ចរាចរណ៍​ដឹកជញ្ជូន​ទំនិញ​ទៅកាន់​ទីផ្សារ​ជាតិ និង​អន្តរជាតិ​សំដៅ​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច អភិវឌ្ឍន៍​សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​។​

​សូម​ជម្រាបជូន​ថា គម្រោង​ផ្តល់ជំនួយ​នេះ​មាន​ឈ្មោះថា ជំនួយឥតសំណង​តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​គ្រឿងចក្រ Marubini Protechs ក្នុងតម្លៃ​ទឹកប្រាក់​៥០០​លាន​យ៉េន​ជប៉ុន ស្មើនឹង​ប្រមាណ​៤,៥ លាន​ដុល្លារ​អាម៉េរិក ដែល​រួមមាន គ្រឿងចក្រ​ចំនួន​១៥ គ្រឿង​គឺ Road Stabilizer & Accessories (3 Units), Vibratory Single Drum Roller with CANOPY Stay (3 Units), Pneumatic Tire Roller (3 Units), Vibratory Tandem Roller (3 Units), Walk-behind Roller (3 Units), និង Spare Parts & Consumables ផងដែរ​។ ក្រៅពីនេះ សម្រាប់​ជំនួយ​សម្រាប់​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​រួមមាន​៖ ផ្លូវជាតិ លេខ​៦ ផ្លូវជាតិ លេខ​៧ និង​ផ្លូវជាតិ​លេខ​១ ប្រវែង​សរុប ២៥៤,៣​គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ ១៨៩,១​លាន​ដុល្លារ​អាម៉េរិក ស្ពាន​គី​ហ្សូ​ណា និង​ស្ពាន​ត្សឹ​បា​សា​ប្រវែង​សរុប ៣៥៧៥ ម៉ែត្រ ចំណាយ​ថវិកា​ប្រមាណ​១៨៦ លាន​ដុល្លារ​អាម៉េរិក និង​ជួសជុល​ស្ពាន​ជ្រោយចង្វារ​ប្រវែង​សរុប ១ ០៨០​ម៉ែត្រ ចំណាយ​ថវិកា​ប្រមាណ ៣០ លាន​ដុល្លារ​អាម៉េរិក​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី​បាន​បន្ថែមថា ការប្រើប្រាស់​ម៉ាស៊ីន Stabilizer មាន​ប្រយោជន៍ យ៉ាងខ្លាំង​ក្នុងការ​កាត់បន្ថយ ចំណាយ​លើ​ការថែទាំ​ផ្លូវ បើ​ប្រៀបធៀប​នឹង​មធ្យោបាយ ធម្មតា ពោលគឺ​ចំណាយពេល​ខ្លី​ក្នុង​ប្រតិបត្តិ​ការសាងសង់​ពុំ​សូវ​មានការ​បំពុលបរិស្ថាន (​ការ​ហុយធូលី​ក្នុងពេល​សាងសង់​) ផ្លូវ​អាច​ប្រើប្រាស់​បានយូរ​អង្វែង បន្ទាប់ពី​ទទួលបាន ការពង្រឹង​ដោយ​ប្រើ​ម៉ាស៊ីន Stabilizer​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ប្តេជ្ញា​នាំយក​គ្រឿង ចក្រ ទាំងនេះ​ទៅប្រើ​ប្រាស់​ក្នុង​គម្រោង​សាងសង់​ផ្លូវ​នានា ជាពិសេស​គម្រោង​សាងសង់​ផ្លូវ ទាំង ៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ទើបតែ​បាន អនុម័ត​កាលពីពេល ថ្មីៗ កន្លងទៅនេះ ឱ្យសម្រេចបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ តាម​គោលការណ៍ និង ចក្ខុវិស័យ​ក្នុងការ​សាងសង់​ផ្លូវ​ឱ្យបាន​ជាប់​រឹងមាំ និង​ប្រើប្រាស់​បានយូរ​អង្វែង​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​លើកឡើង​ដែរ​ថា បច្ចុប្បន្ននេះ ជប៉ុន​កំពុង​ផ្ដល់ជំនួយ​ឥត សំណង​សម្រាប់​គម្រោង​សាងសង់​ស្ពាន​ឡើងវិញ​បន្ទាន់​នៅ​តំបន់​កំពុង​ប្រឈម​នឹង​ទឹកជំនន់​ដែល​សាងសង់​ស្ពាន​ចំនួន ៧​កន្លែង ស្ថិតក្នុង​ខេត្តព្រៃវែង និង​ខេត្តក្រចេះ ចំណាយ​ថវិកា ប្រមាណ ៣៥​លាន​ដុល្លារ​អាម៉េរិក និង​ផ្លូវជាតិ​លេខ​៥ ប្រវែង​សរុប ៣៦៦​គីឡូម៉ែត្រ ក្នុង​ទំហំ​ថវិកា​ប្រមាណ​៥០០​លាន​ដុល្លារ​អាម៉េរិក​ផងដែរ​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​បញ្ជាក់ថា បើទោះបីជា​ពិភពលោក​រួមទាំង​កម្ពុ​ជា​ផងដែរ​នោះ ត្រូវបាន​យាយី​ដោយ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ​ក៏​ជំងឺ​នេះ​មិនបាន​រារាំង​ដល់​ការអភិវឌ្ឍ​ឡើយ​។ ជាក់ស្ដែង​គ្មាន​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ណា​ដែល​អសកម្ម ឬ​លុបចោល​នោះទេ ហើយ​ពិធី​ប្រគល់​-​ទទួល​ថ្ងៃនេះ​ក៏​ជា​សកម្មភាព​ការងារ​ក្រោម​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា​និង​ជប៉ុន​ក្នុង​ការបន្ត​បេសកកម្ម​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត​ផងដែរ​៕ ដោយ រិទ្ធី ប្រភព​៖ ក្រសួង​សាធារណការ​