រដ្ឋមន្ត្រី​សា​ធារណ​ការ​និង​ដឹកជញ្ជូន​លើកឡើងថា ជប៉ុន​កំពុង​សិក្សា​សាងសង់​កំពង់ផែ​ជម្រៅ​ជិត​១៥​ម៉ែត្រ នៅ​ខេត្ត​ព្រះសីហនុ​

AKP ភ្នំពេញ ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០
​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​លើកឡើងថា ជប៉ុន​បាន​កំពុងតែ​សិក្សា​សាងសង់​កំពុងផែ​ដែលមាន​ជម្រៅ​ជិត​១៥​ម៉ែត្រ​នៅ​ខេត្ត​ព្រះសីហនុ​ដើម្បី​អនុញ្ញាតឱ្យ​នាវា​ខ្នាត​ធំ​មកពី​បណ្តា​ប្រទេស​មកពី​អា​ទ្វីបអាស៊ី​ប៉ាស៊ីហ្វិក​។​

​ក្នុង​ពិធី​ប្រគល់​-​ទទួល​គ្រឿងចក្រ​សាងសង់ ដែលជា​ជំនួយឥតសំណង​របស់ ប្រទេស​ជប៉ុន តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម នា​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​គូសបញ្ជាក់ថា ភាគី​ជប៉ុន​កំពុងតែ​សិក្សា​សាងសង់​កំពុង​ផែន​ដែលមាន​ជម្រៅ​១៤,៥​ម៉ែត្រ ទឹក​ជ្រៅ​មួយទៀត​នៅ​ខេត្ត​ព្រះសីហនុ ដើម្បីឱ្យ​នាវា​ធុន​ធំ​នៅក្នុង​ទ្វីបអាស៊ី​ប៉ាស៊ីហ្វិក​ចូល​ចត បាន​នៅ​ខេត្ដ​ព្រះសីហនុ​។ ឯកឧត្តម​បាន​បន្តថា មិត្ត​ជប៉ុន​ក៏បាន​ជួយ​ផ្តល់ជំនួយ​ផ្នែក​ទិន្នន័យ​គ្រប់គ្រង​កំពង់​ផែន ព្រមទាំង​បាន​បញ្ជូន​អ្នកបច្ចេកទេស​មកជួយ​នៅ​ក្រសួង​ដឹកជញ្ជូន និង​កំពង់ផែ​ក្រុងព្រះសីហនុ​ផងដែរ​។ ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី​បាន​បន្ដទៀតថា ផែនការមេ​ឡូ​ជី​ស្ទិ​ក​ភស្តុភា​រកម្ម និង​ដឹកជញ្ជូន ក៏​ជប៉ុន​បាន​សហការ​ជាមួយ​ធនាគារ​ពិភព លោក ហើយ​បានបញ្ចប់​បេសកកម្ម​ដែរ​។

​ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី​បានចាត់ទុក​ផែនការ​មេនេះ​បាន​បង្ហាញថា កម្ពុ​ជាមាន​គម្រោង​ប្រហែលជា​៣០០​គម្រោង​ដែល​ត្រូវតែ​អនុវត្តន៍​ដើម្បីឱ្យ​ផែនការ​ភស្តុភារ​កម្មនេះ​ដំណើរ​រលូន និង​អាចឱ្យ​កម្ពុជា​កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្ពាន ។​ល​។ ឯកឧត្តម​ទេសរដ្ឋមន្ដ្រី បាន​បន្ថែមថា ការផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ជា​ជំនួយឥតសំណង​សម្រាប់​ស្ដារ​-​សាងសង់ ផ្លូវ​ចំនួន​៣​ខ្សែ រួមមាន ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​១ ដែលមាន​ប្រវែង​សរុប​២៥៤,៣​គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ​១៨៩,១​លាន​ដុល្លារ​អាម៉េរិក​។​
​ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី​ក៏បាន​សម្ដែង​នូវ​ការរីករាយ​យ៉ាងខ្លាំង​ដែល​ទទួលបាន​នូវ ម៉ាស៊ីន Stabilizer នេះ ដែល​នឹង​យកទៅ​ប្រើប្រាស់​ក្នុង​គម្រោង​សាងសង់​ផ្លូវ​អាទិភាព​នានា ផ្លូវ​ដែល​ទទួលរង​នូវ​ការខូចខាត​ខ្លាំង ដោយ​កត្តា​ផ្សេងៗ រួមមាន ការដឹក​លើស​ទម្ងន់​កំណត់ និង​ប្រើប្រាស់​ចំពោះ​ផ្លូវ​៣៨​ខ្សែ ក្នុង​ខេត្តសៀមរាប ឱ្យសម្រេចបាន​ជោគជ័យ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

​ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងថា បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​កំពុង​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ ស្របពេល​ជាមួយនឹង​ចំនួន រថយន្ដ​ដឹកទំនិញ និង​រថយន្ដ​ដឹក​អ្នកដំណើរ​កំពុង​តែមាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​។ ឯកឧត្ដម​ឯកអគ្គរាជទូត​បាន​ថ្លែងបន្ដថា បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​កំពុង​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ ស្របពេល​ជាមួយគ្នានេះ ចំនួន​រថយន្ដ​ដឹកទំនិញ និង​រថយន្ដ​ដឹក​អ្នក ដំណើរ​កំពុងតែ​មានកា​រ​កើនឡើង​យ៉ាង​ឆាប់រហ័ស​។ ទន្ទឹមនេះ កាលពី​ថ្មីៗ​នេះ​ប្រទេស​ជប៉ុន​បានផ្ដល់​ជំនួយ​សម្រាប់​គ​ម្រោ​ង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ​១​ក្រោម​ជំនួយ​ឥត សំណង​និង​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ​៥ តាមរយៈ​ប្រាក់កម្ចី​ប្រាក់​យ៉េន​។​

​ឯកឧត្ដម​បាន​បន្ថែម​ថា “​ខ្ញុំ​បានដឹងថា ផ្លូវថ្នល់​ជាច្រើន​ផ្សេងទៀត ក៏​កំពុង​ត្រូវបាន​សាងសង់​និង​ជួសជុល ក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដោយមាន​ការគាំទ្រ​ពី​ម្ចាស់ជំនួយ​នៃ​ប្រទេស​ដទៃទៀត​”​។ ឯកឧត្ដម​ឯកអគ្គរាជទូត​បាន​មើលឃើញថា ផ្លូវថ្នល់​គឺជា​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ងាយ​រង​ការខូចខាត ហើយ​បច្ចុប្បន្ន​គម្រោង រៀបចំ​ផ្លូវ​ជាច្រើន​កំពុងដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​។
​ឯកឧត្ដម​បាន​បន្ថែម​ទៀតថា ការរក្សា​ស្ថានភាព​ផ្លូវ​ថ្នូ​ល់​ឱ្យ​បានល្អ តាមរយៈ​ការគ្រប់គ្រង​ថែទាំ​ត្រឹមត្រូវ​គឺ​ពិត​ជាមាន​សារៈសំខាន់ និង​ការគ្រប់គ្រង​ថែរក្សា​ផ្លូវ​ថ្នូ​ល់​គឺជា​ការងារ​ដែលមាន​សារៈសំខាន់​បំផុត​៕​ដោយ ប៊ុន​រិ​ទ្ធ​