ឯកឧត្ដម ឃួ​ង ស្រេង បាន​ណែនាំ​ឱ្យកម្លាំង​រាជ​អាវុធហត្ថ ត្រូវ​បន្ត​ជួយ​ការងារ​សង្គម ​និង​ទប់ស្កាត់​ក្រុម​ជ្រុលនិយម ដែល​ចង់​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា​

AKP ភ្នំពេញ ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០
​ ​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​កងកម្លាំង​រាជ​អាវុធ ហត្ថ​ត្រូវ​បន្ត​ជួយ​ការងារ​សង្គម និង​ទប់ស្កាត់​ក្រុម​ជ្រុលនិយម ដែល​ចង់​បំផ្លាញ​សន្តិភាព​នៅ កម្ពុជា ដើម្បី​ធានាបាន​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​សុខក្សេមក្សាន្ត​ក្នុង​ម្លប់ សន្តិភាព​។​ ​ឯកឧត្ដម ឃួ​ង ស្រេង បាន​ណែនាំ​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើ ប្រាស់​អគារ​រដ្ឋបាល​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០​។​
​ ​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ ឱ្យ​កង​រាជ​អាវុធ ហត្ថ​រាជធានី​ភ្នំពេញ ត្រូវ​ត្រៀមលក្ខណៈ​ជាប់​ជាប្រចាំ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​លើ​ការងារ ជួយសង្គ្រោះ​ក្នុង​ហេតុការណ៍​ណាមួយ​ដូចជា គ្រោះមហន្តរាយ គ្រោះ​អគ្គិភ័យ និង​ការ អន្តរាគមន៍ ចំពោះ​ករណី​គ្រោះទឹកជំនន់​ទឹកភ្លៀង​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។

​ឯកឧត្ដម​បានបញ្ជាក់​ថា កិច្ចការងារ​ជួយ​សង្គម​បន្ថែម​នេះ គឺ​បាន​ជួយ​សម្រាល​ការ លំបាក​របស់​ប្រជាពលរដ្ឋ​បានជា​ច្រើន ខណៈដែល​កងកម្លាំង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បំពេញការងារ​ស្នូរ​របស់ខ្លួន​យ៉ាងសកម្ម ដូចជា​ការបង្ក្រាប​បទ​ល្មើស និង​បញ្ហា អសន្តិសុខ​នានា​ក្នុងសង្គម ដែល​ធានាបាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​មូល​ដ្ឋាន។​

​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​បន្ត​អំពាវនាវ​ដល់​កម្លាំង​សមត្ថកិច្ច​នេះ​ឱ្យ ត្រៀមលក្ខណៈ​ជួយ​អន្តរាគមន៍ ការពារ​សុវត្ថិភាព​សង្គម និង​ការពារ​សន្តិភាព​ឱ្យបាន​គង់វង្ស ខណៈដែល​ក្រុម​ជ្រុលនិយម​នៅក្រៅ​ច្បាប់ មិនទាន់​លះបង់​គំនិត​បំផ្លាញ​សេចក្តីសុខ និង សុខសន្តិភាព​របស់​ក​ម្ពុ​ជា​នៅឡើយ​ទេ​។​
​ ​ឯកឧត្តម បាន​ណែនាំ​ឱ្យកម្លាំង​សមត្ថកិច្ច​ទាំងអស់​មិនត្រូវ​ធ្វេសប្រហែស​បានឡើយ ដោយ​ត្រូវគោរព​តាម​បទបញ្ជា​ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​ត្រៀម​ការពារ​កុំឱ្យ​ពួកក្រុម​ឧទ្ទាម ពួកក្បត់​ជាតិ បានសម្រេច​បំណងប្រាថ្នា​បំផ្លាញ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញ ពី​ការបោះឆ្នោត​។ កម្លាំងប្រដាប់អាវុធ​យើង​មិន​ត្រឹមតែ​បំពេញការងារ​សន្តិសុខ សណ្តាប់ ធ្នាប់​សាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​កម្លាំង​ត្រៀម​អន្តរាគមន៍​ដ៏​មាន​ប្រសិទ្ធភាព​លើ គ្រប់​ភារកិច្ច​សង្គម​ទាំងអស់​។

​​ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង យោធពល ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​មានប្រសាសន៍ថា កងរាជអាវុធហត្ថ​ទាំងអស់​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ព្រោះថា​នាពេលខាងមុខ សភាពការណ៍​ពិបាក​នឹង​សន្និដ្ឋាន​ដោយសារ​ជំងឺ​កូ​វីដ​១៩ និង​ឧបាយកល​បំផ្លាញ​សន្តិភាព មិនដឹងថា​បទល្មើស​អ្វីខ្លះ​វា​នឹង​អាច​កើតមានឡើង ពិសេស ត្រូវ​យកចិត្តទុកដាក់​លើ​វិធានការ តាមដាន​ក្តាប់​ឱ្យ​ជាប់​នូវ​រាល់​ព័ត៌មាន​ប្រែប្រួល ការងារ​អប់រំ ពង្រឹង​ផ្នែក​នីតិវិធី ធ្វើជា​គំរូ​ល្អ សម្រាប់​ការគោរពវិន័យ​កងទ័ព គំរូ​ក្នុងការ​ប្រតិបត្តិ​ច្បាប់ ប្រកាន់ខ្ជាប់​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ប្តេជ្ញា​ការពារ​ដាច់ខាត​ច្បាប់​រដ្ឋ​ធ​មនុញ្ញ​។​
​ដើម្បី​សម្រេចបាន​ភារកិច្ច​ទាំងអស់នេះ ឯកឧត្ដម សៅ សុខា បានដាក់​ទិស​ស្លោក ជួយ​គិត ជួយ​ធ្វើ រួមគ្នា​ទទួលខុសត្រូវ​។ ចំពោះ​ប្រទេសជាតិ​វិញ ត្រូវតែ​ការពារ​បម្រើ​ប្រជា ពលរដ្ឋ​ហើយ​រាល់ បទល្មើស​ត្រូវតែ​បង្ក្រាប​។

​ឯកឧត្ដម​បានបញ្ជាក់​ថា ដើម្បី​អនុវត្តន៍​នូវ​តួនាទី​និង​ភារកិច្ច មេបញ្ជាការ​កង​រាជ​អាវុធ ហត្ថ​លើ​ផ្ទៃ​ប្រទេស​បានកំណត់​យក​កិច្ចការ​អាទិភាព​ចំនួន​៧ ធ្វើជា​មូលដ្ឋាន​សម្រាប់ ធ្វើ​សកម្មភាព​មានដូចជា​៖ ការហូបចុក សម្លៀកបំពាក់ ការសាងសង់​សំណង់​អាគារ​សម្រាប់ ស្នាក់នៅ​ធ្វើការ​រៀនសូត្រ ការថែទាំ​សុខភាព ការអប់រំ​ហ្វឹកហ្វឺន​និង​រៀនសូត្រ ការធានា មធ្យោបាយ​ធ្វើដំណើរ​ឧបករណ៍​សម្ភារ​គ្រឿង​បំពាក់​និង​កម្សាន្ត​លំហែ គោលនយោបាយ លើកទឹកចិត្ត ព្រមទាំង​ដោះស្រាយ​នូវពេល​ជួប​ទុក្ខលំបាក ៕ ដោយ សួស សំរិត​