ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋមន្ត្រីការបរទេសចិន អញ្ជើញធ្វើជាសាក្សី​ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៤

AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សកិច្ចផ្លូវការនៅកម្ពុជានោះ បាន អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៤ សំដៅពង្រឹងកិច្ច​សហ​ប្រតិបត្តិការរវាងកម្ពុជា និងចិនឱ្យកាន់តែប្រសើរឡើងថែមទៀត នាព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០ នៅវិមានសន្តិភាព។

ឯកសារទាំងនោះរួមាន ១.កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង ព្រះរាជាណា ចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ ២.កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស សម្រាប់ការផ្តល់ហិរញ្ញប្បទានឥតសំណង។ ៣.លិខិតប្ដូរសារស្តីពី​ការ​សិក្សា​សមិទ្ធិលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ៤.លិខិត​ប្ដូរ​សារស្តីពីការសិក្សា សមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនា​សម្ព័ន្ធ​ប្រព័ន្ធលូ និង​ប្រព្រឹត្តិ​កម្មទឹកកខ្វក់នៅខេត្តព្រះសីហនុនិងពិធីប្រគល់ និងទទួលជំនួយ​បរិក្ខារវេជ្ជ​សាស្ត្រ។

គួរបញ្ជាក់ដែរថា ឯកឧត្ដម  វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃ​សាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា កាលពី​រសៀលថ្ងៃទី ១១ ខែតុលាឆ្នាំ២០២០ តាមជើងយន្តហោះពិសេស ដើម្បីបំពេញទស្សនកិច្ច​ផ្លូវការរយៈពេលពីរថ្ងៃនៅកម្ពុជា (ថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២០)។ ក្នុងអំឡុង​ពេល​ទស្សនកិច្ចនេះ ឯកឧត្ដម វ៉ាង យី បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយ​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជួប​ពិភាក្សាការងារជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។ ឯកឧត្ដម វ៉ាង យី ក៏​បានប្រជុំផ្លូវការជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើ​កិច្ចសហ​ប្រតិ​បត្តិការទ្វេភាគីក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែល​ជាប្រយោជន៍​និងកង្វល់រួម។ ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម វ៉ាង យី មកកាន់​កម្ពុជាលើកនេះ នឹងបន្តពង្រឹងបន្ថែមនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និង​កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងចិន ក្នុងបរិបទ​នៃបញ្ហាប្រឈម​ជាសកលនៃជំងឺកូវីដ-១៩ ដែលពុំធ្លាប់មានពីមុន៕

ដោយ ជឹម ណារី