ការប្រកួតពានរង្វាន់បាល់ទាត់យុវជនស្រុកល្វាឯមបញ្ចប់ដោយជោគជ័យ

AKP កណ្តាល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០

ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់យុវជនស្រុកល្វាឯម ប្រចាំឆ្នាំ២០២០ បាន ប្រកាសបិទជាផ្លូវការ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បន្តាប់ពីដំណើរការប្រកួតអស់ រយៈពេលជាង២ខែកន្លងមក ដោយពិធីបិទការប្រកួតត្រូវបានប្រារព្ធធ្វើឡើងក្រោមវត្ត មាន ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកល្វាឯម ទទួល​បន្ទុកចលនាយុវជន ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ​មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក កន សុខកាយ អភិបាលស្រុកល្វាឯមលើកឡើងថា ការប្រកួតកីឡាបាល់ ទាត់​ដណ្តើម​ពានរង្វាន់យុវជនស្រុកល្វាឯម ប្រចាំឆ្នាំ២០២០ មានក្រុមចូលរួមចំនួន១៦ក្រុម មកពីឃុំចំនួន១១ក្នុងស្រុកល្វាឯម និង៣ក្រុមមកពីស្រុកផ្សេងៗ ដោយត្រូវបានចែក​ចេញ​ជា៤ពូល។ លោកបានបន្ដថា ការប្រកួតនេះបានចាប់ផ្តើមពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ និងបានបញ្ចប់នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ដោយមានរយៈ៩សប្តាហ៍ ស្មើនឹង៣២​ប្រកួត។ ជាមួយនឹងការប្រកួតជម្រុះយ៉ាងស្វិតស្វាញជាបន្តបន្ទាប់ គណៈកម្មការបច្ចេក​ទេសបានសម្រិតសម្រាំងបានម្ចាស់ជ័យលាភី។

ជាមួយគ្នានេះដែរ លោកអភិបាលស្រុកល្វាឯង ក៏បានសម្តែងការដឹងគុណជូន ចំពោះឯកឧត្តម ជាប ដាវុធ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជានិច្ចកាលតែង​តែ​​ខិតខំ​ជួយ​ជ្រោមជ្រែងដល់វិស័យអប់រំ យុវជន និងកីឡា ព្រមទាំងវិស័យផ្សេងៗទៀត ក្នុងស្រុក​ល្វាឯម ទាំងមូល។

ឯកឧត្តម ជាប ដាវុធ បានផ្តល់អនុសាសន៍ឱ្យយុវជននានាខិតខំចូលរួម​ក្នុងសកម្ម​ភាព​កីឡាឱ្យបានផុលផុស ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព និងចៀសឆ្ងាយ​ពី​គ្រឿងញៀន ឬអំពើអបាយ​មុខផ្សេងៗ ក្នុងគោលបំណងបំផុសស្មារតីឱ្យ​វិស័យកីឡា​នៅ​ក្នុងស្រុកល្វាឯមកាន់តែរីកចម្រើន សម្រាប់ការប្រកួតនានា នៅពេលខាងមុខ។ ជាមួយ គ្នានោះឯកឧត្តមបានណែនាំដល់យុវជនឱ្យខិតខំរៀនសូត្រ ដើម្បីអនាគតខ្លួនឯងផង ដើម្បី​អនាគតសង្គមជាតិយើង ឱ្យកាន់តែអភិវឌ្ឍន៍តទៅថ្ងៃអនាគតផងដែរ។

ឯកឧត្តម ជាប ដាវុធ បានផ្តល់កិត្តិយសប្រគល់ពានរង្វាន់ បំពាក់មេដាយ និង​ប្រគល់ជូននូវសម្ភារកីឡា អមដោយថវិកាលើកទឹកចិត្តជូនដល់ក្រុមជ័យលាភី និងផ្តល់​ថវិកាលើកទឹកចិត្តជូនដល់ក្រុមមិនទទួលបានជ័យលាភីផងដែរ។ ទន្ទឹមនេះ ក្រុមអាជ្ញា​កណ្តាលទទួលបានការជួយឧបត្ដម្ភចំនូន ១លាន២សែនរៀល និង១២ក្រុមមិនទទួល​បាន​ជ័យលាភី សរុបចំនួន ៦លានរៀល, ចំណាត់ថ្នាក់លេខ៤ ៦០ម៉ឺនរៀល, លេខ៣ ១លាន​៥សែន​រៀល និងចំណាត់ថ្នាក់លេខ២ និងលេខ១ ទទួលបានការលើកទឹកចិត្តនូវ​ប្រាក់​រង្វាន់ចំនួន ៣លានរៀលស្មើៗគ្នា ដោយ​សរុបប្រាក់រង្វាន់ទាំងអស់មានចំនួនជិត១៥​លាន​រៀល៕

ដោយ ហេង ណាលីន