រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទា ជនវិបល្លាសស្មារតី នៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល

AKP កណ្តាល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០

ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន​អញ្ជើញទស្សនកិច្ច និងចុះពិនិត្យមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាន​ជនវិប​ល្លាស​ស្មារតី ដែលបច្ចុប្បន្ន មជ្ឈមណ្ឌលនេះមានបងប្អូនជនវិបល្លាសស្មារតីចំនួន៦២ នាក់ ស្រី៣៨ នាក់ ស្នាក់នៅ និងទទួលបាន​សេវា​ព្យាបាល ថែទាំ ប្រឹក្សាយោបល់ និងស្តារនីតិ​សម្បទាបានយ៉ាងល្អប្រសើរ។ ការទស្សនកិច្ចនៅមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាន​ជនវិប​ល្លាស​ស្មារតីនេះ ស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក៏មានការអញ្ជើញចូលរួម ពី​តំណាង​អង្គការ ឈឺជឺ និងបាននាំយកអង្ករចំនួន១តោន និងសូឡា ចំនួន៣០ គ្រឿងផ្តល់​ជូនមជ្ឍមណ្ឌលផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម វង សូត ក៏បានចុះពិនិត្យ ការសាងសង់ និងជួសជុល មជ្ឈមណ្ឌល​យុវនិតិសម្បទា មណ្ឌលកុមារកំព្រាបារាំង-ហុងគ្រី និងទីតាំង សម្រាប់សាង សង់​មណ្ឌលសំចតសម្រាប់ដាក់ជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើជូញដូរ​មនុស្ស។ មជ្ឈមណ្ឌលយុវនីតិសម្បទានេះ ត្រូវបានរៀបចំពិធីបើកការដ្ឋានសាងសង់ និងជួសជុល នៅ​ថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបាន​មានប្រសាសន៍ថា ការបង្កើតឱ្យមានមណ្ឌលនេះ គឺបានឆ្លើយតបទៅនឹងច្បាប់​ស្តីពីយុត្តិធម៌​អនីតិជន ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តន៍កាលពីខែកក្កដា ឆ្នាំ២០១៦ ច្បាប់នេះ គឺជាឧបករណ៍ដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែផ្តល់ការយល់ដឹង និងការអនុវត្តឱ្យកាន់​តែ​ប្រសើរឡើងរបស់មន្រ្តីតុលាការ និងមន្រ្តីអនុវត្តន៍ច្បាប់ ក្នុងកិច្ចការពារ និងគ្រប់គ្រង​វិស័យ​យុត្តិធម៌ ព្រហ្មទណ្ឌ សម្រាប់អនីតិជនប៉ុណ្ណោះទេ។ ឯកឧត្ដមរដ្ឋមន្រ្ដីបាន​គូស​បញ្ជាក់ថា ច្បាប់នេះ ក៏បានគិតគូរពីវិធានការទាំងឡាយ ដែលទាក់ទងនឹងការស្តារ​នីតិ​សម្បទា និងសមាហរណកម្មពួកគេ ទៅក្នុងសហគមន៍វិញ ក្នុងគោលបំណងប្រែក្លាយ​ពួកគេ ទៅជាពលរដ្ឋល្អក្នុងសង្គម។

សូមបញ្ជាក់ថា មណ្ឌលយុវនីតិសម្បទានេះ មានអគារសរុបចំនួន១៧ខ្នង ដែល​អគារ ត្រូវជួសជុលចំនួន១២ខ្នង និងអគារត្រូវសាងសង់ថ្មីចំនួន៥ខ្នង តាមគម្រោង​នឹងរួច​រាល់នៅ ឆ្នាំ២០២១ ខាងមុខ៕

ដោយ ឡុង ស៊ីវ៉ាន់ ប្រភព៖ ក្រសួងសង្គមកិច្ច