អភិបាលខេត្ត ចុះពិនិត្យស្ថានភាពទឹកជំនន់នៅស្រុកឯកភ្នំ និងនាំអង្ករ៥តោនរបស់សម្តេចក្រឡាហោម ស ខេង ចែកជូនជនរងគ្រោះ

AKP បាត់ដំបង ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០–

នៅថ្ងៃ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន តនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញបន្តចុះពិនិត្យស្ថានភាពទឹកជំនន់ នៅស្រុកឯកភ្នំ ព្រមទាំងបាននាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង ផ្តល់ជូនរដ្ឋបាលស្រុកឯកភ្នំអង្ករចំនួន៥តោន និងសម្ភារ គ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកស្ទឹងសង្កែ ។

ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណដល់កងកម្លាំងអន្តរាគមន៍របស់កងកម្លាំងយោធភូមិភាគទី៥ កងកម្លាំងប្រត្តិបត្តិការសឹងរងបាត់ដំបង កងកម្លាំងកងរាជអាវុធហត្ថខេត្ត កងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាល ស្រុក គ្រប់គោលដៅទាំងអស់ នៅតាមបណ្តាស្រុកមួយចំនួន រួមមាន៖ ស្រុករុក្ខគិរី ស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំពៅលូន ស្រុកបវេល និងស្រុកសំឡូត ដែលជួបគ្រោះមហន្តរាយ ដោយសារជំនន់ទឹកភ្លៀង ហើយបានជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងបានគ្រប់គ្រងសភាពការណ៍គ្រោះមហន្តរាយនោះទៀតផង។

ការថ្លែងអំណរគុណរបស់ ឯកឧត្តម ងួន រតនៈ នេះក្នុងដំណើរការដែលឯកឧត្តម ចុះពិនិត្យការជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមស្រុកមួយចំនួនដូចបានរៀបរាប់ខាងលើ ដែលកំពងុរងគ្រោះដោយជំនន់ទឹកភ្លៀង ៕ ដោយ៖ណយ នឿន (ប្រភព:រដ្ឋបាលខេត្តបាត់ដំបង)