ជំនន់ទឹកភ្លៀងកំពុងហក់ឡើង អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងចម្រុះចុះត្រួត ពិនិត្យស្ថានភាពទឹកជំនន់ ដើម្បីបន្តជួយសង្គ្រោះប្រជាពលរដ្ឋ

AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០–

ស្ថានភាពជំនន់ទឹកភ្លៀង និងទឹកហូរពី ប៉ែកប្រទេសថៃ ក្នុងខេត្តបន្ទាយមានជ័យនៅតែហក់ឡើងធ្វើឱ្យលិចលង់តំបន់ទំនាបប៉ះពាល់ អាយុជីវិត ភូមិឋាន ផលដំណាំប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនអាជ្ញាធរខេត្ត កង កម្លាំងប្រដាប់អាវុធ បាននិងកំពុងបង្កើនការយកចិត្តទុកដាក់ ប្រឹងប្រែងដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋនៅតំបន់រងគ្រោះខ្លាំង។

ក្នុងឱកាសដឹកនាំកម្លាំងចម្រុះចុះ ពិនិត្យមើលស្ថានភាពទឹកជំនន់ ដើម្បីត្រៀមជួយ សង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលមានសុវត្ថិភាពនិងគ្រប់គ្រងសភាពការណ៍នៅភូមិសាស្ត្រស្រុកថ្មពួក ព្រំដែនកម្ពុជាថៃ ខណៈជំនន់ទឹកភ្លៀងបាននិងកំពុងហក់ឡើងខ្លាំងកាលពីថ្ងៃ៩ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ភ្លៀងបានបន្តធ្លាក់គ្របដណ្តប់ ទូទាំងខេត្តធ្វើឱ្យទឹកស្ទឹងមង្គលបូរី និងស្ទឹងសិរីសោភ័ណកើនឡើង និងទឹកបានហូរពីប៉ែកប្រ ទេសថៃតាមអូរព្រំដែនបន្តកើនឡើង ជាហេតុធ្វើឱ្យលិចតំបន់ទំនាបភូមិឋានតាមមាត់អូរ និង ស្ទឹងជាពិសេសបានធ្វើឱ្យប៉ះពាល់អាយុជីវិតមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។

ឯកឧត្តមបានបញ្ជាក់ថាគិតត្រឹមថ្ងៃទី១១ ខែតុលានេះ ចំពោះផលប៉ះពាល់ នៃជំនន់ទឹក ភ្លៀងនេះមានចំនួន ៨ក្រុង-ស្រុក ក្នុងនោះមានករណីលង់ទឹកស្លាប់៣នាក់ (កុមារ១នាក់) លិច លំនៅឋាន ១២២៥ខ្នង បានជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាពចំនួន ២៨៤គ្រួសារ(ស្មើនឹង ១០១៣នាក់/ ស្រី៦៣០នាក់) លិចស្រែអស់ចំនួន ១.៤៨១ហិកតា ដំឡូងមី១.០៩០ហិកតា ដំណាំរួមផ្សំ ៣១ហិកតា សាលារៀន១២សាលា វត្ត០៣ ផ្លូវ៥៨ខ្សែត្រូវបានទឹកហូរកាត់ មាន ប្រវែង ១១.៣៩៥ម៉ែត្រ។

ជាមួយនោះឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែល មានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើងត្រូវរាយការណ៍មកកាន់អាជ្ញា ធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងរស់នៅ ប្រកបដោយអនាម័យ ដើម្បីចៀសវាងកើតមានជំងឺតម្កាត់ផ្សេងៗ។

ទន្ទឹមនឹងនោះរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានចេញសេចក្ដីប្រកាសព័ត៌មាន សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្ត មេត្តាជ្រាបថា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាកំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាបហើយកំពុងបន្ត ទទួលឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប(ITCZ) ទន្ទឹមនឹងនោះសម្ពាធទាបសកម្ម(Active low)នៅចុងនៃប្រព័ន្ធសម្ពាធទាប នឹងវិវឌ្ឍន៍ប្រែប្រួលជាបន្តបន្ទាប់។ លក្ខណៈបែបនេះនឹងបង្កឱ្យស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាភ្លៀង បន្តធ្លាក់ច្រើនថ្ងៃទៅមុខទៀតក្នុងកម្រិតពីមធ្យមទៅច្រើន ដែលធ្វើឱ្យបណ្ដាខេត្តភាគពាយ័ព្យ នឹងភាគខាងជើង ស្ថិតក្នុងភូមិសាស្រ្តជាប់ជួរភ្នំដងរែក នឹងជួរភ្នំក្រវាញអាចបន្តមានជំនន់ទឹកភ្លៀងបន្ថែមទៀត។ អំឡុងពេលជាមួយគ្នានោះនៅតំបន់មាត់សមុទ្រ នឹងនៅលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បោកបក់លាយឡំនឹងរលកសមុទ្រខ្ពស់ៗ។

យោងតាមស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ភូមិ នឹងបងប្អូនប្រជាពល រដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្ត សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕ ដោយ៖ឈុន សារ៉ាត