អ្នកនាំពាក្យរដ្ឋបាលខេត្តពោធិ៍សាត់៖ ស្រុកចំនួន០៣ និងក្រុង០១ កំពុងរងគ្រោះធ្ងន់ធ្ងរជាងគេពីជំនន់ទឹកភ្លៀង

AKP ពោធិ៍សាត់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ —

ឯកឧត្តម គិត សុផា អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃក្រសួងព័ត៌មាន ដឹងនារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះថា ជំនន់ទឹកភ្លៀងបាន និងកំពុងវាយប្រហារ ស្រុកកណ្តៀង ស្រុកក្រវ៉ាញ ស្រុកវាលវែង និងក្រុងពោធិ៍សាត់ ខ្លាំងជាងគេ។

ពាក់ព័ន្ធនឹងទំហំនៃការខូចខាតវិញ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ៖ “យើងពុំទាន់អាចវាយតម្លៃពីស្ថានភាពខូចខាតបាននៅឡើយទេ ព្រោះស្ថានភាពទឹកជំនន់ពុំទាន់បានថមថយនៅឡើយទេ គឺរហូតដល់ពេលនេះស្ថានភាពទឹកជំនន់នៅស្រុកទាំង០៣ និងក្រុង០១នេះ នៅទ្រឹងនៅឡើយ ដោយពុំទាន់ស្រកនោះទេ គឺត្រូវចាំរហូតដល់ទឹកចាប់ផ្តើមស្រក ទើបយើងអាចវាយតម្លៃពីការខូចខាតបាន។ ខ្ញុំសូមជម្រាបជូនផងដែរថា ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក្រុមការងារ នៃរដ្ឋបាលខេត្តសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ កំពុងតែរៀបចំស្បៀងបំរុងដើម្បីចែកចាយដល់ប្រជាពលរដ្ឋដែលរងគ្រោះ ព្រមជាមួយនឹងថ្នាំពេទ្យមួយចំនួនទៀត ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងប្រឈមនៅពេលទឹកជំនន់នេះ។”

ក្នុងឱកាសនោះឯកឧត្តម ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំពីអនាម័យដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ ស្វែងរកទីទួលសុវត្ថិភាព និងការពារខ្លួនពីសត្វអសិរពិសផ្សេងៗ ជាពិសេសប្រជាពលរដ្ឋដែលនៅតំបន់ជើងភ្នំ និងស្ទឹងជាដើម។

គូររម្លឹកផងដែរថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ កម្ពុជាកំពុងតែបន្តទទួលនូវឥទ្ធិពល នៃប្រព័ន្ធសម្ពាធទាប (ITCZ) ទន្ទឹមនឹងនោះ សម្ពាធទាបសកម្ម (Active Low) នៅចុងប្រព័ន្ធសម្ពាធទាប និងវិវត្តន៍ប្រែប្រួលជាបន្តបន្ទាប់ ដែលនឹងធ្វើឱ្យភ្លៀងបន្តធ្លាក់ពីកម្រិតមធ្យមទៅច្រើន ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ ដែលអាចនឹងបន្តមានជំនន់ទឹកភ្លៀងបន្តទៀត។ ដោយឡែកតំបន់នៅមាត់សមុទ្រកំពុងប្រឈមនឹងភ្លៀង ខ្យល់ និងរលកសមុទ្រខ្ពស់ៗផងដែរ។

ខណៈជំនន់ទឹកភ្លៀងកំពុងវាយប្រហារខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបនៃរាជរដ្ឋាភិបាលកម្ពុជា រួមមាន ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញទៅពិនិត្យ និងជួយសង្គ្រោះផងដែរ។

គិតមកត្រឹមថ្ងៃនេះ ជំនន់ទឹកភ្លៀងឆ្នាំនេះ បានវាយប្រហារខេត្តមួយចំនួននៅកម្ពុជា ដូចជាខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ កំពង់ស្ពឺ និងខេត្តមួយចំនួនទៀត៕

ដោយ ផែន រតនៈ (រូបថត៖ AKP-ពោធិ៍សាត់)