សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរដែនដី និងក្រសួង ស្ថាប័នពាក់ព័ន្ធ ចាត់វិធានការចាំបាច់នានា ដើម្បីដោះស្រាយបញ្ហាគ្រោះទឹកជំនន់ ដែលកំពុងកើតមាន

AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០–

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យអាជ្ញាធរដែនដី និងក្រសួង ស្ថាប័នពាក់ព័ន្ធចាត់វិធានការចាំបាច់នានា ដើម្បីដោះស្រាយបញ្ហាគ្រោះទឹកជំនន់ ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននៅតាមបណ្ដាខេត្តមួយចំនួន នៅក្នុងព្រះរាជាណាចក្រកម្ពុជានោះ។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងបញ្ហាគ្រោះទឹកជំនន់ដែលបាននិងកំពុងកើតមាននាពេលបច្ចុប្បន្ន ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដោយចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រដែលទទួលខុសត្រូវឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាកនិងផលប៉ះពាល់ដល់ទ្រព្យសម្បត្តិនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

នៅក្នុងកិច្ចប្រជុំនេះដែរ សម្ដេចតេជោបានលើឡើងបញ្ជាក់ថា ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩ ប្រទេសកម្ពុជានៅរក្សាបាននូវការគ្រប់គ្រងហិរញ្ញវត្ថុក្នុងស្ថានភាពល្អប្រសើរ បើធៀបនឹងបណ្ដាប្រទេសមួយចំនួន។ ជាក់ស្ដែង រាជរដ្ឋាភិបាលនៅមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបញ្ចេញកញ្ចប់ថវិកាសម្រាប់ចំណាយចរន្តក្នុងការបើកបៀវត្សរ៍រៀងរាល់២សប្ដាហ៍ម្ដងជូនមន្ត្រីរាជការទូទាំងប្រទេស និងបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ព្រមទាំងគាំទ្រដល់កម្មវិធីវិនិយោគសាធារណៈ ជាអាទិ៍ការកសាងហេដ្ឋា-រចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រឡាយទឹក និងគម្រោងខ្នាតតូចនៅតាមសហគមន៍មូលដ្ឋាន៕ ដោយ ជឹម ណារី (ផ្សាយដោយ៖ កន ចំណាន)