ឯកឧត្តម ឃួង ស្រេង៖ មកដល់ពេលនេះរដ្ឋបាលរាជធានីភ្នំពេញមានសម​ត្ថភាពប្រ​មូល​សំ​រា​ម​​បា​ន២០០០តោនក្នុងមួយថ្ងៃ ខណៈមានសំរាមប្រមាណជាង២៨០០តោនក្នុងមួយថ្ងៃ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០– ឯកឧត្តម ឃួង ស្រេង អភិបាលរាជ​ធានីភ្នំ​ពេ​ញ​​បា​ន​បញ្ជាក់ឱ្យ​ដឹងនៅរសៀលថ្ងៃទី០៩ តុលា ឆ្នាំ២០២០នេះថា មកដល់​ពេលនេះ​ទាំង​១​៤​ខ​ណ្ឌនិងសង្កាត់ទាំង១០៥បាននិងកំពុងដុតដៃដុត​ជើងទាំងយប់ទាំ​ងថ្ងៃដើម្បី​ធ្វើសក​ម្មភាព​ប្រមូ​​ល​សំ​​រាមនៅក្នុងរាជធានីភ្នំពេញ ដែលមកដល់ពេលនេះក្នុងមួយថ្ងៃ​យើងប្រមូ​លសំ​រា​ម​បា​ន ប្រ​មា​ណ​២០០០តោន ខណៈនៅរាជធានីភ្នំពេញ ក្នុងមួយថ្ងៃមានស​ម្រាមចំ​នួន​២៨​៦៥​តោ​ន​។

រដ្ឋបាលរាជធានីភ្នំពេញអាចគ្រប់គ្រងការប្រមូលសំរាមបានមួយកម្រិតធំហើយ។ឯកឧត្តម ​ជឿ​ជា​ក់ថា មិនយូរទេការប្រមូលសំរាមនឹងលែងជាបញ្ហា បើទោះបីកម្មករស៊ិនទ្រី ធ្វើកូដ​ក​ម្ម​មិ​ន​ប្រមូលសំរាមក៏ដោយ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ឱ្យដឹងបែបនេះ នៅសាលារាជធានីភ្នំពេញ ខណៈ​ឯ​ក​ឧ​ត្ត​ម​​​ទទួលគ្រឿងចក្រសម្រាប់ចូករុញដីមួយគ្រឿងពីក្រុមហ៊ុន KNN ដើម្បីយកម​កធ្វើស​ក​ម្មភា​ព​កើ​បរុញនិងប្រមូលសំរាម នៅក្នុងរាជធានី ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា សម្រាប់គ្រឿងច​ក្រមួ​យ​គ្រឿ​ង​នេះ​​វា​​នឹងជួយរំលែកការងារដល់អាជ្ញាធររាជធានីភ្នំពេញមួយកម្រិតធំ។ ឯកឧត្តម ក៏បា​នថ្លែង​កា​​រ​អ​រ​គុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ដែលបានប្រគល់នូវគ្រឿងចក្រមួយគ្រឿង​នេះម​ក​ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្រួលលើការងារប្រមូលសំរាម ខណៈដែល រដ្ឋបាល​រាជ​ធា​នីភ្នំពេញមានការខ្វះខាតនូវគ្រឿងចក្រនៃការប្រមូលសំរាមនេះ។

កិច្ចការងារ​ប្រមូលសំរា​មយើ​ង​បា​ន​គិ​ត​គូ​រ​តាំ​ង​ពី​ឆ្នាំ​២០១៩មក ដោយយើងបានចែកម៉ូតូកង់​បីសម្រាប់ដឹកសំរាមនៅតាមបណ្ដា​ខណ្ឌទាំង​១៤​និ​ង​ស​ង្កាត់ទាំង១០៥ ជាមួយ​នឹងការ​ទិ​ញ​គ្រឿ​ង​ច​ក្រចំនួន៧០គ្រឿង ដើម្បីដឹកជញ្ជូនសំរា​ម​ទៅ​ចាក់ទីលានផងដែរ ។

ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា មកដល់ពេលនេះ ទាំងអគ្គស្នងការនគរបាលជាតិ ទាំង​អ​គ្គ​មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏បានសន្យាបញ្ជូនកងក​ម្លាំងប្រដាប់អាវុធទាំ​ង​ពី​រភេ​ទនេះប្រមាណ២ពាន់នាក់ មកជួយលើការងារដឹកជញ្ជូននិងប្រមូលសំរាមនៅរាជធានី​ភ្នំ​ពេ​ញ​ផងដែរ។ តែទោះបីជាយ៉ាងណាក្តីកម្លាំងទាំងនេះ យើងមិនទាន់យកមក​ប្រើប្រាស់​នៅឡើ​យ​ទេ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវដល់បងប្អូ​ន​ប្រជា​ព​ល​រ​ដ្ឋ​ទាំ​ង​អ​ស់មេត្តាទុកដាក់ វេចខ្ចប់សំរាមឱ្យបានល្អ កុំយកទៅ បោះចោលនៅតាមទីសាធារណៈ អា​ច​យ​កទៅដាក់នៅដេប៉ូ ចាក់សំរាមដែលរៀបចំឡើងដោយអាជ្ញាធរខណ្ឌនៅក្នុងរាជធានី​ភ្នំពេ​ញ​។ការធ្វើបែបនេះនិងជួយសម្រួល​ការងារច្រើនសម្រា​ប់ក្រុ​មកា​រងារ​ដឹក​ ជញ្ជូ​នសំរាម​រ​ប​​​ស់​យើ​​ង​៕

សំរិត