ឯកឧត្ដម ឃួង ស្រេង ស្នើឱ្យម្ចាស់បុរី ផ្តល់ទិន្នន័យកាំមេរ៉ាសុវត្ថិភាព ជូនសមត្ថកិច្ច ដើម្បីពង្រឹងសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើឱ្យម្ចាស់បុរី និងខុនដូទាំង អស់នៅក្នុងរាជធានីភ្នំពេញ ផ្តល់ទិន្នន័យពីកាំមេរ៉ាសុវត្ថិភាពជូនសមត្ថកិច្ច ដើម្បីពង្រឹងកិច្ច សហការជាមួយគ្នាឱ្យបានល្អក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឱ្យកាន់ តែប្រសើរ ហើយសមត្ថកិច្ចនឹងរក្សាជាការសម្ងាត់ ដោយមិនអនុញ្ញាតឱ្យយកទិន្នន័យចេញ ពីកាំមេរ៉ាសុវត្ថិភាពទាំងនោះទៅផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតឡើយ។

ការស្នើឡើងបែបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ នៅ ក្នុងកិច្ចប្រជុំ ស្តីពីការពង្រឹងការងារ សន្តិសុខ សុវត្ថិភាពនៅតាមបុរី និងខុនដូ នៅក្នុង រាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ចាប់ពីពេលនេះទៅគ្រប់បូរី និងខុនដូ ទាំងអស់នៅរាជធានីភ្នំពេញ ត្រូវតែបំពាក់កាំមេរ៉ាសុវត្ថិភាព និងមានប្រព័ន្ធសន្តិសុខ សុវត្ថិភាព ដើម្បីធានាភាពកក់ក្តៅជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ចង់ឱ្យម្ចាស់បុរីទាំងអស់ភ្ជាប់ប្រព័ន្ធផ្តល់ទិន្នន័យ ចេញពីកាំមេរ៉ាសុវត្ថិភាពនេះ ភ្ជាប់ទៅមជ្ឈមណ្ឌលកាំមេរ៉ាសុវត្ថិភាពរបស់ស្នងការដ្ឋាន រាជធានីភ្នំពេញ ដើម្បីងាយស្រួលក្នុងការចុះអន្តរាគមន៍នៅពេលមានបញ្ហាមិនប្រក្រតីណា មួយកើតឡើង។ ឯកឧត្ដម បានសន្យាថា រាល់ទិន្នន័យដែលភ្ជាប់មកស្នងការរាជធានីភ្នំពេញ នឹងរក្សាជាការសម្ងាត់ និងមិនអនុញ្ញាតឱ្យយកទិន្នន័យចេញពីកាំមេរ៉ាសុវត្ថិភាពទៅផ្សព្វ ផ្សាយដោយគ្មានការអនុញ្ញាតឡើយ។

ឯកឧត្ដមបន្តថា ការពង្រឹងកិច្ចសហការរវាងម្ចាស់បូរី ម្ចាស់ខុនដូ និងសមត្ថកិច្ចនេះ គឺដើម្បីអាចរាយការណ៍ឱ្យគ្នាទៅវិញទៅមក នៅពេលមានករណីមិនប្រក្រតីណាមួយកើត ឡើងដែលអាចឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ជួយដោះស្រាយបានទាន់ពេលវេលា។ អភិបាល រាជធានីភ្នំពេញបានមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញ មានសំណង់ បូរីជាច្រើនបានរស់នៅដាច់ដោយឡែក ហើយកន្លែងខ្លះមានភាពស្មុគស្មាញ ងាយកើត ឡើងនូវបទល្មើសនានា ដែលទាមទារឱ្យភាគីទំាង២ មានកិច្ចសហការជាមួយ គ្នាទ្វេដង ដើម្បីបង្កើនភាពកក់ក្តៅជូនដល់ប្រជាពល រដ្ឋដែលរស់នៅក្នុងបូរីនោះ។

ឯកឧត្ដមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាល ជាតិបានគាំទ្រចំពោះយន្តការទាំងនេះ ដែលធានាបានសន្តិសុខសុវត្ថិភាព ជូនអ្នកស្នាក់ នៅ។

ឯកឧត្ដម នាយឧត្តម សេនីយ៍ បានស្នើឱ្យម្ចាស់បូរី និងខុនដូ ត្រូវបំពាក់ប្រព័ន្ធការពារសុវត្ថិភាព បន្ថែមទៀត ដូចជាត្រៀមបង្ការពន្លត់អគ្គិភ័យ ឬរថយន្តពន្លត់អគ្គិសភ័យ មានប្រព័ន្ធទូរស័ព្ទ ទាន់ហេតុការណ៍២៤ម៉ោងលើ២៤ម៉ោង មានច្រកចេញចូលត្រឹមត្រូវ ការគ្រប់គ្រងស្ថិតិ ប្រជាពលរដ្ឋត្រូវមានសន្តិសុខយាមកាមជាដើម។ បន្ថែមពីនេះទៀតម្ចាស់បុរីគួរបង្កើតឱ្យមាន បទបញ្ជាផ្ទៃក្នុងនៅក្នុងបុរី បើបុរីរបស់អស់លោកមានសន្តិសុខល្អ នោះមិនខ្វះ អតិថិជន នោះទេ។

សូមបញ្ជាក់ថា បច្ចុប្បន្ននៅរាជធានីភ្នំពេញមានបុរីចំនួន១៤៩ទីតាំង និងខុនដូចំនួន ១៣៧ទីតាំង៕

ដោយ សួស  សំរិត