ពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី “ក្រមសីលធម៌ និង​វិជ្ជាជីវៈសារព័ត៌មាន”

AKP ភ្នំពេញ ថ្ងៃទី០៩ ខែ​តុលា ឆ្នាំ​២០២០–

ឯកឧត្តមបណ្ឌិត ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុង​ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ក្រមសីលធម៌ និង​វិជ្ជាជីវៈសារព័ត៌មាន” នៅទីស្តីការ​ក្រសួង​ព័ត៌មាននៅព្រឹកថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង​ថ្ងៃទី០៩ ខែតុលា ឆ្នាំ​២០២០​។

នៅក្នុង​ឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបាន​មានប្រសាសន៍ថា ក្រមសីលធម៌ និង​វិជ្ជាជីវៈមាន​សារៈសំខាន់សម្រាប់អ្នកសារព័ត៌មាន ព្រោះវិជ្ជាជីវៈប្រៀបដូចជាចំណេះឬទ្រព្យសម្ប ត្តិ ហើយ​ក្រមសីលធម៌ប្រៀបដូចជា​ថវិការបស់​អ្នកកាសែត។ ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រីបាន​សង្កត់ធ្ងន់ថា អ្នកកាសែតត្រូវយល់​ដឹង​ឱ្យច្បាស់​ពីភារកិច្ច​ ក្រមសីលធម៌ និង​សិទ្ធិរបស់​ខ្លួន​។

ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ដើម្បីបង្កើនចំណេះរបស់អ្នក​កា សែត គឺ​ត្រូវតែមានការយល់ដឹងទូលាយ ហើយ​ត្រូវតែ​យល់​ដឹង​អំពីសង្គម​របស់​យើង និង​បា ន​មាន​ប្រសាសន៍ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន​ឌីជីថល ស្កាយ ម៉ាល់ធីមេឌា ឯ.ក ដែលបាន​រៀបចំវគ្គបណ្តុះបណ្តាលនេះឡើង។

ជាមួយគ្នានេះដែរ ឯកឧត្តម​ ហ៊ីវ ជននាថ រដ្ឋលេខាធិការក្រសួង​ព័ត៌មាន​ និង​ជា​ប្រធា នគណៈកម្មាធិការបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន​ និង​វិក្រឹត្យការនៃ​ក្រសួង​ព័ត៌មាន​ បា ន​មាន​ប្រសាសន៍ថា វគ្គបណ្តុះ​បណ្តាល​ទទួលបាន​ប្រជាប្រិយភាព និង​ការគាំទ្រខ្ពស់​ដោយ​សារ​តែការប៉ិនប្រសប់ បង្ហាត់បង្ហាញ ពន្យល់​ និងការចែករំលែកបទពិសោធន៍ដ៏សម្បូរបែបពីសំណាក់​បណ្តាគ្រូ​​ឧទ្ទេសនាម​។

លើសពីនេះទៀត​ ឯកឧត្តម​រដ្ឋលេខាធិការ​បាន​គូសបញ្ជាក់​ថា ក្នុង​វគ្គបណ្តុះ​បណ្តាលនេះ សិក្ខាកាមទាំងអស់​បាន​យល់ដឹងបន្ថែមពីក្រម​សីលធម៌ និង​វិជ្ជាជីវៈសារព័ត៌មាន​ប្រ កបដោយ​ផ្លែផ្កា ហើយ​គណ

ៈកម្មាធិការបណ្តុះបណ្តាល​វិជ្ជាជីវៈសារព័ត៌មាន និង​វិក្រឹត្យការ​ក្រសួង​ព័ត៌មាន​ នឹង​បន្តខិតខំប្រឹងប្រែង​បង្កើត​កម្មវិធីវគ្គបណ្តុះបណ្តាល​ ក៏ដូចជាសិក្ខាសា លា​ផ្សេងៗជាបន្តបន្ទាប់​ដែល​ជា​ផលប្រយោជន៍ដល់​ការ​​បង្កើនសមត្ថភាពវិជ្ជាជីវៈសារព័ត៌មាន និង​ក្រម​សីលធម៌ ដល់អ្នកសារព័ត៌មាន​ ក្នុង​គោលដៅ​លើកស្ទួយវិស័យព័ត៌មាន​។​

ដោយ​ឡែក​ លោក​ អ៊ុក វរ៉ា នាយកប្រតិបត្តិរបស់​​ក្រុមហ៊ុន​ឌីជីថល ស្កាយ ម៉ាល់ធីមេឌា ឯ.ក បានមាន​ប្រសាសន៍ថា ក្រុមហ៊ុន​បាន​កំពុង​អភិវឌ្ឍន៍ផែនការយុទ្ធសាស្ត្រ​របស់​ខ្លួនលើ​វិស័យសោតទស្សន៍ និង​ព័ត៌មាន​យ៉ាង​ម៉ឺងម៉ាត់​ ស្របតាម​គោលនយោបាយ​របស់​ក្រសួង​ព័ត៌មាន​ និង​ចូលរួមចំណែកលើកស្ទួយការពារសន្តិភាព បង្កើតការយល់ដឹងអប់រំ និង​សុខុមាលភាពរបស់​ប្រជាជនកម្ពុជា។ បច្ចុប្បន្ននេះ ក្រុមហ៊ុន ឌីជីថល ស្កាយ ជា​ថ្នាលផ្សព្វផ្សាយ​សម្បូរបែបច្រើនជាងគេគ្របដណ្តប់ទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោក​នាយកប្រតិបត្តិបានគូសបញ្ជាក់បន្ថែមទៀតថា​ តាម​រយៈ​វគ្គបណ្តុះបណ្តាល​នេះ សិក្ខាកាម​បាន​ទទួលនូវចំណេះដឹងថ្មី​ៗបន្ថែមទៀតអំពីគុណតម្លៃ ក្រមសីលធម៌ វិជ្ជាជីវៈ និ​ង​វិធីសាស្ត្របង្ហាញ​ព័ត៌មាន​ ព្រមទាំងបាន​យល់​ដឹង​កាន់តែច្បាស់អំពីតួនាទី និងសារសំខាន់​ក្នុង​សារព័ត៌មាន​ ក្នុង​ការ​ចូលរួមលើកស្ទួយស្ថេរភាពសង្គម​ សេដ្ឋកិច្ច​ នយោបាយ​ សន្តិសុខ​ និង​សន្តិភាព។ លើសពីនេះទៀត​វគ្គបណ្តុះបណ្តាលនេះ​បាន​ពង្រឹង​ស្មារតី ជឿជាក់​បន្ថែមទៀត​ ព្រមទាំង​បង្កើតភាពស្និទ្ធស្នាលរវាងប្រតិបត្តិករ​ និង​អាណាព្យាបាល​ក្រសួង​។

សូមបញ្ជាក់ថា វគ្គបណ្តុះ​បណ្តាល​ស្តីពី “ក្រម​សីលធម៌ និង​វិជ្ជាជីវៈសារព័ត៌មាន” ត្រូវបាន​សហការរៀបចំឡើង​ដោយ​​ក្រសួង​ព័ត៌មាន និង​ក្រុមហ៊ុន ឌីជីថល ស្កាយ ម៉ាល់ធីមេឌា ឯ.ក នៅទីស្តីការក្រសួង​ព័ត៌មាន​ រយៈពេល​៥ថ្ងៃ គឺចាប់ពីថ្ងៃចន្ទ ទី​០៥ ដល់​ថ្ងៃសុក្រ ទី​០៩ ខែ​តុលា ឆ្នាំ​២០២០ ដោយ​មាន​សិក្ខាកាមចំនួន​៩៥នាក់​៕

ដោយ ទេស ច័ន្ទសុធារី, រូបថតៈ ខឹម សុវណ្ណារ៉ា