ខេត្តក្រចេះ ប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត

AKP ក្រចេះ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ឃុំ សង្កាត់ យុវជន លោកគ្រូ អ្នកគ្រូ និស្សិត និងសិស្សានុសិស្ស បានអញ្ជើញចូលរួមប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារ​ស្អាត»។ ពិធីនេះ បានធ្វើឡើង នាព្រឹកថ្ងៃសុក្រ៧រោច ខែ អស្សុជ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃ​ទី០៩ ខែតុលា ឆ្នាំ ២០២០ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ខាំ សុភាព អភិបាល​រងនៃគណៈអភិបាលខេត្តក្រចេះ និងបានធ្វើសកម្មភាពបោសសម្អាតតាមដងផ្លូវ ទីសាធារ​ណៈ និងទីកន្លែងផ្សេងៗទៀតនៃក្រុងក្រចេះ។

លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះបានបញ្ជាក់ពីគោល បំណងនៃកម្មវិធី​នេះគឺ​ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីទីក្រុងស្អាត និងការសម្អាតទីក្រុង ឱ្យ​មានសោភណភាពស្រស់បំព្រង ស័ក្ដិសមជាទីក្រុង ដែលទទួលបានជ័យលាភី​ផ្ការំដួល​២ទង និងបន្តយកជ័យលាភីផ្ការរំដួល៣ទងនៅឆ្នាំខាងមុខ។ លោកស្រីអភិបាលរងខេត្ត​ក៏បានអាននូវសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៨ ឆ្នាំ​២០២០ ដោយក្នុងសារលិខិតរបស់សម្ដេចតេជោបានគូសបញ្ជាក់ថា ក្នុងស្មារតីឆ្លើយតប​ទៅនឹងការវិវត្តនិងនិន្នាការអភិវឌ្ឍន៍ថ្មីៗនេះ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើការដាក់​ចេញ​​ និងអនុវត្តន៍នូវគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានា ដោយឈរលើ​មូលដ្ឋានសំខាន់ពីរ ដែលត្រូវគិតគូរស្របពេលគ្នា គឺការបង្កើនឧត្ដមភាពប្រកួតប្រជែង និង​ការធានានិរន្តរភាពនៃការអភិវឌ្ឍ។

ក្នុងសារលិខិតបានបន្ដថា ឈរលើមូលដ្ឋាននេះ កម្ពុជា ក៏បានដាក់ចេញនៅយុទ្ធនាការ ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិ សណ្ឋារ​កិច្ចល្អ ដែលជាយុទ្ធសាស្ត្រដ៏សមស្របក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ ជាមាស បៃតងដែលនាំកម្ពុជាឆ្ពោះទៅរកភាពស្អាតបៃតងនិងប្រកបដោយសុវត្ថិភាពខ្ពស់៕

ដោយ ជួន សុជាតិ