ក្រុមខេត្តព្រៃវែងទម្លាក់ក្រុមទ័ព ខណៈវិខាសាទម្លាក់បឹងកេត វគ្គ៨ក្រុម ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២០

AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០

ក្រុមជើងឯកថ្នាក់ខេត្ត ក្រុមខេត្តព្រៃវែងបានទម្លាក់ក្រុមកងយោធពលខេមរភូមិន្ទ(ទ័ព) ខណៈ​ក្រុមវិសាខា​បាន​ទម្លាក់ក្រុមការពារដំណែងជើងឯករដូវកាល ២០១៩ បឹងកេត នៅត្រឹមវគ្គ៨ក្រុមចុងក្រោយ ឬវគ្គ១/៤​ផ្តាច់​ព្រ័ត្រ កាលពីល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ដែលជាប្រកួតបញ្ចប់ជើងទី២ ពានរង្វាន់សម្តេច​តេជោ ហ៊ុន សែន លើកទី១៤ រដូវកាល ២០២០។

ក្រុមខេត្តព្រៃវែងបានប្រកួតចាញ់ ០ទល់១ នៅទឹកដីក្រុមទ័ព ប៉ុន្តែនៅជើងទី២ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ក្រុមម្ចាស់ផ្ទះ ព្រៃវែងតាមបានស្មើគ្នា សម្រាប់លទ្ធផលសរុបទាំងពីរជើង ៤ទល់៤ ហើយនៅ​ក្នុងការទាត់បាល់១១ម៉ែត្រកាត់សេចក្តី គឺខេត្តព្រៃវែងបានយកឈ្នះក្រុមទ័ព ដោយលទ្ធផល ៥ទល់៤។ ចំណែកឯក្រុមការពារដំណែងជើងឯកឆ្នាំចាស់ បឹងកេតបានធ្លាក់ហើយត្រឹមវគ្គ៨ក្រុមចុងក្រោយនេះ បន្ទាប់​ពីជើងទី១ស្មើគ្នាជាមួយវិសាខា ១ទល់១ ហើយនៅជើងទី២ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ក្រុមម្ចាស់ផ្ទះ វិសាខា និងក្រុមភ្ញៀវ បឹងកេត រក្សាលទ្ធផលស្មើគ្នា ៣ទល់៣ នៅក្នុងការប្រកួតពេញម៉ោង៩០នាទី។ ​សរុប​​លទ្ធផលទាំងពីរជើង គឺ៤ទល់៤ ដែលធ្វើឱ្យក្រុមទាំងពីរត្រូវកាត់សេចក្តីដោយបាល់១១ម៉ែត្រដូចគ្នាដែរ។ នៅក្នុងការទាត់បាល់១១ម៉ែត្រកាត់សេចក្តី គឺវិសាខាធ្វើសម្រេចលើបឹងកេត ដោយលទ្ធផល ៤ទល់៣។

ដូច្នេះបេក្ខភាព៤ក្រុមចុងក្រោយ ដែលបានឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វានសម្តេច​តេជោ ហ៊ុន សែន រដូវកាល ២០២០នេះ រួមមាន៖ ភ្នំពេញក្រោន ប៉ះជាមួយ ណាហ្គាវើលដ៍ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ខណៈក្រុមខេត្តព្រៃវែងត្រូវប្រកួតជាមួយវិខាសា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដូចៗគ្នា។ ចំពោះ២ក្រុម ដែលឈ្នះៗនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃ​ទី២១ និងថ្ងៃទី២២ ខែតុលា នឹងត្រូវឡើងទៅប្រជែងម្ចាស់ជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២០នេះ នាពេលខាងមុខ៕

ដោយ ហេង ណាលីន