គម្រោងឡាសិត ២ នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ចុះចែកពូជមាន់ដល់ប្រជាពលរដ្ឋដែល បង្កើតអាជីវកម្មផលិតមាន់ស្រែ នៅក្នុងស្រុកសាមគ្គីមានជ័យ

AKP កំពង់ឆ្នាំង ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០–

គម្រោងឡាសិត ២ (LASED II) នៃមន្ទីរកសិកម្ មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្ដកំពង់ឆ្នាំង បានចុះចែកពូជមាន់ដល់ក្រុមបណ្ដុំអាជីវកម្មផលិតមាន់ស្រែ ស្ថិតនៅភូមិខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីជួយបង្កើននូវចំណេះដឹង និងបច្ចេកទេសថ្មីៗក្នុង ការចិញ្ចឹម​មាន់ស្រែឱ្យកាន់តែល្អប្រសើរថែមទៀត។ ការចុះចែកនេះ បានធ្វើឡើងកាលពីថ្ងៃ​ព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០២០។

លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា កម្មវិធីនេះ រៀបចំដោយគម្រោងឡាសិត(២)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការអភិវឌ្ឍ តាមរយ:កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធនទៅនឹង​ការ​ប្រែប្រួលអាកាសធាតុនាពេលបច្ចប្បន្ននេះ។ លោកបានបញ្ជាក់ថា គម្រោងអាជីវកម្មមាន់ ដោយថ្ងៃនេះបានទទួលធ្វើកម្មវិធីចែកកូនមាន់ពូជដល់បងប្អូនប្រជាពលរដ្ឋដែលជាសមា ជិកបណ្តុំអាជីវកម្មមាន់នៅក្នុងឃុំក្រាំងល្វា។ ទន្ទឹមនេះ គម្រោងបង្កើតសមាគម​សុខភាព​សត្វ និងអភិវឌ្ឍន៍អាជីវកម្មសត្វ គឺផ្តោតសំខាន់លើពេទ្យសត្វនៅក្នុងឃុំទាំងមូល ។ លោកអភិបាលរងខេត្ដបានបន្ដថា គម្រោងនេះ បាននិងកំពុងបង្វឹកបណ្តុះបណ្តាលកសិករ​ទាំងនោះឱ្យ​មានលទ្ធភាពក្នុងការផ្តល់សេវាកម្មដល់សហគមក្នុងការពិនិត្យព្យាបាល ឬក៏​ផ្តល់បច្ចេកទេសផ្សេងៗដល់ប្រជាកសិករដែលមានចំណាប់អារម្មណ៍ទៅលើវិស័យសត្វ។

លោកអភិបាលរងខេត្ដបានបន្ដទៀតថា គម្រោងទាំងពីរនេះ មានរយ:ពេល៧ខែ ដោយគិតចាប់ពីថ្ងៃទី០៨ខែតុលា ឆ្នាំ២០២០ ហើយត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ខាងមុខ ដោយបានទទួលថវិកាគាំទ្រពីគម្រោងកម្មវិធីផ្សព្វផ្សាយ បច្ចេក​ទេស​ឡាសិត(២) ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ។

ជាមួយគ្នានេះដែរ គោលបំណងគម្រោងនេះគឺធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់​កសិករខ្នាតតូច ប្រកបដោយនិរន្តរភាព តាមរយ:កិច្ចសហការរវាងបណ្តុំអាជីវកម្មមាន់ អ្នក​ផ្តល់សេវា និងភ្នាក់ងារទីផ្សារ ដើម្បីពង្រឹងសមត្ថភាពតាមរយ:ទីផ្សាររបស់កសិករ ដែល​ផ្តោត​ទៅលើគំនិតអភិវឌ្ឍន៍ផ្សាភ្ជាប់ទៅនឹងទីផ្សារ និងការរៀបចំការផលិតកម្មមាន់។

លោក អម សុភា បានលើកឡើងដែរថា សមាគមពេទ្យសត្វ និងវិស័យឯកជន អង្គការសង្គមស៊ីវិល ភ្នាក់ងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន បានរួមគ្នាពង្រឹងទៅលើ​វិស័យកសិកម្ម​ជាពិសេសផលិតកម្មមាន់។ លោកបានចាត់ទុកការចែកពូជមាន់ និងចំណី​មាន់នាពេលនេះ គឺពិតជាមានសារ:សំខាន់ខ្លាំងណាស់ ដើម្បីចូលរួមចំណែកជួយបងប្អូន​កសិកររបស់យើង ឱ្យទទួលបាននូវពូជមាន់ ដែលធន់នឹងអាកាសធាតុ ធន់នឹងជំងឺ ងាយស្រួលចិញ្ចឹម ហើយសន្សំសំចៃពេលវេលា ព្រមទាំងបានជួយសម្រួលការចំណាយ និងបានជួយលើកកម្ពស់ជីវភាពរបស់បងប្អូនកសិករផងដែរ ។

បើតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្ដបានឱ្យដឹងថា បណ្តុំអាជីវកម្មចិញ្ចឹម មាន់គឺជាបណ្តុំអាជីវកម្មមួយ ក្នុងចំណោមបណ្តុំអាជីវកម្មជាច្រើនដទៃទៀត ដែលកម្មវិធី​ផ្សព្វ​ផ្សាយបច្ចេកទេសកសិកម្មថ្មី បានចុះចងក្រង និងធ្វើការជាមួយបងប្អូនកសិករ ដូចជា បណ្តុំអាជីវកម្មដំឡូងមី ស្វាយចន្ទី ក្រូច ស្រូវ និងម្នាស់ជាដើម។ ចំណុចនេះគឺមិនខុស​ពីបណ្តុំ​អាជីវកម្មចិញ្ចឹមមាន់ ក៏ដូចជាបណ្តុំអាជីវកម្មដទៃទៀត ដោយបានផ្តល់ពូជជី សម្ភារ ថ្នាំកសិកម្ម និងថវិកាជូនដល់បងប្អូនកសិករ ក្នុងការជួយជំរុញនូវផលិតកម្មដំណាំកសិកម្ម ឱ្យមានការកើនឡើង។ ជាក់ស្តែង កិច្ចខិតខំប្រឹងប្រែងអស់ទាំងនេះ ក៏បានបង្ហាញពីភាព​រីកចម្រើនលើវិស័យកសិកម្មរបស់ខេត្តកំពង់ឆ្នាំងផងដែរ ដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមធ្វើការងារនេះជាមួយប្រជាកសិករ។

លោកអភិបាលរងខេត្ដក៏បានជំរុញដល់បងប្អូនប្រជាកសិករ នៅក្នុងឃុំក្រាំងល្វា ប្រមូលនាំគ្នាចងក្រង​ជាក្រុម ក្នុងការចិញ្ចឹមសត្វឱ្យបានល្អប្រសើរ ហើយមន្ទីរកសិកម្ម នឹងជូនពូជសត្វប្រភេទផ្សេងៗបន្ថែមទៀត ដើម្បីឱ្យមានការរីកចម្រើនលើវិស័យកសិកម្ម​ក្នុង​ឃុំរបស់យើង និងខេត្ដរបស់យើង។

សូមបញ្ជាក់ថា ក្នុងកម្មវិធីនេះ ក៏បានចែកពូជមាន់ចំនួន ១ ០០០ក្បាល ស្នូក​ទឹក៤០ និងចំណី៦០០គីឡូក្រាម ដែលមន្ទីរកសិកម្មខេត្ដបាននាំយកមកចែកជូនប្រជាកសិករចំនួន៩៦គ្រួសារ ដែលមកពីភូមិនានា នៅក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង៕ដោយ ប៉ៃ ស៊ីថុន (ផ្សាយដោយ៖ កន ចំណាន)