ការចាប់ផ្តើមអនុវត្តន៍គម្រោង «ពង្រឹងសមត្ថភាពសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្ត គ្រប់គ្រងតំបន់ការពារធម្មជាតិ និងក្របខ័ណ្ឌរេដបូកក្នុងបណ្តាប្រទេសអនុតំបន់មេគង្គ-ឡានឆាង»

AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០

គម្រោង «ពង្រឹងសមត្ថភាពសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តគ្រប់គ្រងតំបន់ការ ពារធម្មជាតិ និងក្របខណ្ឌរេដបូកក្នុងបណ្តាប្រទេសអនុតំបន់មេគង្គ-ឡានឆាង» បានដាក់ឱ្យ ដំណើការអនុវត្តនៅថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាពរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីជំនាញ និងមន្ទីរបរិស្ថាននៅតាមបណ្តាខេត្តទាំងអស់។

ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថា ការអនុវត្តន៍ផែនការយុទ្ធសាស្រ្តគ្រប់គ្រងតំបន់ការពារធម្មជាតិ និងយុទ្ធសាស្រ្ត រេដបូកជាតិ រួមគ្នាបង្កើនប្រសិទ្ធភាពកាត់បន្ថយការបាត់បង់ព្រៃឈើ និងការសឹករេចរឹល ព្រៃឈើនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបានបន្ថែមថា វេទិកានាថ្ងៃនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយអំពីការ ចាប់ផ្តើមអនុវត្តគម្រោង និងធ្វើការបង្ហាញពីផែនការសកម្មភាពរបស់គម្រោងនិងរចនាសម្ព័ន្ធ សម្រាប់អនុវត្តន៍ព្រមទាំងប្រមូលធាតុចូលតាមរយៈកិច្ចពិភាក្សា យោបល់ និងការរំពឹងទុក ពីភាគីពាក់ព័ន្ធនានាដើម្បីធានាការអនុវត្តគម្រោងបានត្រឹមត្រូវ និងទទួលបានលទ្ធផលពេញ លេញ តាមទិសដៅនិងគោលបំណងដែលបានគ្រោងទុក។

ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការឡានឆាង គឺជាគម្រោងមានគោលបំណងបង្កើនចំណងមិត្តភាព រវាងបណ្តាប្រទេសអនុតំបន់មេគង្គ ឡានឆាងចំនួន៦ រួមមាន ប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម ដោយបានចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកសាងសហគមន៍មួយ ដែលមាន សន្តិភាព និងវិបុលភាពរួមគ្នា។ ឯកឧត្តមបានបន្តថា គម្រោង«ពង្រឹងសមត្ថភាព សម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តគ្រប់គ្រងតំបន់ការពារធម្មជាតិ និងក្របខណ្ឌរេដបូកក្នុង បណ្តាប្រទេសអនុតំបន់មេគង្គ-ឡានឆាង» ត្រូវបានផ្តួចផ្តើម និងសម្របសម្រួលតាម រយៈក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាគម្រោងថ្នាក់អនុតំបន់មេគង្គឡាន ឆាង មារយៈពេល២ឆ្នាំ ដោយមានគោលដៅពង្រឹងសមត្ថភាពរបស់ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ (ជាពិសេសមន្រ្តីនៃខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងប៉ៃលិន) សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយ ប្រសិទ្ធភាព កាត់បន្ថយការបាត់បង់ និងរេចរឹលព្រៃឈើ អភិរក្សជីវៈចម្រុះ ផ្អែកលើឯកសារសំខាន់ៗពីរគផែនការយុទ្ធសាស្រ្ត សម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ ២០១៨-២០២២ និងយុទ្ធសាស្រ្តរេដបូកជាតិ២០១៧-២០២៦។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានកន្លងមកបានទទួលគម្រោងចំនួន៣ ចាប់តាំងពី ឆ្នាំ២០១៧រួមមាន៖ ១- គម្រោងកសាងភាពធន់នៃតំបន់ដីសើមដីសណ្តមេគង្គ ក្រោមតាម រយៈការពង្រឹងជីវភាពរស់សុខមាលភាព និងជីវៈចម្រុះប្រកបដោយ និរន្តរភាពនៅតំបន់ ការពារទេសភាពបឹងព្រែកល្ពៅ, ២- គម្រោងប្រព័ន្ធតាមដានគុណភាពទឹក និងសាងសង់មជ្ឈមណ្ឌលព័ត៌មាននៅទន្លេមេគង្គ និង៣- គម្រោងពង្រឹងសមត្ថភាពសម្រាប់អនុវត្តន៍ ផែនការយុទ្ធសាស្រ្តគ្រប់គ្រងតំបន់ការពារធម្មជាតិ និងក្របខណ្ឌរេដបូកក្នុងបណ្តាប្រទេស អនុតំបន់មេគង្គ-ឡានឆាង ដែលដំណើរការអនុវត្តចាប់ពីពេលនេះ៕

ដោយ ពេជ្រ ណារិទ្ធ