មន្រ្តី​ជំនាញគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបង្ហាញថា ប្រព័ន្ធផ្លូវទឹកបុរាណនៅតែមាន ប្រសិទ្ធភាពក្នុងការប្រមូលទឹកស្ដុកទុកនៅក្នុងបារាយណ៍ កសិន្ធុសម្រាប់ទ្រទ្រង់ប្រាសាទ និងបញ្ចៀសទឹកមិនឱ្យលិចលង់ក្រុងសៀមរាប

AKP សៀមរាប ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋាន​ គ្រប់គ្រងទឹក​នៃអាជ្ញាធរជាតិ​អប្សរា​ បាន ឱ្យ​ដឹងកាល​ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ថា ស្ថានភាពទឹកភ្លៀងនៅរដូវវស្សាឆ្នាំនេះធ្លាក់ យឺតជាងឆ្នាំមុន ប៉ុន្តែបរិមាណទឹកច្រើន​ជាង​ឆ្នាំមុន តែស្ថានភាពទឹកមិនបានធ្វើឱ្យប៉ះពាល់ ដល់ប្រាសាទបុរាណ និងផ្ទះប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់អង្គរនៅឡើយទេ។

ដោយមន្រ្តីជំនាញគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានចាត់ចែង និងប្រមូល ទឹកភ្លៀងទាំងនោះតាមប្រព័ន្ធផ្លូវទឹកបុរាណដើម្បីបញ្ជូនទឹកទៅរក្សាទុក ក្នុងបារាយណ៍ខាង ជើង បារាយណ៍លលៃ កសិន្ធុអង្គរវត្ត កសិន្ធុក្រុងអង្គរធំ បារាយណ៍ខាងលិច កសិន្ធុប្រាសាទចៅស្រីវិបុល និងអាងស្តុកផ្សេងៗទៀតស្ទើរតែគ្រប់ចំនួនតម្រូវការហើយ។

លោកបន្តថា នៅពេលដែលពេលទឹកបញ្ចូលទៅតាមបារាយណ៍ ឬកសិន្ធុនៅតំបន់ អង្គរគ្រប់តាមត្រូវការហើយនោះ មន្រ្តីជំនាញនឹងបញ្ចៀសទឹកតាមប្រព័ន្ធផ្លូវទឹក បុរាណទម្លាក់ ទៅបឹងទន្លេសាបតាមស្ទឹងពួក ស្ទឹងព្រះស្រុក និងស្ទឹងសៀមរាប ដែលការទម្លាក់ទឹកទៅបឹង ទន្លេសាបនេះ មិនធ្វើឱ្យមានផលប៉ះពាល់លិចក្រុងសៀមរាបនោះទេ បើទោះបីស្ថានភាពទឹក ធំដូចកាលពីឆ្នាំ២០១១ក៏ដោយ។

​លោក ភឿន សុឃីម បាន​បញ្ជាក់ថា តាំងពីអាជ្ញាធរជាតិអប្សរាបានស្តារប្រព័ន្ធផ្លូវទឹក បុរាណចាប់តាំងពីឆ្នាំ២០១២មក តំបន់អង្គរ និងក្រុងសៀមរាបមិនដែលលិចលង់ដោយសារ ទឹកជំនន់នោះទេ ដែលនេះបង្ហាញថា ប្រព័ន្ធផ្លូវទឹកបុរាណពិតជាមាន ប្រសិទ្ធភាពណាស់។

លោកបានបន្តថា សម្រាប់ស្ថានភាពទឹកនៅរដូវវស្សាឆ្នាំនេះ មានផលល្អដល់មន្រ្តី ជំនាញសម្រាប់ការប្រមូលស្តុកទុកនៅតាមបារាយណ៍ និងកសិន្ធុនានានៅក្នុងតំបន់អង្គរដែល មានត្រូវការទឹកដល់ទៅជាង១០០លានម៉ែត្រគុប សម្រាប់ទ្រទ្រង់ប្រាសាទ និងការងារអភិរក្ស នៅរដូវប្រាំង៕

ដោយ ឃុត សៅ