អភិបាលខេត្តតាកែវណែនាំឱ្យអាជ្ញាធរក្រុង ស្រុក ធ្វើការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋបន្ថែមនៅពេលចុះតាមមូលដ្ឋាន

AKP តាកែវ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០–

កាលពីព្រឹកថ្ងៃ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០៧ ​ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍រយៈពេល៩ខែ ឆ្នាំ២០២០និងលើកទិសដៅការងារអនុវត្តន៍បន្ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដោយមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុកទាំង១០ លោកស្នងការរងទទួលផែនការចរាចរណ៍ខេត្តតាកែវ និងមន្ត្រីពាក់ព័ន្ធក្នុងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តតាកែវ ជាច្រើនរូបផងដែរ។

ឯកឧត្តម អ៊ូច ភា មានប្រសាសន៍ បានធ្វើការណែនាំ និងស្នើឱ្យអាជ្ញាធរក្រុង ស្រុកទាំងអស់ត្រូវធ្វើការចូលរួមអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានខ្លាំងក្លាទូលំទូលាយថែមទៀតនៅពេលចុះតាមមូលដ្ឋាន។ ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្រើន វាជាការចូលរួមចំណែកមួយក្នុងការកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឱ្យនៅកម្រិតទាបបំផុតនៅក្នុងខេត្តតាកែវរបស់យើង ក៏ដូចជាប្រទេសរបស់យើងទាំងមូល។

ឯកឧត្តម អ៊ូច ភា មានប្រសាសន៍បន្តថា មានតែការចូលរួមធ្វើការផ្សព្វផ្សាយនូវច្បាប់ចរាចរណ៍នៅតាមមូលដ្ឋាន ពីសំណាក់អាជ្ញាធររបស់យើងនៅគ្រប់បណ្តាក្រុង ស្រុកនោះទេ ទើបជាការល្អបន្ថែមទៀត ក្នុងការចូលរួមទប់ស្កាត់ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវឱ្យនៅទាបបំផុត។ អាជ្ញាធរមូលដ្ឋានក៏ត្រូវតែជួយអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋយើងឱ្យបានយល់ដឹងកាន់តែច្បាស់ពីការប្រើប្រាស់ផ្លូវនឹងច្បាប់ចរាចរណ៍នោះដោយមិនត្រូវចាំតែខាងជំនាញ ឬអាជ្ញាធរពាក់ព័ន្ធតែមួយប៉ុណ្ណោះនោះទេ។ ដូច្នេះសូមអស់លោក លោកស្រីដែលជាអាជ្ញាធរនៅតាមបណ្តាក្រុង ស្រុកទាំងអស់ចូលរួមធ្វើការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកនេះដល់ពួកគាត់ឱ្យបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត នៅពេលចុះតាមមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង​ ដើម្បីជាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍សម្រាប់ពួកគាត់ផងដែរ។

ឯកឧត្ត អ៊ូច​ ភា មានប្រសាសន៍បន្ថែមថា ការចូលរួមពីសំណាក់អាជ្ញាធររបស់យើងបានគ្រប់គ្នា ក្នុងការចូលរួមផ្សព្វផ្សាយនូវច្បាប់ចរាចរណ៍ផ្លូវគោក ដល់មូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋឱ្យពួកគាត់បានយល់ដឹងហើយនោះ វានឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងបានយល់ដឹងពីច្បាប់​ និងផលប៉ះពាល់មួយចំនួនដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍នេះ ហើយពួកគាត់នាំគ្នាផ្សព្វផ្សាយបន្ត និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ធ្វើឱ្យបញ្ហាគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវត្រូវបានកាត់បន្ថយបន្តិចម្តងៗ រហូតស្របតាមផែនការដែលបានគ្រោងទុក។

តាមរបាយការណ៍របស់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តតាកែវបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តតាកែវរយៈពេល៩ខែ ឆ្នាំ២០២០កើតឡើង ៥៣លើក លើ៨១លើក មានការថយចុះ ២៨លើក ស្មើនឹង​៣៤,៥៦ភាគរយ បណ្តាលឱ្យមនុស្សរងគ្រោះ ១០១នាក់ ស្រី៣៤នាក់ លើ១៥៧នាក់ ថយចុះ៥៦នាក់ ស្មើនឹង​៣៥,៦៦ភាគរយ ស្លាប់៣៦នាក់ លើ៥០នាក់​ ថយចុះ១៤នាក់ ស្មើនឹង​២៨ភាគរយ ​នឹងខូចខាតមធ្យោបាយសរុប ១០៣គ្រឿង លើ១៦៣គ្រឿង ដែលក្នុងនោះរថយន្តធុនធំ៩គ្រឿង រថយន្តធុនតូចចំនួន៤៣គ្រឿង ម៉ូតូចំនួន​៥៣គ្រឿង និងយាន្តផ្សេងៗទៀតចំនួន៣គ្រឿង៕ ដោយ អ៊ុច សៀង