អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជលគិរី នាំយកអំណោយចែកជូនគ្រួសារងាយរងគ្រោះ និងចាស់ជរាគ្មានទីពឹង

AKP កំពង់ឆ្នាំង ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០–

នៅរសៀលថ្ងៃ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័កព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជលគិរី ដឹកនាំដោយលោក ហៃ មនោរម្យ ប្រធានកិតិ្តយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជលគិរី អមដំណើរដោយមន្ត្រីរាជការ ក្រុមការងារអនុសាខា  និងសប្បុរសជននានាជាច្រើននាក់ បានចុះសួរសុខទុក្ខគ្រួសារមានជំងឺ និងនាំយកអំណោយចែកដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងចាស់ជរាគ្មានទីពឹងចំនួន ៦គ្រួសារ នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

លោក ហៃ មនោរម្យ បានថ្លែងអំណរគុណនិងដឹងគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ជាពិសេសនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើប្រទេសជាតិមានសុខសន្តិភាពពេញលេញ បន្តអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ដោយមើលឃើញពីការខ្វះខាត និងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះដោយហេតុផ្សេង ៗ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅលើពិភពលោក ហើយនៅប្រទេសកម្ពុជាយើងក៏រងផលប៉ះពាល់ពីជំងឺនេះផងដែរ។

លោកក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា គឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារឡើយ។ ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់អនុវត្តន៍នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងការរក្សាអនាម័យខ្លួនប្រាណ។ បន្ថែមពីនេះ សូមបងប្អូនប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្ន អំពីជំងឺគ្រុនឈាម នារដូវវស្សានេះ ជាពិសេសការកើតឡើងវិញនូវជំងឺគ្រុនឈីក (CHIK) ដែលអាចជាបញ្ហាសុខភាពសាធាណៈមួយទៀត។

លោក ហៃ មនោរម្យ បានផ្ដាំផ្ញើដល់បងប្អុនប្រជាពលរដ្ឋ សូមបងប្អូនកុំធ្វើចំណាកស្រុកទាំងប្រថុយប្រថានដោយខុសច្បាប់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា អប់រំកូនចៅឱ្យខិតខំរៀនសូត្រចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម និងបង្កើនមុខរបររកចំណូលប្រចាំថ្ងៃ ជាពិសេសបង្កបង្កើនផល និងដាំដំណាំរួមផ្សំ ដើម្បីបង្កើនជីវភាពរស់នៅ និងរួមគ្នាថែរក្សាសន្តិភាពឱ្យនៅគង់វង្ស។

លោកប្រធានកិត្តិយស បានបញ្ជាក់ទៀតថា ក្នុងនាមអំណោយសប្បុរសរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្តុក ទោះតិចតួចក្ដី ក៏អាចជួយសម្រួលដល់ប្រជាពលរដ្ឋបានមួយគ្រាផងដែរ ដែលក្នុងមួយគ្រួសារៗទទួលបាន អង្ករ៣០គីឡូក្រាម ,មី១កេស ,ត្រីខ ១០កំប៉ុង, មុង១, ភួយ១, ក្រមា១, សារុង១, សាប៊ូ២ដុំ និងថវិកា ៥ម៉ឺនរៀល ៕ ដោយ បៃ ស៊ីថុន