ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៩២គ្រួសារ នៅស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ទទួលអំណោយសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាល

AKP បន្ទាយមានជ័យ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០–

ប្រជាពលរដ្ឋរងគ្រោះដោយសារតែទឹក ជំនន់ធ្លាក់ពីប្រទេសថៃបូករួមទាំងទឹកភ្លៀងជាប់ៗគ្នាកាលពីប៉ុន្មានថ្ងៃកន្លងមកនេះចំនួន៩២គ្រួសារដែលរស់នៅជាប់ព្រំដែនកម្ពុជា.ថៃ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានទទួលអំណោយសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជា ​ដើម្បីជួយរួមចំណែកដោះ ស្រាយដល់ជីវភាពរស់នៅដែលកំពុងជួបលំបាកដោយ​គ្រោះធម្មជាតិនេះ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមនឹងក្រុមការងារកាលពីរសៀលថ្ងៃ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០ បាន នាំយកអំណោយសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាល មានជាស្បៀងអាហារ សម្ភារៈប្រើ ប្រាស់ ចុះទៅចែកជូនប្រជាពលរដ្ឋចំនួន៩២គ្រួសារនេះ ដែលត្រូវបានអាជ្ញាធរ កងកម្លាំងប្រដាប់អា វុធជម្លៀសចេញពីការជន់លិចដោយទឹកជំនន់នៅក្នុងភូមិប្រាសាទ និងភូមិអូរបីជាន់មកស្នាក់ នៅទីទួលសុវត្ថិភាព សាលាឃុំអូរបីជាន់ នៃស្រុកអូរជ្រៅ ប៉ុន្មានថ្ងៃមកនេះ។

នៅចំពោះមុខប្រជាពលរដ្ឋរងគ្រោះទាំងអស់នេះអភិបាលខេត្តបន្ទាយមានជ័យបានថ្លែងថា ជានិច្ចកាលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី តែងតែបានយកចិត្តទុកដាក់គិតគូរ ដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ នៅ គ្រប់ទីកន្លែង។ ជាក់ស្តែងដូចអំណោយដែលចែកជូនដល់បងប្អូននាពេលនេះ​ទោះបីតិចតួច តែបានបង្ហាញការគិតគូរខ្ពស់របស់សម្តេច ក្នុងការជួយដល់ប្រជាពលរដ្ឋបាន​ទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារទទួលទាននោះ​ទេ។

ជាមួយនោះដែរអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងកោតសរសើរដល់អាជ្ញាធរ​មូល ដ្ឋានកងកម្លាំងប្រដាប់អាវុធ ដែលបានចុះអន្តរាគមន៍ជួយដឹកជញ្ជូនប្រជាពលរដ្ឋរងគ្រោះ​ក្នុង តំបន់លិចលង់មកកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា។

ឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវ សូមឱ្យបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយ សារទឹកជន់លិចទាំងអស់នេះ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះកូនចៅ ជាពិសេសត្រូវប្រុង ប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗទិច ឬខាំ និងត្រូវប្រកាន់ឱ្យបាននូវអនាម័យស្អាតជានិច្ច ក្នុងការរស់នៅដើម្បីចៀសវាងការកើតជំងឺរាតត្បាតផ្សេងៗនោះ។ជាមួយនោះក៏បានក្រើនរម្លឹក​ដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ត្រូវបន្តការយកចិត្តទុកដាក់ថែម ទៀត​ ក្នុងការត្រៀមបង្ការជាប់ជានិច្ច ដើម្បីចុះអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ ទោះបីមកត្រឺមល្ងាចថ្ងៃទី០៧ ខែតុលានេះ ទឺកជំនន់ដែលបានជន់លិចលង់នៅតំបន់ខ្លះក្នុងឃុំ អូរបីជាន់ ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត បានស្រកចុះក៏ដោយតែត្រូវបង្កើនការប្រុងប្រយ័ត្ន តាមដានពីស្ថានភាពទឹកឱ្យ​បានជាប់ជាប្រចាំ៕ ដោយ​៖ឈុន សារ៉ាត