ម្រេច គឺជាផលិតផលកសិកម្ម ដែលកំពុងមានទីផ្សារទូលំទូលាយមួយ

AKP ភ្នំពេញ ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ២០២០ —

ក្រៅពីអង្ករ ដែលកំពុងតែមានទីផ្សារទូលំទូលាយ ផលិតផលម្រេច ក៏ជាផលិតផលកសិកម្មរបស់កម្ពុជាមួយ ប្រភេទដែលកំពុងតែមានការទទួលស្គាល់ ទោះបីជាបរិមាណនៃការនាំចេញ មិនទាន់ច្រើនក៏ពិតមែន ។

យោងទៅតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ ដែលបានផ្សព្វផ្សាយដោយ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានឲ្យដឹងថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ កន្លងមកនេះ ការនាំចេញម្រេចកម្ពុជា សម្រេចបានបរិមាណចំនួន ៤ ១២១,៩៥ តោន មានកំណើនរហូតដល់ទៅ ១២៣,៧៦%។

ប្រភពដដែលបានបន្តទៀតថា ផលិតផលម្រេចកម្ពុជាគឺកំពុងតែត្រូវបាននាំចេញទៅកាន់ប្រទេសនានារហូតដល់ទៅ ២១ ប្រទេស ។

ប្រភពដដែលបានបន្តថា ផលិតផលម្រេចទាំងនោះ បាននាំចេញទៅកាន់ប្រទេស ជប៉ុន, ប៊ែលហ្សិក, ហូឡង់,បារាំង, អាល្លឺម៉ង់, ស្វីស, វៀតណាម, អាមេរិច, រុស្ស៊ី, អង់គ្លេស, ឥណ្ឌា, បេឡារូស, កូរ៉េ, ឆេក, ណូវែហ្សែឡង់, អូស្រ្តាលី, ថៃ, តៃវ៉ាន់, ស៊ុយអ៊ែត, សិង្ហបុរី និងប្រទេសអូស្ត្រាលី។

ម្រេចគឺជាផលិតផលកសិកម្មដែលត្រូវបានគេដឹងថា កំពុងមានដាំនៅតំបន់ជាច្រើន ជាពិសេសគឺនៅខេត្ត កំពត កែប ដោយនៅទីនោះ ផលិតផលម្រេចនេះមានតម្លៃខ្ពស់ដោយសារតែជាផលិតផលកសិកម្មសម្គាល់ភូមិសាស្រ្ត ដោយឡែកក្រៅពីនេះមានដាំនៅកំពង់ចាម ត្បូងឃ្មុំ និង បណ្តាខេត្តនៅភូមិភាឥសាន្ត នៃប្រទេសផងដែរ ៕
ដោយ៖ហេង បញ្ញា(ផ្សាយដោយ៖ កន ចំណាន)