ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យអភិបាលខណ្ឌទាំង១៤ ប្រឹងប្រែងប្រើប្រាស់ឱ្យអស់លទ្ធភាព ធ្វើយ៉ាងណាដឹកសំរាមចេញពីក្រុងឱ្យអស់នៅយប់នេះ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០–
​ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអភិបាលខណ្ឌទាំង១៤ ប្រឹងប្រែងប្រើប្រាស់ឱ្យអស់លទ្ធភាព ក្រោមកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាដឹក ជញ្ជូនសំរាមចេញពីក្នុងក្រុងទៅកាន់ទីលានចាក់សំរាមឱ្យអស់នៅយប់នេះ។

​ឯកឧត្ដម ឃួង ស្រេង បានជំរុញបែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយជា មួយអភិបាលខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធក្រោមឱវាទនៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ នៅសាលារាជធានីភ្នំពេញ។

​ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យអភិបាល អភិបាលរងទទួលបន្ទុកយក ចិត្តទុកដាក់តាមដាន និងពិនិត្យសកម្មភាពប្រមូលសំរាមនៅយប់នេះឱ្យបានហ្មត់ចត់ តាម ស្មារតីនៃកិច្ចប្រជុំ និងយកលទ្ធផលនៃកិច្ចប្រជុំនារសៀលនេះទៅអនុវត្តន៍ឱ្យមានប្រសិទ្ធ ភាព។

​លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងផងដែរថា រដ្ឋបាលរាជ ធានីភ្នំពេញ បានចាត់ចែងរថយន្តដឹកសំរាមរបស់រដ្ឋបាលរាជធនីភ្នំពេញទៅតាមខណ្ឌ នីមួយៗរួចហើយ ប៉ុន្តែបើមានតម្រូវចាំបាច់ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាបន្ថែម ទៀតនោះ សុំអភិបាលខណ្ឌ ចាត់ចែងជួលរថយន្តបែនដឹកដីឱ្យមកដឹកសំរាមដោយ គិតតម្លៃ ជាតោន ក្នុង១តោនចាប់ពី១០ដុល្លារ ដល់១៤ដុល្លារអាម៉េរិក ចំពោះរថយន្ត ដែលប្រើប្រាស់ ប្រេងផ្ទាល់ខ្លួន។ លើសពីនេះថែមទៀត ក៏ត្រូវជួលកម្លាំងកម្មករ រួមទាំងកម្លាំងកម្មកររបស់ ក្រុមហ៊ុនស៊ិនទ្រីផងដែរ ដែលក្នុងម្នាក់ផ្តល់ជូន១០ដុល្លារនៅពេលថ្ងៃ និងបន្ថែម៥ដុល្លារទៀត សម្រាប់អ្នកធ្វើការពេលយប់។

​លោកអភិបាលរង ក៏បានស្នើឱ្យខណ្ឌនីមួយៗ ជាពិសេសខណ្ឌជាយក្រុងរកទីកន្លែង ឬជួលដីប្រជាពលរដ្ឋណា ដែលនៅទំនេរមួយរយៈសម្រាប់ស្តុកសំរាមជាបណ្តោះអាសន្នរង់ចាំ រថយន្តដឹកសំរាមមកជញ្ជូនបន្តទៅកាន់ទីលានចាក់សំរាម ធ្វើយ៉ាងណាយប់នេះយកសំរាមឱ្យ អស់ពីតាមបណ្តាខណ្ឌនានាក្នុងរាជធានីភ្នំពេញ។

​លោក កើត ឆែ ក៏បានសុំគោលការណ៍ពីឯកឧត្តមអភិបាលរាជធានី ដើម្បីចាត់ចែង លេខរៀងខណ្ឌនីមួយៗឱ្យបានច្បាស់លាស់ ជាពិសេសចំពោះរថយន្តបែនដែលខណ្ឌបាន ជួលដើម្បីងាយស្រួលគ្រប់គ្រង និងត្រួតពិនិត្យ ក៏ដូចជាងាយស្រួលគ្រប់គ្រងការចំណាយ នានានៅក្នុងដំណាក់កាលនេះ ឱ្យបានច្បាស់លាស់ឆ្លើយតបឱ្យបានទាន់ពេលវេលា៕ ដោយ​ សួស សំរិត