សម្ដេចតេជោ ហ៊ុន សែន៖ ដោយសារសេដ្ឋកិច្ចមិនច្បាស់លាស់ រាជរដ្ឋាភិបាល ប្រកាស​ផ្អាក​ការដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅឆ្នាំ២០២១

AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដោយសារស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់នោះ ការដំឡើងប្រាក់បៀវត្សរ៍​សម្រាប់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធសម្រាប់ឆ្នាំ២០២១ និងត្រូវផ្អាកដោយរក្សា​ទុកនូវប្រាក់បៀវត្សរ៍ដដែល តែប្រាក់ឧបត្ថម្ភសម្រាប់បុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ​នៅ​បន្តផ្ដល់ឱ្យដដែល។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ដែលមាន​ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ សម្ដេច​តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អ្វីដែលជាការយកចិត្តទុកដាក់នឹងជម្រាប​ជូនទៅ អតីតយុទ្ធជននិងនិវត្តន៍ជននោះ គឺយើងនឹងបង្កើនប្រាក់បៀវត្សចំពោះនិវត្តន៍ជនអតីត​យុទ្ធ​ជន​ដែលចូលនិវត្តន៍មុន។ព្រោះអ្នកចូលនិវត្តន៍មុនគាត់ប្រាក់ខែតែ ៤០ ម៉ឺនរៀល ដល់ពេល​ចូលនិវត្តន៍កាត់ទៅនៅសល់ត្រឹម ៣០ម៉ឺនរៀលប៉ុណ្ណោះ។ បើប្រៀបធៀបអ្នកចូលនិវត្តន៍​បច្ចុប្បន្នឥឡូវប្រាក់ខែមួយលានរៀល ដល់ចូលនិវត្តន៍ទៅកាត់ ២០ភាគរយ គាត់នៅសល់ ៨០​ម៉ឺនរៀល ខុសពីរអ្នកចូលនិវត្តន៍មុន។ សម្ដេចតេជោបានបន្ដថា ដើម្បីកាត់បន្ថយគម្លាត​អ្នកចូលនិវត្តន៍មុន និងក្រោយ រាជរដ្ឋាភិបាលបានចំណាយ១០លានដុល្លារអាម៉េរិក ក្នុង មួយឆ្នាំ ដើម្បីកុំឱ្យខុសឃ្លាតគ្នាឆ្ងាយពេកជាមួយអ្នកចូលនិវត្តន៍បច្ចុប្បន្ន។ ជាមួយគ្នានេះ ដែរ សម្តេចតេជោក៏បានប្រកាសពីការបន្តអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រី​ក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ សម្រាប់រយៈពេល០៣ខែបន្ថែមទៀត គឺ ចាប់ពីខែតុលា ដល់ខែធ្នូឆ្នាំ២០២០។

សម្ដេចតេជោបានគូសបញ្ជាក់ថា «ខ្ញុំសុំប្រកាសជូន​ប្រជាពលរដ្ឋឱ្យបានជ្រាបថា រាជរដ្ឋាភិបាលនឹងបន្តក្នុងរយៈពេល៣ខែទៀត អ្នកដែល​បានទទួលជំនួយឧបត្ថម្ភ ដែលជា​គ្រួសារក្រីក្រប្រមាណ៦០ម៉ឺនគ្រួសារ ជាមួយនឹង​មនុស្ស​ជាង៣លាននាក់ ចាប់ពីពេលនេះ​រហូតដល់ខែធ្នូ ដែលជាជុំទី៦ នៃអន្តរាគមន៍​របស់រាជ​រដ្ឋាភិ​បាល»។ ក្រៅពីបន្តការឧត្ថម្ភ​ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះរយៈពេល​៣ខែទៀត​នោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសពីការបន្តឧបត្ថម្ភកម្មករ និយោជិត បម្រើ​ការ​ងារនៅរោងចក្រ សហគ្រាស និងអាជីវកម្ម ក្នុងវិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង កាបូប។ល។ និងវិស័យទេស ចរណ៍រយៈពេល៣ខែបន្តទៀតផងដែរ ដែលក្នុងនោះកម្មករ និយោជិតក្នុងវិស័យកាត់ដេរ ទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលចំនួន៤០ដុល្លារអាម៉េរិក និងថៅកែរោងចក្រ៣០ ដុល្លារអាម៉េរិក សរុប៧០ដុល្លារអាម៉េរិកក្នុង១ខែ។ ចំណែកកម្មករនិយោជិតក្នុងវិស័យ ទេសចរណ៍ ទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលចំនួន៤០ដុល្លារអាម៉េរិកក្នុង១ខែ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលក៏សម្រេចបង្កើន​កម្ម​វិធីសាច់ប្រាក់ពលកម្មពី៥០លានដុល្លារអាម៉េរិក ដល់១៥០លានដុល្លារអាម៉េរិកផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើពលកម្ម ជាប្រព័ន្ធធារាសាស្ត្រតូចៗ និងជាផ្លូវលំ ដែលបាន​ផ្តល់​ផលប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋាន និងទទួលបានប្រាក់ចំណូលនេះផងដែរ និង​បន្តអនុវត្តន៍កិច្ចគាំពារសង្គមផ្សេងទៀត ដូចជាកម្មការិនីសម្រាលកូន ស្ត្រីមានផ្ទៃ​ពោះ​ចាប់ពីពេលមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ។

គួររម្លឹកផងដែរថា រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» កាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២០កន្លងមក។​ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់​សម្រាប់​ខែទី១ មានអ្នកទទួលផលចំនួន ៥៣០ ៨៣៨ គ្រួសារ ខែទី២ ចំនួន ៥៩៨ ៥១២​គ្រួសារ ខែទី៣ ចំនួន៦៤៤ ៦៥៥គ្រួសារ។ ដោយឡែកសម្រាប់ខែទី៤ ដែលបានចាប់ផ្ដើម​អនុវត្តន៍បើកផ្ដល់កាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាចំនួន ១២៥ ១៧២ ៦៨៧ ៦០០ រៀល សម្រាប់​បើកផ្ដល់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ៦៨៩ ៩៧៣ គ្រួសារ៕

ដោយ ជឹម ណារី (ផ្សាយដោយ៖ កន ចំណាន)