កម្មករក្រុមហ៊ុនស៊ីនទ្រី សម្រេចចូលបម្រើការងារធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី០៧ ខែតុលានេះតទៅ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០

កម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីចំនួនជាង២០០០នាក់ ដែលបានធ្វើកូដកម្មតវ៉ាមិនព្រម ដឹកជញ្ជូនសំរាមទៅកាន់ទីលានចាក់សំរាមអស់រយៈពេលប្រាំថ្ងៃកន្លងមកនេះ ពេលនេះ ពួកគាត់បានឯកភាពស្ម័គ្រចិត្តឈប់ធ្វើកូដកម្ម ហើយសន្យាថានឹងចូលបម្រើការងារជាធម្មតា វិញចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះតទៅ។

ការឯកភាព និងបញ្ឈប់នូវរាល់ការធ្វើកូដកម្មនេះ បានធ្វើឡើងខណៈដែលឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះទៅដោះស្រាយ ដល់ទីតាំងកើតហេតុ កាលពីព្រឹកថ្ងៃទី០៧ ខែតុលា ដោយបានស្នើសុំឱ្យបងប្អូនកម្មករ ទាំងអស់ចូលបម្រើការងារវិញនារសៀលថ្ងៃនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង បានផ្ដល់នូវអង្ករចំនួន ២៥គីឡូក្រាម ក្នុងម្នាក់ៗ ដែលអង្ករនេះជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ចាប់តាំងពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ព្រឹកថ្ងៃ០៧ ខែតុលា កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី បានធ្វើកូដកម្ម នៅយានដ្ឋាន ក្រុមហ៊ុន ស៊ីនទ្រីដែលមានទីតាំងនៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមិនចេញ ប្រមូលសំរាមដែលធ្វើឱ្យមានសំរាមកកស្ទះនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ៕

ដោយ សួស  សំរិត