ក្រសួងអប់រំប្រកាស​អនុវត្ត​ន៍គម្រោង​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា សម្រាប់គ្រប់គ្រង​សាលារៀន

AKP ​ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០

ដោយ​មើល​ឃើញ​ពី​អត្ថប្រយោជន៍​ជាច្រើន​នៃ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​ប្រកាស​អនុវត្តន៍​គម្រោង​ប្រើប្រាស់​ប្រព័ន្ធ​​នេះ ព្រមទាំង​បាន​ពង្រីក​គម្រោង​រហូត​ដល់ ១៥០​ វិទ្យាល័យ​បន្ថែម​ទៀត ដែល​ជា​វិទ្យាល័យ​ធនធាន វិទ្យាល័យ​នៅ​ក្នុង​គម្រោង​កែ​លម្អ​ការ​អប់រំ​មធ្យម​សិក្សា (SEIP) និង​វិទ្យាល័យ​ពីរ​ផ្សេង​ទៀត។

ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់សាលារៀនជូនវិទ្យាល័យចំនួន១៥០ និងប្រកាសសមាសភាពក្រុមការងារដឹកនាំ គ្រប់គ្រង និងអនុវត្ដន៍គម្រោង នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងអប់រំ ​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡាបានមានប្រសាសន៍ថា ដើម្បី​ធានា​បាន​នូវ​​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​គម្រោង ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្កើត​ក្រុមការ​ងារ​ដឹកនាំ គ្រប់គ្រងនិង​អនុវត្តន៍​គម្រោង​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន ​​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២០។ ឯកឧត្ដមបណ្ឌិតសភាចារ្យបាន​បញ្ជាក់​ថា គម្រោង​នេះ​ក៏​បំពាក់​អ៊ីនធឺណិត​ល្បឿន​លឿន 100 Mbps ដែល​អាច​ប្រើប្រាស់​គ្រប់គ្រាន់​ក្នុង​បរិបទ​ដែល​សាលារៀន​ទាំង​អស់​កំពុង​មាន​តម្រូវការ​អ៊ីនធឺណិត​ខ្លាំង​សម្រាប់​បម្រើ​ការ​បង្រៀននិង​ រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​ការ​សិក្សា​ពី​ចម្ងាយ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ក្រៅ​ពី​សាលារៀន​ដែល​បាន​បំពាក់​គម្រោង ក្រុមហ៊ុន​មិត្តហ្វូន ក៏​បាន​ផ្ដល់​ជូន​អ៊ីនធឺណិត​ល្បឿន​លឿន​ឥត​គិត​ថ្លៃ​បន្ថែម​ទៀត​សម្រាប់​វិទ្យាល័យ​ចំនួន​៥០ ដែល​មិន​នៅ​ក្នុង​គម្រោង។

ឯកឧត្ដមបណ្ឌិត​សភាចារ្យក៏​បាន​លើកទឹកចិត្ត​ដល់​ក្រុមការងារ​ដឹក​នាំ​គ្រប់គ្រង ​និង​អនុវត្ត​ន៍គម្រោង​ដែល​ជា​បុគ្គលិក​អប់រំ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ឱ្យ​ខិតខំ​ប្រឹងប្រែង​ជួយ​ជ្រោមជ្រែង​ការ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាពនិង​ជំរុញ​គ្រូបង្រៀន​ដែល​ប្រើប្រាស់​ ប្រព័ន្ធ​នេះ​ខិតខំ​ឈ្វេងយល់​ពី​ប្រព័ន្ធ ដើម្បី​ឱ្យ​មាន​ចំណេះដឹង​ផ្នែក​ឌីជីថល​កាន់​តែ​ប្រសើរ ស្របតាម​ចក្ខុ​វិស័យ​របស់​ក្រសួង​ក្នុង​ការ​លើក​ស្ទួយ​ការ​អប់រំ​បែប​ឌីជីថល​នៅ​កម្ពុជា។ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ក្រុមហ៊ុន​មិត្តហ្វូន ដែល​តែងតែ​ជួយ​គាំទ្រ​ក្រសួង​លើ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​ការ​អប់រំ​តាម​បែប​ឌីជីថល។

លោក Phung Van Cuong អគ្គ​នាយក​ក្រុមហ៊ុន​វៀតធេល (ខេមបូឌា) បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​រដ្ឋមន្ត្រី ដែល​បាន​ជួយ​សម្រប​សម្រួល​ឱ្យ​មាន​ក្រុមហ៊ុន​មិត្តហ្វូន​បាន​សហការ​ជាមួយ​ក្រសួងអប់រំ​លើ​គម្រោង​ផ្សេងៗ ដើម្បី​រួម​ចំណែក​លើកកម្ពស់​ការ​អប់រំ​ឌីជីថល​នៅ​កម្ពុជា។ ជាមួយគ្នានេះ ​ថ្នាក់​ដឹកនាំ​ក្រសួង និង​ក្រុម​ការងារ​នៅ​ក្នុង​គម្រោង ដែល​បាន​សហការ​អនុវត្តន៍​គម្រោង​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់។

សូម​ជម្រាប​ថា ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​ក្រុមហ៊ុន​មិត្តហ្វូន បាន​ដាក់​ឱ្យ​អនុវត្តន៍​សាកល្បង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន ដែល​មាន​មុខងារ​ដូចជា ការ​គ្រប់គ្រង​ការ​ចុះឈ្មោះ​សិស្ស ប្រវត្តិរូប​សិស្ស គ្រប់គ្រង​ពិន្ទុ​សិស្ស តាមដាន​វត្តមាន​សិស្ស​ដោយ​មាន​ការ​ផ្ញើ​សារ​ប្រាប់​ពី​ការ​អវត្តមាន​របស់​សិស្ស គ្រប់គ្រង​កាលវិភាគ​គ្រូ​និង​សិស្ស និង​មុខងារ​ផ្សេងៗ​ជា​ច្រើន​ទៀត។ ការអនុវត្ដនូវគម្រោងនេះគឺទទួល​ជោគ​ជ័យ​​នៅ​វិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល និង​កំពុង​ដំណើរការ​សាកល្បង​នៅ​វិទ្យាល័យ ១០ មករា ១៩៧៩ ក្រុង​សៀមរាប ខេត្ត​សៀមរាប៕

ដោយ ឡុង ស៊ីវ៉ាន់

ប្រភព៖ក្រសួងអប់រំ