ឯកឧត្ដម ឃួ​ង ស្រេង​៖ កម្មករ​ក្រុមហ៊ុន​ស៊ិន​ទ្រី នឹង​ទទួលបាន​ឱកាស​ការងារ​ថ្មី និង​ប្រាក់​អតីតភាព​ការងារ​តាម​ដំណាក់កាល​

AKP ភ្នំពេញ ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០
​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ នឹង​ផ្តល់ប្រាក់​អតីតភាព​ការងារ​ទៅតាម​ដំណាក់កាល​ដល់ បុគ្គលិក​ម្មករ​ក្រុមហ៊ុន​ស៊ិន​ទ្រី ហើយ​ពួកគាត់​នៅតែ​ទទួលបាន​ឱកាស​ការងារ​ថ្មី​ដដែល នៅពេល​ក្រុមហ៊ុន​ចំនួន​៣ បើក​ប្រតិបត្តិ​ការប្រមូល​សំរាម​នាពេលខាងមុខ​។​

​ឯកឧត្ដម ឃួ​ង ស្រេង ថ្លែងប្រាប់​អ្នកសារព័ត៌មាន ដូច្នេះ​ក្រោយពី​បញ្ចប់ ពិធី​សម្ពោធ អគារ​ទីចាត់ការ​សាលាបឋមសិក្សា​សន្ធ​ម៉ុក នៅ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០​ថា សាលា​រាជធានី​ភ្នំពេញ នឹង​បង្កើតឱ្យមាន​ក្រុមហ៊ុន​ប្រមូល​សំរាម​ចំនួន​បី​តំបន់ ដើម្បី​ធ្វើ​យ៉ាង ណា​ឱ្យ​ការប្រមូល​សំរាម​បាន​លឿន​រហ័ស បញ្ចៀស​ការកកស្ទះ ខណៈ​ក្រុមហ៊ុន​ទាំងអស់ នោះ នឹង​យក​កម្មករ​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី​ដោយមាន​ការជួយ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​មក បម្រើ​ការងារ​ដដែល​។ ប៉ុន្មាន​ថ្ងៃនេះ មានការ​កកស្ទះ​សំរាម ដោយសារ​កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី បានធ្វើ​កូដកម្ម ទាមទារ​ប្រាក់​អតីតភាព ដែល​ចំណុច​នេះ​ក្រសួង​ការងារ​បាន​ជម្រាបជូន​ថា ប្រាក់​អតីតភាព ក្រសួង​នឹង​ផ្តល់ជូន​តាម​ដំណាក់កាល ខណៈដែល​កម្មករ​ទាំង​អស់នោះ សុំ​បើកប្រាក់​ផ្តាច់​តែម្ដង​ហើយ​ឈប់​ធ្វើការ​។ ការទាមទារ​បែបនេះ ដោយសារ​ពួកគាត់​យល់ថា នៅ​ថ្ងៃ​អនាគត រដ្ឋបាល​រា​ធានី​ភ្នំពេញ នឹងធ្វើ​ការដេញថ្លៃ​យក​ក្រុមហ៊ុន ចំនួន​៣​មក ប្រតិបត្តិ​ការប្រមូល​សំរាម ហើយ​គាត់​គិតថា​គាត់​មិនបាន​ចូលធ្វើ​ការងារ​បន្ត​។​ ​

​យ៉ាងណា ក៏ដោយ ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បញ្ចេញ​រថយន្ត ប្រមូល​សំរាម​ចំនួន​៧០​គ្រឿង រួមជាមួយ​កម្លាំង​សន្តិសុខ និង​ប្រជា​ការពារ​រាប់សិប​នាក់ ដើម្បី​ចេញ​ប្រតិបត្តិ​ការប្រមូល​សំរាម ក្នុង​រាជធានី​ភ្នំពេញ​។ ជាមួយគ្នា​នោះ ឯកឧត្ដម​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ទាំងអស់ វេច​ខ្ចប់ ទុកដាក់ និង​បញ្ចេញ​សំរាម​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​ការ​កក ស្ទះ​សំរាម សំណល់​រឹង ខណៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុងតែ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ប្រមូល​នៅតាម​បណ្ដា​ខណ្ឌ​រៀងៗ​ខ្លួន​៕ ដោយ​៖ សួស សំរិត សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​