រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​បងប្អូន​នារី ត្រូវមាន​ទំនុកចិត្ត​ខ្ពស់​លើ​ខ្លួនឯង ត្រូវ​ចេះ​ជួយ​គ្នា​ទៅវិញទៅមក ដើម្បី​ជំរុញ​តួនាទី​នារី ក្នុង​កិច្ចការងារ​

AKP កំពង់ឆ្នាំង ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០
​ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​បងប្អូន​នារី ត្រូវមាន​ទំនុកចិត្ត​ខ្ពស់​លើ​ខ្លួនឯង ត្រូវ​ចេះ​ជួយ​គ្នា​ទៅវិញទៅមក មាន​ស្មារតី​ជា​ក្រុម មានចិត្ត​ទូលាយ ពិសេស​បង្កើន​សមត្ថភាព​ជំនាញ​បាន​កាន់តែ​ល្អប្រសើរ ដើម្បី​ជំរុញ​តួនាទី​របស់​នារី ក្នុង​កិច្ចការងារ តូច ធំ បាន​រលូន​ទៅមុខ​។ ការលើកឡើង​របស់​ឯក​ឧត្ដម​រដ្ឋមន្ដ្រី​នេះ ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល​និង​ផែនការ​សកម្មភាព ឆ្លើយតប​នឹង​អនុសាសន៍ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​អនុវត្ត​គោលនយោបាយ​សមភាព​យេនឌ័រ សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្នាក់ក្រោម​ជាតិ ដែល​រៀបចំឡើង​ដោយ​ក្រុមការងារ​បច្ចេកទេស​យេនឌ័រ​ក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០ នា​សាលប្រជុំ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​។

​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​បាន​មានប្រសាសន៍ថា សិក្ខាសាលា នេះ​គឺ​ស្របទៅនឹង​គោលដៅ​របស់​រាជរដ្ឋាភិបាល ក្នុងការ​យកចិត្តទុកដាក់​លើកស្ទួយ​តម្លៃ​ស្ត្រី​ខ្មែរ ក្នុងសង្គម​ជំរុញ​ការអភិវឌ្ឍ​ស្ត្រី​លើ​គ្រប់ផ្នែក​លុបបំបាត់​រាល់​ទស្សនៈ ឬ​ឥរិយាបថ​រើសអើង​ចំពោះ​ស្ត្រី សំដៅ​បង្កើន​ការចូលរួម​ដ៏​សកម្ម​របស់​ស្ត្រី ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ តាមរយៈ​ការបន្ត​លើកកម្ពស់​សមភាព​យេនឌ័រ និង​សិទ្ធិ​របស់​ស្ត្រី សំដៅ​បង្កើន​តួនាទី​របស់​ស្ត្រី​ក្នុង​វិស័យសេដ្ឋកិច្ច តាមរយៈ​កម្មវិធី​បណ្តុះ​បណ្តាល​បំពាក់បំប៉ន​ជំនាញ​បច្ចេកទេស ការផ្តល់​ឱកាស​ការងា​រ​ធ្វើ​។ ជាក់ស្តែង​នៅពេលដែល ក្រសួង ស្ថាប័នរដ្ឋ ប្រឡង​ជ្រើសរើស​មន្ត្រី​ចូល​បម្រើ​ការងារ គឺ ៥០ ភាគរយ សម្រាប់​ស្ត្រី តែបើ​មិនបាន​ក៏​ត្រឹម ៣០ ភាគរយ​ដែរ ហើយ​សម្រាប់​ថ្នាក់ដឹកនាំ នៅតាម​អង្គភាព ក៏ត្រូវ​មាន​នារី​កាន់​តូ​នាទី​ផងដែរ​។ ឯកឧត្ដម​បាន​ជំរុញ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំងអស់​ក្នុង​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង ត្រូវ​បង្កើន​ស្មារតី​សាមគ្គីភាព​ផ្ទៃក្នុង មាន​យុត្តិធម៌ និង​មាន​វិន័យ​ក្នុង​ការងារ មាន​ស្មារតី​ធ្វើការ​ជា​ក្រុម​។ ជាមួយគ្នានេះ មន្ត្រី​ព័ត៌មាន ត្រូវ​ដឹងថា​ខ្លួន​ត្រូវ​ដឹងថា​អ្វីខ្លះ​នៅក្នុង​ខេត្ត ដោយ​មិនត្រូវ​អង្គុយចាំតែ​គេ​ប្រើ​នោះទេ ត្រូវ​ដឹង និង​រាយការណ៍​ជាប្រចាំ​ទៅ​អភិបាលរង​ខេត្ត ដែល​ទទួល​ការងារ​ព័ត៌មាន ដើម្បីឱ្យ​គណៈ​អភិបាល ខេត្ត​បានដឹង និង​ដើម្បី​មាន​វិធានការ​ដោះស្រាយបាន​ទាន់ពេល​វា​លា​។

​ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​បន្ថែមថា មន្ដ្រី​ព័ត៌មាន ត្រូវមាន​ទំនាក់ទំនង​ល្អ គ្រប់​ក្រសួង ស្ថាប័ន ជុំវិញ​ខេត្ត ហើយ​អ្នក​ដែល​ធ្វើ​ទំនាក់ទំនង​បានល្អ​គឺ​បងប្អូន​នារី នេះ​តែម្តង​ដែល​អាចជួយ​ដល់​ប្រធាន​មន្ទីរ​។ ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​លើកឡើងថា ការងារ​មន្ទីរ​ព័ត៌មាន​គឺ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាជន​បាន​យល់​មាន​អារម្មណ៍​ស្ងប់ ហើយ​មានការ​ឆ្លើយ​តម​ទៅនឹង​សំណួរ​របស់​ប្រជាជន ហើយ​នៅពេលដែល​យើង​បាន​ផ្សព្វ​ផ្សាយបាន​គ្រប់​ជ្រុងជ្រោយ​នៃ​បញ្ហា​ទាំងនោះ​។
​ឯកឧត្តម អម សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់ថា ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​ជាក់លាក់ ជាច្រើន​ក្នុងការ​បញ្ជ្រាប​យេនឌ័រ និង​បង្កើត​នូវ​តួនាទី​ស្ត្រី ក្នុង​ការធ្វើ​សេចក្តីសម្រេច រួមទាំង​ការបញ្ចូល​ទៅក្នុង​ច្បាប់ យុទ្ធសាស្ត្រ និង​កម្មវិធី​នយោបាយ ដែល​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ បាន​នាំមក​នូវ​ការកើនឡើង​ជា​បណ្តើរៗ​នូវ​សមាមាត្រ​ស្ត្រី ជា​ថ្នាក់ដឹកនាំ​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។ ឯកឧត្ដម​បាន​បន្ដថា សម្រាប់​ខេត្តកំពង់ឆ្នាំង ស្ត្រី​ជា​ថ្នាក់ដឹកនាំ​មាននៅ​គ្រប់​ថ្នាក់ ខេត្ត ស្រុក និង​ឃុំ សង្កាត់​។

សូមបញ្ជាក់ថា សម្រាប់​សិក្ខាកាម​ដែល​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ គឺជា​អ្នក​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​នៅ​ថ្នាក់ក្រោម​ជាតិ មកពី​ខេត្តពោធិ៍សាត់ កំពង់ចាម រាជធានី ភ្នំពេញ ព្រៃវែង និង​ខេត្តកំពង់ឆ្នាំង​។ ចំពោះ​ប្រធានបទ​នៃ​សិក្ខាសាលា​នេះ គឺ​បានលើកឡើង​អំពី​សមិទ្ធផល​ទាំងឡាយ ដែល​សម្រេចបាន​កន្លង​មក ក្នុងការ​អនុវត្ត​គោលនយោបាយ​សមភាព​យេនឌ័រ​ក្រោម​អនុសញ្ញា​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ​នៅ​ប្រទេស​កម្ពុជា ហៅ​កាត់​ថា CEDAW ដែល​សំដៅ​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​នារី និង​កសាង​ផែនការ​សកម្មភាព​បន្ត​អនុវត្តន៍​៕​ដោយ រិទ្ធី រូបថត​៖ ខឹម សុវណ្ណារ៉ា សម្រួលផ្សាយដោយ៖ ធូ កុសល