កិច្ចប្រជុំរវាងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា ជាមួយរដ្ឋបាលខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០

ឯកឧត្ដម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ រវាងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា  ជាមួយរដ្ឋបាល ខេត្តព្រះសីហនុ និងមានការចូលរួមដោយលោកភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍ គណៈប្រតិភូ គណៈកម្មការទី៦ នៃព្រឹទ្ធសភា និងជម្រាបជូនពីសមិទ្ធផល ស្តីពីគម្រោងស្ថាបនាហេដ្ឋា រចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញគោលការ “ស្លឹកត្នោត វេចស្ករត្នោត” ទម្លាក់កញ្ចប់ថវិកាស្ថាបនាផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ មកដល់បច្ចុប្បន្នការស្ថាបនា ផ្លូវបេតុងសម្រេចបាន ១០០ភាគរយ ការដាក់លូអមសងខាងផ្លូវ ១០០ភាគរយ ការរៀបថ្ម ក្រានីត និងកម្រាលថ្មក្រានីតបានជាង ៥០ភាគរយ ការងារដាំដើមឈើ ៨ប្រភេទ ចំនួន ១៦.០០០ដើម អមសងខាងផ្លូវ និងការដាំផ្កាក្រដាសចំនួន ១៦.០០០គុម្ព ការរៀបចំភ្លើង បំភ្លឺសាធារណៈ គំនូសចរាចរណ៍ ការដាក់ផ្លាកសញ្ញាចរាចរណ៍ ការបំពាក់កាមេរ៉ាសុវត្ថិភាព។ គណៈកម្មការជាតិអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា កំពុងជំរុញការសាងសង់អាងប្រព្រឹត្តកម្ម ទឹកកខ្វក់ ២កន្លែង ការរៀបចំលំហនៅតាមឆ្នេរសមុទ្រ ចាប់ពីឆ្នេរអូឈើទាលទី១ ដល់ឆ្នេរ ជំទាវម៉ៅ ការរៀបចំបន្ទប់ទឹកសាធារណៈចំនួន ១៣កន្លែង នៅតាមតំបន់ឆ្នេរ ការសាង សង់រង្វង់មូល៣ គឺរង្វង់មូលព្រះសេវៈ រង្វង់មូលព្រះថោងនាងនាគ និងរង្វង់មូលសីហរាជ។ រាជរដ្ឋាភិបាលប្រើប្រាស់កញ្ចប់ថវិកា ១០០លានដុល្លារ អនុវត្តន៍គម្រោងស្ថាបនាផ្លូវចំនួន ១១ខ្សែ និងការស្តារអូប្រឡាយធម្មជាតិប្រវែង ១១.០៨៧ ម៉ែត្រ សម្រេច ៧៩ភាគរយ។

ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បាន ថ្លែងអំណរគុណឯកឧត្តមក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំ ខេត្តព្រះសីហនុ បានខិតខំបំពេញការងារកសាង និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ មានការអភិវឌ្ឍ រីកចម្រើន។ ទន្ទឹមនោះ ប្រតិភូរបស់លោក ចង់ដឹងព័ត៌មាន ស្តីពីសិទ្ធធ្វើសេចក្តី សម្រេច តាមបញ្ញត្តិ និងសេចក្តីសម្រេចខាងប្រតិបត្តិ តើចំណុចទាំងពីរនេះ យើងអនុវត្តន៍តាមច្បាប់ ដែរឬទេ ដើម្បីមានមូលដ្ឋានយកទៅជជែកនៅព្រឹទ្ធសភា។ តាមមាត្រាទី៣២ ក្រុមប្រឹក្សា ខេត្តប្រើ ប្រាស់សិទ្ធិអំណាចបញ្ញត្តិ ធ្វើដីកាស្របតាមច្បាប់ បទប្បញ្ញត្តិចែងក្នុងមាត្រាទី៣ ជំពូក២ ច្បាប់ស្ដីពីការគ្រប់គ្រងរាជធានីខេត្ត-ក្រុង ហើយរបៀបដោះស្រាយវិវាទនៅក្រុម ប្រឹក្សាខេត្ត តាមមាត្រា៨៩ ក្រុមប្រឹក្សាខេត្តចាត់វិធានការសមស្របដើម្បី ដោះស្រាយវិវាទក្នុង មូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ មាត្រា៩០ វិវាទនៅមូលដ្ឋាន គឺជាវិវាទមានលក្ខណៈ ឯកជន រវាងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត។ មាត្រា៩១ ការដោះស្រាយ វិវាទផ្អែកតាមបណ្ដឹងរបស់ភាគីណាមួយ។ មាត្រា៩២ ក្រុមប្រឹក្សា ត្រូវសម្របសម្រួលនៅ មូលដ្ឋានផ្អែកតាមការទទួលរវាងភាគីទាំងពីរ។ មាត្រា៩៣ ករណីមាន សំណូមពរ ឬការតវ៉ា នានាពីប្រជាពលរដ្ឋ ក្រុមប្រឹក្សាត្រូវពិនិត្យ និងដោះស្រាយឱ្យ បានសមស្របផ្អែកតាមច្បាប់ និងអនុក្រឹត្យ។

ដោយឡែកការងាររបស់គណៈអភិបាលខេត្ត មានចែងក្នុងមាត្រា ទី១៥៥ ច្បាប់ស្ដីពី ការគ្រប់គ្រងរាជធានី ក្រុង ស្រុក ខណ្ឌ គណៈអភិបាលខេត្ត ត្រូវផ្ដល់យោបល់ទៅក្រុមប្រឹក្សា ខេត្ត នឹងជួយក្រុមប្រឹក្សាសម្រេចមុខងារសិទ្ធិអំណាច និងភារកិច្ចស្របតាមច្បាប់។ មាត្រា ១៥៩ គណៈអភិបាលខេត្ត ត្រូវរាយការជូនក្រុមប្រឹក្សាខេត្ត ស្ដីពីសេចក្តីសម្រេចរបស់ក្រុម ប្រឹក្សា និងសកម្មភាពរបស់គណៈអភិបាលខេត្ត៕

ដោយ ងូ សុមុនី