សារព័ត៌មាន CC-TIMESពង្រីកបណ្តាញផ្សព្វផ្សាយរបស់ខ្លួន និងកម្មវិធីទូរស័ព្ទដៃ(App) ជាភាសាខ្មែរ ដើម្បីឱ្យកម្ពុជា-ចិនស្គាល់គ្នាកាន់តែច្បាស់

AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០​ — ក្រុមហ៊ុនសារព័ត៌មាន CC-TIMES MEDIA CO.LTD បានពង្រីកប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនបន្ថែមទៀត ពីព័ត៌មានភាសាចិនពង្រីកបន្ថែមនូវគេហទំព័រព័ត៌មាន ជាភាសាខ្មែរ(ស៊ីស៊ីថាមស៍) និងឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃ(App) ដែលផ្សាយព័ត៌មានភាសាខ្មែរ ក្នុងគោលបំណងពង្រីកបន្ថែមទៀតនូវអ្នកអានរបស់ខ្លួន និងចូលរួមជំរុញបន្ថែមឱ្យប្រជាជនកម្ពុជា និងចិនស្គាល់ពីគ្នាកាន់តែច្បាស់ថែមទៀតនោះ។

លោក ផ្លុង វិចិត្រ អគ្គនាយកក្រុមហ៊ុនសារព័ត៌មានCC-TIMES MEDIA CO.LTD បានមានប្រសាសន៍ថា “ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់មួយនៅប្រទេសកម្ពុជា យើងបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីឱ្យមិត្តអ្នកអានជនជាតិចិនយល់ឱ្យច្បាស់ពីប្រទេសកម្ពុជា ហើយកន្លងមកយើងបានព្យាយាមគិតធ្វើយ៉ាងដូចម្តេច ឱ្យប្រជាជនកម្ពុជាបានស្គាល់ឱ្យកាន់តែច្បាស់ពីប្រទេសចិន”។ លោកបានបញ្ជាក់ថា ការប្រើប្រាស់ភាសាខ្មែរដើម្បីពិពណ៌នាអំពីប្រទេសចិនដ៏ពិតប្រាកដមួយទៅដល់ប្រជាជនកម្ពុជា គឺជាជំហានដំបូងដែលយើងសម្រេចនូវអ្វីដែលយើងគិតនិងចង់ធ្វើកន្លងមក។ លោកបានបញ្ជាក់បន្ថែមថា “យើងបង្កើតប្រព័ន្ធផ្សព្វ​ផ្សាយជាភាសាខ្មែរ មិនត្រឹមតែដើម្បីផ្សព្វផ្សាយរឿងរ៉ាវរបស់ប្រទេសកម្ពុជាទាំងតូចទាំងធំប៉ុណ្ណោះទេ គឺសង្ឃឹមថាប្រជាជនកម្ពុជាកាន់តែច្រើននឹងមានការយល់ដឹងកាន់តែស៊ីជម្រៅ អំពីការចូលរួមវិភាគទានរបស់សហគមន៍ចិននៅកម្ពុជាក្នុងការជំរុញសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាតិ”។ លោកបានបន្ដថា អ្វីដែលកាន់តែសំខាន់ទៀតនោះ យើងចូលរួមជំរុញបន្ថែម  ឱ្យប្រជាជនកម្ពុជា និងចិនស្គាល់ពីគ្នាឱ្យកាន់តែច្បាស់។ លោកបានសង្កត់ធ្ងន់ថា “ បេសកកម្មរបស់សារព័ត៌មាន CC-TIMES គឺធ្វើឱ្យប្រជាជនចិនមើលឃើញច្បាស់ពីកម្ពុជា និងធ្វើឱ្យប្រជាជនកម្ពុជាយល់ច្បាស់ពីប្រទេសចិន” ។

គួរបញ្ជាក់ដែរថា គេហទំព័រព័ត៌មានភាសាចិន(www.cc-times.com)ត្រូវបានបង្កើតឡើងជាផ្លូវការនៅខែមករា ឆ្នាំ ២០១៨ ជាប្រព័ន្ធផ្សព្វផ្សាយជាភាសាចិនលើអ៊ីនធឺណិតតែមួយគត់ដែលត្រូវបានបង្កើតឡើង។ តាមរយៈប្រព័ន្ធផ្សព្វផ្សាយថ្មីៗ បានផ្តល់នូវព័ត៌មានពិត ព័ត៌​មានទាន់ពេលវេលា លម្អិត និងស៊ីជម្រៅ។ ទន្ទឹមនេះ អតិថិជននិងអ្នកមើលរបស់គេហទំព័រព័ត៌មានភាសាចិន រួមមានអ្នកវិនិយោគចិន អនិកជនចិន ជនបរទេសនៅកម្ពុជា ក៏ដូចជាអ្នកអានមកពីចិនដីគោក តៃវ៉ាន់ ហុងកុង ម៉ាកាវ ម៉ាឡេស៊ី និងសិង្ហបុរីជាដើម។ បើមកដល់បច្ចុបប្បនេះគេហទំព័រព័ត៌មានភាសាចិន(www.cc-times.com)ជាប្រព័ន្ធផ្សព្វផ្សាយភាសាចិនដែលផ្សាយព័ត៌មានលឿនបំផុតនៅកម្ពុជា។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនសារព័ត៌មាន CC-TIMES MEDIA CO.LTD មានប្រព័ន្ធផ្សព្វផ្សាយជាច្រើនដូចជា កាសែតភាសាចិន(សារព័ត៌មានពាណិជ្ចកម្ម) ដែលជាសារព័ត៌មានភាសាចិនវ័យចំណាស់ជាងគេនៅកម្ពុជា រហូតមកដល់ពេលនេះមានអាយុកាល២៧ឆ្នាំហើយ គេហទំព័រព័ត៌មានភាសាចិន (www.cc-times.com) គេហទំព័រព័ត៌មានជាភាសាខ្មែរ (kh.cc-times.com) App ព័ត៌មានភាសាខ្មែរ និងAppព័ត៌មានភាសាចិន  ព័ត៌មានភាសាចិនផ្សាយតាមបណ្តាញ WeChat ហើយបានបោះពុម្ភផ្សាយទស្សនាវដ្តីសេដ្ឋកិច្ចប្រចាំខែជាភាសាចិន តែមួយគត់នៅកម្ពុជា៕

ដោយ ជឹម ណារី