មន្ត្រីវ័យក្មេង ត្រូវបង្កើនសមត្ថភាពឱ្យពូកែលើសមរភូមិសាធារណមតិ និងការតស៊ូមតិ

AKP កំពត ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០–

មន្ត្រីវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជា ត្រូវតែខិតខំពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ ជាពិសេសត្រូវដុសខាត់ទស្សនៈ ស្មារតីឱ្យបានស្រួចស្រាវ និងពូកែនៅលើសមរភូមិសាធារណមតិ និងការតស៊ូមតិជាមួយក្រុមប្រឆាំង ដើម្បីរក្សាកិត្តិយសបក្ស និងរក្សាប្រយោជន៍រួមជូនដល់ប្រជាពលរដ្ឋ។

ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាល អប់រំនយោបាយវគ្គទី៨ ជូនដល់ថ្នាក់ដឹកនាំគណបក្សថ្នាក់ខេត្ត មកពីតាមបណ្ដាមន្ទីរ អង្គភាព សរុបចំនួន៥០នាក់ នាថ្ងៃ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០ នៅមន្ទីរគណបក្សខេត្តកំពត ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត បានមានប្រសាសន៍ថា ដើម្បីឱ្យខ្លួនក្លាយជាកម្លាំងពិត មានការឯកភាពគ្នា ខាងការយល់ដឹងទស្សនៈ សតិអារម្មណ៍ និងមានលទ្ធភាពជួយពង្រឹង ការងារគណបក្សនៅតាមបណ្ដាថ្នាក់ និងបណ្ដាផ្នែក ជាពិសេសការចូលរួមលើសមរភូមិសាធារណមតិដ៏ស្រួចស្រាវ នាពេលបច្ចុប្បន្ន ក៏ដូចជាការពង្រឹងលទ្ធភាពបន្តវេននៅពេលអនាគត ថ្នាក់ដឹកនាំបក្សបានបើកវគ្គបណ្តុះបណ្តាលជាច្រើនលើក ក្នុងបំណងដើម្បីពង្រឹងជួរ មន្ត្រីគណបក្ស និងមន្ត្រីវ័យក្មេងបក្ស ដែលកំពុងបំពេញតួនាទី ក្នុងអង្គការចាត់តាំងគណបក្ស និងអង្គការរដ្ឋ អង្គការយុវជនគណបក្ស នៅថ្នាក់ខេត្ត មន្ទីរអង្គភាពផ្សេងៗ ឱ្យមានការយល់ដឹងកាន់តែច្បាស់ថែមទៀត អំពីទស្សនៈ និងការតស៊ូមតិ ជាមួយក្រុមប្រឆាំង ដែលបច្ចុប្បន្នពួកគេនៅតែចិញ្ចឹមចិត្តផ្ដួលរំលំគណបក្សប្រជាជន ដោយគ្មានទីបញ្ចប់នោះ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា ការតស៊ូ ដំណាក់កាលថ្មីនេះ មន្ត្រីគណបក្សគ្រប់រូប ពិសេសមន្ត្រីវ័យក្មេង ត្រូវខិតខំពង្រឹងសមត្ថភាពខ្លួនឱ្យស័ក្តិសមជាមន្ត្រីល្អរបស់គណបក្ស ដោយបង្ហាញឱ្យឃើញពីស្មារតី ស្នេហាជាតិ មាតុភូមិ និងប្រជាជនពិតប្រាក និងត្រូវខិតខំឈ្វេងយល់ ដោះស្រាយសំណូមពរ បញ្ហា និងការលំបាករបស់ប្រជាជន ដូចពាក្យស្លោកថា “គណបក្សប្រជាជនកម្ពុជា ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ”៕ ដោយប្រាក់ លាង (ផ្សាយដោយ៖ កន ចំណាន)